កម្ពុជា​និង​វៀតណាម​​​ព្រមព្រៀងគ្នា​​ចុះហត្ថលេខា​​លើ​ឯកសារ​សំខាន់ៗ​៦​

07-12-2018 3:53 pm
  ស្តាប់
ស្តាប់ជាសំឡេង

​កម្ពុជា និង​វៀតណាម ប្រទេស​ទាំងពីរ បាន​ព្រមព្រៀងគ្នា​លើ​អនុស្សារណៈ និង​កិច្ចព្រមព្រៀង​សំខាន់ៗ​ចំនួន​៦ ដែល​បាន​ចុះហត្ថលេខា​រួចរាល់ ក្នុងជំនួប​រវាង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន ជាមួយនិង​នាយករដ្ឋមន្ត្រី​វៀតណាម ង្វៀន សួន​ហ្វ៊ុក​។

​បន្ទាប់ពី​ពិធី​បដិសណ្ឋារកិច្ច​ផ្លូវការ​រួចមក នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​នាយករដ្ឋមន្ត្រី​វៀតណាម​លោក​ង្វៀន សួន​ហ្វ៊ុក បាន​អញ្ជើញ​ប្រជុំពិភាក្សា​ចង្អៀត​មួយ​ទល់​មួយ និង​កិច្ចប្រជុំ​កំពូល​ទ្វេភាគី​ចំណាយពេល​ជាង​២​ម៉ោង រហូតដល់​មានការ​ព្រមព្រៀងគ្នា​លើ​អនុស្សារណៈ និង​កិច្ចព្រមព្រៀង​សំខាន់ៗ​ចំនួន​៦​។ 

​កិច្ចព្រមព្រៀង​សំខាន់ៗ​ចំនួន​៦​នោះ រួមមាន​៖

១. អនុស្សារណៈ នៃ​ការយោគយល់​គ្នា ស្តីពី​យុទ្ធ​សហប្រតិបត្តិការ​លើ​វិស័យ​ដឹកជញ្ជូន សម្រាប់​រយៈពេល​៧​ឆ្នាំ​ពី​ឆ្នាំ​២០១៨-២០២៥​។​

២. វិសោធនកម្ម​ពិធីសារ (​ឆ្នាំ​២០០៥) សម្រាប់​ការអនុវត្ត​កិច្ចព្រមព្រៀង​នៃ​ការដឹកជញ្ជូន​តាមផ្លូវ​គោក (​ឆ្នាំ​១៩៩៨)

៣. វិសោធនកម្ម កិច្ចព្រមព្រៀង​ស្តីពី​ការដឹកជញ្ជូន​ផ្លូវទឹក​(២០០៩)

៤. កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តាម​ព្រំដែន​កម្ពុជា​-​វៀតណាម​

៥. កិច្ចសម្របសម្រួល​ជំរុញ​ពាណិជ​កម្ម​ទ្វេភាគី​កម្ពុជា​-​វៀតណាម សម្រាប់​ឆ្នាំ​២០១៨-២០១៩ ស្តីពី​ការអនុគ្រោះ​លើ​ពន្ធ​បន្ទាត់​ពន្ធគយ​ឲ្យ​គ្នា​ទៅវិញទៅមក​

​និង​៦. កិច្ចព្រមព្រៀង​ស្តីពី​ការទប់ស្កាត់​ការជួញដូរ ការជីក​កកាយ​ដោយ​ខុសច្បាប់ និង​ការនាំ​ត្រឡប់មកវិញ នូវ​សម្បត្តិ​បេតិកភណ្ឌ នៃ​ប្រទេស​ទាំងពីរ​កម្ពុជា វៀតណាម​។​

​សូមបញ្ជាក់ថា លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន បានចាប់ផ្តើម​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុង​ហាណូយ សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​នៅពេលនេះ គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ពិសេស​ការខិតខំ​រួមគ្នា ក្នុង​ការជំរុញ​កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខ​តាម​ព្រំដែន និង​កិច្ចសហប្រតិបត្តិកា​រដ​ទៃទៀត ដែល​ភាគី​ទាំងពីរ​ធ្លាប់​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា កាលពី​ពេលកន្លងមក ឲ្យ​កាន់​តែមាន​ភាពប្រសើរឡើង​ថែមទៀត​៕

ព័ត៌មានផ្សេងទៀត