សង្គម​ស៊ីវិល​ចង់​ឃើញ​ថវិកាជាតិ មាន​ការកើនឡើង​ទៅលើ​វិស័យ​៤

06-12-2018 4:49 pm
  ស្តាប់
ស្តាប់ជាសំឡេង

​លោក តឹក វណ្ណា​រ៉ា នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា បាន​បញ្ជាក់​ឱ្យដឹងថា លោក​ចង់​ឃើញ​រាជរដ្ឋាភិបាល បង្កើន​ថវិកាជាតិ​លើ​វិស័យ​សំខាន់​ចំនួន​៤​នៅ​កម្ពុជា ក្នុងនោះ​រួមមាន វិស័យ​អប់រំ វិស័យ​សុខាភិបាល វិស័យ​កសិកម្ម​បរិស្ថាន​ធនធានធម្មជាតិ និង​ថវិកា​ថ្នាក់ក្រោម​ជាតិ ។ 

​លោក​លើកឡើង​បែប​នេះ នៅក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​ធ្វើ​ឡើង​ក្រោម​ប្រធានបទ ការស្វែងយល់​អំពី​ការរៀបចំ​ថវិកា​ឆ្នាំ​២០១៩ ដែល​មាន​ការចូលរួម ពី​តំណាង​នៃ​ក្រសួង​សេដ្ឋកិច្ច ក្រសួង​អប់រំ​យុវជន ក្រសួងមហាផ្ទៃ ក្រសួង​សុខាភិបាល នា​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ​២០១៨ ។ 

​លោក​បន្ថែមថា លោក​ចង់​ឃើញ​វិស័យនេះ មាន​ការរីកចម្រើន ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ ការធ្វើកំណែទម្រង់​ឱ្យ​កាន់តែ​ល្អប្រសើរ ដែល​អាច​ប្រកួតប្រជែង​ទាំង​ថ្នាក់​តំបន់ និង​ថ្នាក់​អន្តរជាតិ ។ ក្នុងនោះ​សេវា​ថ្នាក់ក្រោម​ជាតិ​នឹង​បង្កលក្ខណៈ​ងាយស្រួល​ដល់​អ្នកប្រើប្រាស់​សេវា ហើយ​មូលហេតុ​ដែល​យើង​ចង់ឱ្យ​វិស័យ​ទាំង​៤​មាន​ការកើនឡើង ក្រោយពី​មាន​ការសិក្សា​ស្រាវជ្រាវ ផ្អែក​ទៅលើ​ទិដ្ឋភាព​ទាំងមូល​នៃ​ថវិកាជាតិ នៅ​ឆ្នាំ​២០១៧-២០១៨ ។​

​លោក តឹក វណ្ណា​រ៉ា ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា សព្វថ្ងៃនេះ​ការយល់ដឹង​របស់​ពល​រដ្ឋ ពី​ថវិកាជាតិ​នៅ​មាន​កម្រិត​នៅឡើយ ដោយសារ​តែ​ការផ្សព្វផ្សាយ​ពី​ការប្រើប្រាស់​ថវិកាជាតិ នៅ​មិនទាន់​បាន​ទូលំទូលាយ ។ 
​លោក​ក៏​បង្ហាញ​ក្តីសង្ឃឹម​ថា​រាជរដ្ឌាភិបាល នឹង​បើក​ទូលាយ​ជា​សារ​ធា​រណៈ ពី​ការ​គ្រប់​គ្រង់​ហរិញ្ញវត្ថុ ព្រោះ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការរួមចំណែក​កាន់តែ​សកម្ម​ក្នុង​រៀបចំ​ថវិកាជាតិ ។​

​គួរបញ្ជាក់​ថា បើ​តាមរយៈ​ការព្យាករណ៍ កំណើន​សេដ្ឋកិច្ច​កម្ពុជា​បន្ត​សម្រេចបាន​ក្នុង​អត្រា ៧,១% ដែល​ប្រហាក់ប្រហែល​នឹង​កំណើន​ឆ្នាំ​២០១៨  ។ ដោយ​នៅ​ក្នុង​ឆ្នាំ​២០១៩ ផលិតផល​សរុប ថ្លៃ​បច្ចុប្បន្ន​កើន​ដល់ ១០៩.៨៩៤.៩៤៩ លាន​រៀល សមមូល​នឹង​ប្រមាណ ២៧.២២២ លាន​ដុល្លារ​អាមេរិក ខណៈ​ផលិតផល​សរុប សម្រាប់​មនុស្ស​ម្នាក់​ត្រូវបាន​រំពឹង​ថា​កើនឡើង​ដល់ ១.៧០៦ ដុលារ​អាមេរិក ធៀប​នឹង ១.៥៦៣ ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ ២០១៨ ៕

ព័ត៌មានផ្សេងទៀត