អភិបាលរង​៖ បន្ទាយមានជ័យ​ជា​ខេត្ត​ទទួលរង​ឥទ្ធិពល​នៃ​ការ​ចរាចរ​គ្រឿងញៀន​ឆ្លងកាត់​

06-12-2018 4:15 pm
  ស្តាប់
ស្តាប់ជាសំឡេង

​លោក អ៊ុំ រាត្រី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍ថា ខេត្ត​បន្ទាយមានជ័យ មិនមែន​ជា​ខេត្ត​ផលិត​គ្រឿងញៀន តែ​វា​ជា​ខេត្ត​កំពុង​ទទួល​រង​នូវ​ការ​ចរាចរ​គ្រឿងញៀន​ឆ្លងកាត់ ពិសេស​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ។ ការលើកឡើង​នេះ ធ្វើឡើង​ក្នុង​ឱកាស​ដែល​លោក​ចូលរួម​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​និង​ផ្សព្វផ្សាយ​របាយការណ៍​ស្តីពី លទ្ធផល​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន​ប្រចាំឆ្នាំ​២០១៨ នៅ​សាលាខេត្ត​បន្ទាយមានជ័យ នា​ថ្ងៃ​ទី​៥ ខែ​ធ្នូ ...

​លោក អ៊ុំ រាត្រី អភិបាលរង​ខេត្ត​បន្ទាយមានជ័យ​មានប្រសាសន៍ថា បញ្ហា​គ្រឿងញៀន​ជា​បញ្ហា​សកល និង​ជា​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែល​អាច​បង្ក​អន្តរាយ​យ៉ាង​ធំធេង​ដល់​ប្រជាពលរដ្ឋ គ្រួសារ សហគមន៍ និង​សង្គមជាតិ ។​

​លោក​ថា ថ្វី​ត្បិត​តែ​ខេត្ត​បន្ទាយមានជ័យ មិនមែន​ជា​មូលដ្ឋាន​នៃ​ការផលិត​គ្រឿងញៀន តែ គឺជា​កន្លែង​ដែល​នឹង​កំពុង​ទទួល​រង​ឥទ្ធិពល នៃ​ការ​ចរាចរ​គ្រឿងញៀន​ឆ្លងកាត់​ទាំង​ក្នុង​និង​ក្រៅ​តំបន់ ដែល​បង្ក​ឱ្យមាន​បញ្ហា​ស្មុគស្មាញ​ជាច្រើន ។​

​លោក​ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ថ្លែងថា កិច្ច​ការងារ​បង្ក្រាប​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន មិនមែនជា​តួនាទី​របស់​មន្ត្រី​ជំនាញ​តែ​ម្នាក់​អាច​ធ្វើបាន​ទេ គឺ​ត្រូវ​មាន​ការចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ សហការ​បង្ក្រាប​រាល់​ប​ទ​ល្មើស​កុំឱ្យ​កើតមាន​នៅ​កម្ពុជា នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ ពិសេស​ខេត្ត​បន្ទាយមានជ័យ ។​

​លោក​អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​សង្កត់ធ្ងន់​ទៅលើ​បន្ទាត់​ព្រំដែន ដែល​ទាមទារ​ឱ្យ​សមត្ថកិច្ច​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវ​ពិនិត្យ និង​បង្ក្រាប​ឱ្យ​ខាន​តែ​បាន រាល់​បទល្មើស​នៃ​ការ​ចរាចរ​គ្រឿងញៀន ។​

​យោងតាម​របាយការណ៍​ប្រតិបត្តិការ​បង្ក្រាប​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​៩​ខែ ឆ្នាំ​២០១៨ សមត្ថកិច្ច​បាន​ចាប់​បាន​៣២៣​ករណី ឃាត់ខ្លួន​៩២១​នាក់ ក្នុងនោះ ស្រី​៦៣​នាក់ ។ 

​វត្ថុតាង​ដែល​រឹបអូស​បាន​រួម​មាន ថ្នាំញៀន​មេតំ​ហ្វេ​តា​មីនអ​ក្សរ WY ចំនួន ១.៦៣១,៤៧​ក្រាម និង​ថ្នាំញៀន​មេតំ​ហ្វេ​តា​មីនអា​យស៍ ចំនួន ៤.៤០៩,៩៦​ក្រាម​, ថ្នាំញៀន​ខេ​តា​មីន​ចំនួន ៤.៥៣៤,១១​ក្រាម និង​ថ្នាំញៀន​អ៊ិច​ស្តា​ស៊ីចំនួន ១៨៤,៦៤​ក្រាម​, កញ្ឆា​ក្រៀម​ទម្ងន់ ២.៧៣០​ដើម ស្មើនឹង​៨៥​ក្រាម រួម​នឹង​វត្ថុតាង​ជា​ថវិកា និង​សម្ភារៈ​មួយចំនួនទៀត ៕

ព័ត៌មានផ្សេងទៀត