លោកហ៊ុន សែន ​​ជំរុញ​​ឱ្យ​អ្នកវិនិយោគ​​វៀតណាម​​មក​វិនិយោគ​​នៅ​កម្ពុជា​​

07-12-2018 10:46 am
  ស្តាប់
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។រូបពី Samdech Hun Sen, Cambodian Prime Minister
ស្តាប់ជាសំឡេង

​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​អ្នកវិនិយោគ​វៀតណាម​ដែល​មិនទាន់​មក​កម្ពុជា​ឱ្យមក​សិក្សា​ស្វែងយល់​ពី​សក្ដា​-​នុព​ល និង ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​។ ការជំរុញ​យ៉ាង​ដូច្នេះ ធ្វើឡើង​ក្នុងពេល​លោក​អញ្ជើញ​ចូលរួម​វេទិកា​ធុរកិច្ច​វៀតណាម​-​កម្ពុជា ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ទីក្រុង​ហាណូយ នៅ​ល្ងាច​ថ្ងៃទី​០៦ ខែ​ធ្នូ​។​

​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់ថា ក្នុងនាម​រាជរដ្ឋាភិបាល លោក​សូម​ធានា​ជូន​អ្នកវិនិយោគ​គ្រប់រូប ក្នុង​ការរៀបចំ​បរិស្ថាន​ប្រកបដោយ​ភាព​អំណោយផល ជាពិសេស គឺ​បញ្ហា​សន្តិភាព សន្តិសុខ និង ស្ថិរភាព​នយោបាយ ក៏ដូចជា​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ក្របខណ្ឌ​ច្បាប់ និង ស្ថាប័ន​ដែល​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព​។​

​ក្នុងនោះ​លោក​នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​គូស​បង្ហាញ​អំពី​សក្តានុពល និង​ឧត្តមភាព​នៃ​ការវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ដោយមាន​ចំណុច​សំខាន់ៗ​ចំនួន​៦ សម្រាប់​អ្នកវិនិយោគ​វៀតណាម​ចាប់យក​ឱកាស​វិនិយោគ​ដោយ​ក្នុងនោះ​មានដូចជា​៖ វិស័យ​ឧស្សាហកម្ម សហគ្រាស​ធុន​តូច និង មធ្យម ការផលិត​កម្មក​សិ​-​ឧស្សាហកម្ម វិស័យ​ឧស្សាហកម្ម​គាំទ្រ​ពាក់ព័ន្ធ នឹង​វិស័យ​កសិកម្ម ទេសចរណ៍ និង កាត់ដេរ ព្រមទាំង​ឧស្សាហកម្ម បម្រើឱ្យ​ខ្សែចង្វាក់​ផលិតកម្ម​តំបន់ ដែលជា​ឧស្សាហកម្ម​ត​ភ្ជាប់​ទៅ​ទីផ្សារ ឬ​ខ្សែចង្វាក់​តម្លៃ​សកល​ជាដើម​។​

ពាណិជ្ជកម្ម​សរុបរ​វា​ង​កម្ពុជា និង​វៀតណាម ក្នុង​ឆ្នាំ​២០១៧ សម្រេចបាន​ចំនួន​ប្រមាណ ២,១៣​ពាន់​លាន​ដុល្លារ​អាមេរិក កើនឡើង​ប្រមាណ ៣០​ភាគរយ ធៀប​នឹង​ឆ្នាំ​២០១៦​។ ការនាំចេញ​ពី​កម្ពុជា​ទៅ​វៀត​នៅមាន​ទំហំ​តូច​នៅឡើយ​។​ជាក់ស្តែង ការនាំចេញ​របស់​កម្ពុ​ជា​ទៅ​ប្រទេស​វៀតណាម​ក្នុង​ឆ្នាំ ២០១៧ មាន​ចំនួន ៣៤២ លាន​ដុល្លារ​អាមេរិក ធៀប​នឹង​ការនាំ​ចូល​របស់​កម្ពុជា​ពី​វៀតណាម ក្នុង​ឆ្នាំ ២០១៧ មាន​ចំនួន​ប្រមាណ ១,៨ ពាន់​លាន​ដុល្លារ​អាមេរិក​។​

​ប៉ុន្តែ​យ៉ាងណា សម្រាប់​សេដ្ឋកិច្ចកម្ពុជា​ក្នុង​ឆ្នាំ ២០១៨​នេះ លោក​ប៉ាន់ស្មាន​ថា នឹងមាន​កំណើន​ក្នុង​អត្រា ៧,៣​ភាគរយ ហើយ​សម្រាប់​រយៈពេល​មធ្យម​ខាងមុខ កម្ពុជា​អាច​រក្សាបាន​អត្រាកំណើន​ប្រមាណ ៧​ភាគរយ​ក្នុង​មួយឆ្នាំ​។ កំណើនសេដ្ឋកិច្ច​ខ្ពស់​នេះ លោក​ថា​បាន​ជំរុញ​ឱ្យ​កម្ពុជា សម្រេចបាន​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ ២០១៥ និង ស្ថិតនៅលើ​គន្លង​នៃ​ការឈាន​ទៅ​សម្រេចបាន​នូវ​ឋានៈ​នៃ​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅត្រឹម​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ ២០៥០៕

ព័ត៌មានផ្សេងទៀត