បារាំង​​ដាក់​កម្លាំង​​សន្ដិសុខ​​៨៩,០០០​​នាក់​​ត្រៀម​ទប់ទល់​​បាតុកម្ម​​គ្រោង​​ធ្វើ​ជាថ្មី​

07-12-2018 1:38 pm
  ស្តាប់
កម្លាំងសន្ដិសុខប្រចាំការនៅ​Eiffel Tower
ស្តាប់ជាសំឡេង

​ស្ថានភាព​សន្ដិសុខ​នៅ​ក្នុងប្រទេស​បារាំង មិនទាន់រួច​ផុតពី​ការគំរាមកំហែង​ដោយសារ​ការតវ៉ា​របស់​ប្រជាជន​ឡើយ​។ ដោយ​បារម្ភ​ពី​សុវត្ថិភាព នាយករដ្ឋមន្ដ្រី​បារាំង​លោក​Edouard Philippe បាន​និយាយថា មន្ដ្រី​សន្ដិសុខ​៨៩,០០០​នាក់ នឹងត្រូវ​ដាក់ពង្រាយ​នៅ​ទូទាំងប្រទេស មុន​ការតវ៉ា​គ្រោង​រៀបចំឡើង​ជាថ្មី​នៅ​ចុង​សប្ដាហ៍​នេះ​។ បាតុកម្ម​ឈានដល់​ហិង្សា​កាលពី​សប្ដាហ៍​មុន បាន​គំរាមកំហែង​យ៉ាងខ្លាំង​ដល់​ស្ថានភាព​សន្ដិសុខ​ក្នុងប្រទេស​បារាំង​។ 

​ចុង​សប្ដាហ៍​មុន​ប្រជាជន​បារាំង​រាប់ពាន់នាក់​ពាក់​អាវកាក់​ពណ៌​លឿង បាននាំគ្នា​តវ៉ា​ប្រឆាំងនឹង​គោលនយោបាយ​ដំឡើង​ពន្ធ​ប្រេង​។ ពួកគេ​ថា​គោលនយោបាយ​នេះ ធ្វើឲ្យ​តម្លៃប្រេង​ឡើងថ្លៃ ហើយ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគេ​។ ការតវ៉ា​បង្ក​ជា​ការប៉ះទង្គិច​របួស​ម​នុស្ស​ជាង​១០០​នាក់ និង​ចាប់ខ្លួន​ជាច្រើន​រយ​នាក់​ទៀត​។ ភាពចម្រូងចម្រាស​កើតឡើង​ខ្លាំងពេក ទីបំផុត​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​Emmanuel Macron សម្រេច​បោះបង់ចោល​ផែនការ​ដំឡើង​ពន្ធ​ប្រេង​ក្នុង​ឆ្នាំ​២០១៩​។ តាមពិត​គោលនយោបាយ​នេះ ជា​កិច្ចខិតខំ​ប្រឹងប្រែង​អនុវត្ដ​តាម​កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ ដែល​ចុះ​ក្នុង​ទីក្រុង​ប៉ារីស​កាលពី​ឆ្នាំ​២០១៥​ប៉ុណ្ណោះ ដើម្បី​ទប់ស្កាត់​ការឡើង​កម្ដៅ​ពិភពលោក​។ 

​ប្រជាជន​បារាំង​មិនទាន់​ពេញចិត្ដ​នឹង​អ្វីដែល​រដ្ឋាភិបា​លោក​Macron​ធ្វើ​ទេ ពួកគេ​បាន​បន្ដ​អំពាវនាវ​ឲ្យចូល​រួម​ធ្វើបាតុកម្ម​ទៀត​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​។ ការតវ៉ា​គ្រោង​ធ្វើ​ជាថ្មី លោក​នាយករដ្ឋមន្ដ្រី​បាន​ព្រមាន​ថា រដ្ឋាភិបាល​អាច​នឹង​ប្រឈមមុខ​ជាមួយ​ក្រុមបាតុក​រ ព្រោះ​ពួកគេ​មិន​ត្រឹម​តវ៉ា​ធម្មតា ប៉ុន្ដែ​មានបំណង​បង្ក​ការខូចខាត​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ​។ មន្ដ្រី​សន្ដិសុខ​៨​ពាន់​នាក់​នឹងត្រូវ​ដាក់ពង្រាយ​ក្នុង​ទី​ក្រុងប៉ារីស កើនឡើង​ច្រើនជាង​កាលពី​សប្ដាហ៍​មុន​។ 

​ក្រៅពីនេះ​អាជ្ញាធរ​ក៏បាន​ស្នើសុំ​ឲ្យ​ម្ចាស់ហាង សារមន្ទីរ​និង​ស្ថាប័ន​វប្បធម៌​មួយចំនួនទៀត ដែល​នៅ​ជិត​មហា​វិធី​Champs-Elysees ត្រូវ​បិទទ្វារ​បណ្ដោះអាសន្ន​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​។ ការដើរ​កម្សាន្ដ​នៅ​បរិវេណ​Eiffel Tower​ក៏ត្រូវ​បិទ​ផងដែរ បញ្ចៀស​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ជាយថាហេតុ នៅពេល​មាន​ការតវ៉ា​កើតឡើង​៕

ព័ត៌មានផ្សេងទៀត