ប្រមុខ​ទូត​អឺរ៉ុប​​នៅ​កម្ពុជា​​សាទរ​រដ្ឋាភិបាល​​ដែល​ប្រកាស​​សម្រួល​ស្ថានការណ៍​​នយោបាយ​​ឡើងវិញ​​

07-12-2018 11:00 am
  ស្តាប់
លោក​ចក អេ​ហ្គា (George Edgar)​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា (រូបឈរ)
ស្តាប់ជាសំឡេង

​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា លោក​ចក អេ​ហ្គា (George Edgar) បានប្រកាស​គាំទ្រ ជំហរ​រដ្ឋាភិបាល​កម្ពុ​ជា ក្នុង​ការបើក​សិទ្ធិ​ឱ្យ​អតីត​ថ្នាក់ដឹកនាំ CNRP ធ្វើ​នយោបាយ​ឡើងវិញ និង​សម្រួល​ស្ថានការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ អង្គការ​សង្គម​ស៊ីវិល និង​សហជីព​នាពេលនេះ គឺជា​សញ្ញា​មួយ​វិជ្ជមាន​។ ការប្រកាស​បែបនេះ គឺ​ក្នុងពេលដែល​លោក​ដឹកនាំ​អ្នកសារព័ត៌មាន ទៅធ្វើ​ទស្សនកិច្ច នៅក្នុង​ក្រុមហ៊ុន​ចំនួន​៤ ដែល​វិនិយោគ​ដោយ​វិនិយោគិន​អឺរ៉ុប នៅលើ​ទឹកដី​ខេត្តសៀមរាប កាលពី​ថ្ងៃទី​០៤ ធ្នូ ឆ្នាំ​២០១៨​។​

​លោក George Edgar បាន​ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន​ថា សហភាព​អឺរ៉ុប បានកត់សម្គាល់​រួចហើយ​នូវ​អ្វី​ដែលជា​សេចក្តីថ្លែងការណ៍​របស់ រដ្ឋាភិបាល​កម្ពុជា និង​សេចក្តីប្រកាស​របស់​រដ្ឋ​សភា ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ផ្តល់​បុព្វសិទ្ធិ​ដល់​ព្រះមហាក្សត្រ តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី អាច​ដក​បម្រាម​ចេញពី​អ្នកនយោបាយ​ណា ដែល​ត្រូវ​តុលាការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​។​

​លោក​ថា «​នេះ​ជាការ​បោះជំហាន​ប្រកបដោយ​ភាព​វិជ្ជមាន​មួយ ពីព្រោះ​ការព្រួយបារម្ភ​ដែល​កើតឡើង​នៅពេលដែល​ច្បាប់ ស្តីពី​គណបក្សនយោបាយ​ត្រូវធ្វើ​វិសោធនកម្ម នោះ​គឺ​ពុំមាន​បញ្ញត្តិ​ណាមួយ​ដែល​និយាយ​អំពី នីតិវិធី​ប្តឹងតវ៉ា​បន្ទាប់ពី​បុគ្គល​ណា​ម្នាក់ ឬ​អ្នកនយោបាយ​ទទួលបាន​បម្រាម ក្នុង​ការធ្វើ​នយោបាយ​»​។​

​តែ​យ៉ាងណា ក្រុម​ប្រឆាំង និង​ក្រុមអ្នកវិភាគ​ខ្លះ នៅ​មិនទាន់មាន​សុទិដ្ឋិនិយម ចំពោះ​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល នេះ នៅឡើយ​ទេ​។ លោក សម រង្ស៊ី ប្រធានស្ដីទី នៃ​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែងថា របប​លោក​ហ៊ុន សែន វិសោធនកម្ម​ច្បាប់​ស្ដីពី​គណបក្សនយោបាយ យ៉ាង​ប្រញាប់ប្រញាល់​បែបនេះ គឺជា​យុទ្ធសាស្ត្រ ដើម្បី​បំបែកបំបាក់​សម្ព័ន្ធ​រវាង​លោក និង​លោក កឹម សុខា តែប៉ុណ្ណោះ​។​

​លោក ថា​ដើម្បី​បង្ហាញ​ឲ្យ​កាន់តែច្បាស់​ថា រដ្ឋាភិបាល​របស់លោក​ហ៊ុន សែន ពិតជា​ចង់​លើកស្ទួយ​សិទ្ធិសេរីភាព និង​ប្រជាធិបតេយ្យ​មែន​នោះ លោក​ទាមទារ​ឲ្យ ដោះលែង​លោក សុខា ឲ្យមាន​សេរីភាព​ជាមុនសិន មុនពេល​តំណាងរាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា អនុម័ត​លើ​វិសោធនកម្ម​ច្បាប់​នេះ​។​

​តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​សរសេរ​នៅក្នុង​ប្រព័ន្ធ​តេ​ឡេ​ហ្គ្រា​ម (Telegram) ថា រដ្ឋាភិបាល​កម្ពុជា ចង់​ដោះស្រាយ​រាល់​បញ្ហា​នានា ដែល​បាន​កើតឡើង​នៅក្នុង​សង្គម​កម្ពុជា ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​អនុវត្ត​នយោបាយ​បង្រួបបង្រួម​ជាតិ​។ លោក សោកស្ដាយ ដែល​ជន​មួយចំនួន​មើលមិនឃើញ​ពី​បំណងល្អ​របស់​រដ្ឋាភិបាល​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​០៣ ធ្នូ ឆ្នាំ​២០១៨ រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តីថ្លែងការណ៍​សំខាន់​មួយ ក្នុង​គោលបំណង​សម្រួល​ដល់​ស្ថានការណ៍​អ្នកនយោបាយ​ក្រុមប្រឆាំង ដែល​ត្រូវ​តុលាការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​កន្លងទៅ ក៏ដូចជា​សម្រួល​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​នៅ​កម្ពុជា ដូចជា វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) វិទ្យុ​អាស៊ីសេរី (RFA) បើក​ការិយាល័យ​នៅក្នុង​ប្រទេស​កម្ពុជា​, អង្គការ​សង្គម​ស៊ីវិល និង​សហជីព​ជាដើម​។​

​លោក George Edgar បញ្ជាក់ថា ស្ថានភាព​អង្គការ​សង្គម​ស៊ីវិល គឺជា​អ្វីដែល​ជា​ការព្រួយបារម្ភ​របស់​អឺរ៉ុប បញ្ហា​មួយទៀត គឺពាក់ព័ន្ធ​នឹង​សហជីព និង​ការអនុវត្ត​ច្បាប់​សហជីព​នេះ​៕

ព័ត៌មានផ្សេងទៀត