កម្ពុជា​-​ឡាវ​ដាក់ចេញ ៧​ចំណុច​ដើម្បី​ត្រួតពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៩

07-12-2018 11:12 am
  ស្តាប់
រូបភាពពីសារព័ត៌មានCEN
ស្តាប់ជាសំឡេង

​ដើម្បី​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន ក្នុងការ​កសាងបាន​នូវ​សន្តិសុខ​សហគមន៍​ប្រឆាំងនឹង​គ្រឿងញៀន​ខុសច្បាប់​ពី​ឆ្នាំ​២០១៦-២០២៥ កម្ពុជា​-​ឡាវ​បាន​ដាក់ចេញ​នូវ​ទិសដៅ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៩​ចំនួន ៧​ចំណុច​។​

ចំណុច​សំខាន់​ទាំង ៧​ចំណុច​សម្រាប់​កិច្ចសហប្រតិបត្តិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​ឆ្នាំ​២០១៩​នោះ​រួមមាន​៖

១.​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្លាស់​ប្តូរ​ព័ត៌មាន ឯកភាពគ្នា​ឱ្យមាន​ការលើកកម្ពស់​កិច្ចសហប្រតិបត្តិការ ចែករំលែក​ព័ត៌មាន​ឱ្យ​គ្នា​ទៅវិញទៅមក រវាង​អាជ្ញាធរ​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ នៃ​ប្រទេស​ទាំង​ពីរ ពាក់ព័ន្ធ​នឹង​ករណី​ផលិត ដាំ​ដុះ ចរាចរ និង​ការប្រើប្រាស់​គ្រឿងញៀន​

២.​ពង្រឹង​ការអនុវត្ត​ច្បាប់​តាម​ព្រំដែន ដោយ​ផ្អែក​ទៅលើ​ច្បាប់ បទបញ្ញត្តិ​នៃ​ច្បាប់​គ្រឿងញៀន គាំទ្រ​ដល់​ការស៊ើបអង្កេត​ករណី​ពាក់ព័ន្ធ​និង​គ្រឿងញៀន ធានា​បាន​ដល់​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​ដោយ​រៀបចំ​កិច្ចប្រជុំ​ឱ្យបាន​ទៀងទាត់​ទាំង​ថ្នាក់​ស្រុក និង​ថ្នាក់​ខេត្ត តាម​ការប្តូរ​វេន 

៣.​ពង្រឹង​សមត្ថភាព​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន BLO នៅតាម​ខេត្ត​ជាប់​ព្រំដែន​ដើម្បី​បង្កើន កិច្ចសហប្រតិបត្តិការ​គ្នា ធ្វើការ​ចែករំលែក​បទ​ពិសោធន៍ ក៍​ដូចជា ការស្វែងរក​ការគាំទ្រ​ជា​សម្ភារៈ និង ការបណ្តុះបណ្តាល​ពី​ដៃគូ​អភិវឌ្ឍន៍​នានា​

៤.​បង្កើត​ភូមិ​-​ឃុំ និង​សាលារៀន​គ្មាន​គ្រឿងញៀន​នៅតាម​ព្រំដែន គាំទ្រ​គំនិត​ផ្តួចផ្តើម​ក្នុង​ការបង្កើត​ភូមិ​-​ឃុំ និង​សាលារៀន​គ្មាន គ្រឿងញៀន​នៅ​តាម​តំបន់​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ ក្នុងនោះ​ត្រូវ​ណែនាំ​ដល់​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន ឱ្យ​យកចិត្តទុកដាក់​អនុវត្តន៍​តាម​គំនិត​ផ្តួចផ្តើម​នេះ ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់ និង​បំផុស​ឲ្យមាន​ការចូលរួម​ពី​ប្រជាព​លរ​ដ្ឋ​នៅ​មូលដ្ឋាន​

៥.​រៀបចំ​ឲ្យមាន​ការផ្លាស់ប្តូរ​គណៈប្រតិភូ​ប្រចាំឆ្នាំ​២០១៩ ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​បទពិសោធ​ន៍ លើ​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​

៦.​ពង្រឹង​ការយល់ដឹង​ពី​គ្រឿងញៀន ដោយ​លើកកម្ពស់​ជីវភាព​ប្រជាជន​ប្រទេស​ទាំង​ពីរ ដែល​រស់នៅ​តាម​បណ្តោយ​ព្រំដែន និង​ផ្សព្វផ្សាយ​បង្កើន​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​ពី​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន និង​គ្រោះថ្នាក់​ដែល​បង្កឡើង​ដោយ​គ្រឿងញៀន​

៧.​ឯកភាព​គាំទ្រ​គម្រោង​សុវត្ថិភាព​ទន្លេមេគង្គ ដើម្បី​ទប់ស្កាត់​ការ​ចរាចរ​គ្រឿងញៀន និង​សារធាតុ​គីមី​ផ្សំ​ចូលក្នុង​តំបន់​ផលិត​។​

​សូម​បញ្ជាក់​ដែរ​ថា​ការដាក់ចេញ​នូវ​ទិសដៅ​សម្រាប់​កិច្ចសហប្រតិបត្តិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន ឆ្នាំ​២០១៩ រវាង​កម្ពុជា និង​ឡាវ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី​រវាង​លោក​ជួន សុវណ្ណ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​លោក​ស៊ុម​វ៉ាន់ ថា​ម​ម៉ា​សិទ្ធ អនុរដ្ឋមន្ត្រី​នៃ​ក្រសួង​សន្តិសុខ​ធា​រណៈ និង​ស្នងការ​ត្រួតពិនិត្យ​គ្រឿងញៀន និង​គ្រប់គ្រង​គ្រឿងញៀន​កាលពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ​នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ ៕

ព័ត៌មានផ្សេងទៀត