ក្រសួងការបរទេសកម្ពុជា តាមរយៈសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ក្នុងកិច្ចគណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌូនេស៊ី កាលពីថ្ងៃទី៤ធ្នូ រវាងលោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី អ្នកទាំងពីរបានឯកភាពគ្នាឱ្យមានការពិភាក្សាពីលទ្ធភាពក្នុងការធ្វើវិសោធនកម្មនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា និងឥណ្ឌូនេស៊ី ដែលបានចុះហត្ថលេខានៅឆ្នាំ១៩៩៣ ដើម្បីរួមបញ្ជូលការវិវត្តថ្មីៗនៃពាណិជ្ជកម្មនៅក្នុងប្រទេសទាំងពីរ។
សេចក្ដីប្រកាសព័ត៌មានដដែល ក៏បានឱ្យដឹងផងដែរថា កិច្ចប្រជុំនោះក៏បានឯកភាពលើកទឹកចិត្តការវិនិយោគលើឧស្សាហកម្មថ្នាំពេទ្យ ស៊ីម៉ង់ ជីគីមី កៅស៊ូ អាហារកែឆ្នៃនិងឧស្សាហកម្មរថយន្ត។ រដ្ឋមន្ត្រីទាំងពីរបានស្វាគមន៍ការកើនឡើងការវិនិយោគរបស់ឥណ្ឌនេស៊ីនៅកម្ពុជាផងដែរ។ ដោយកត់សម្គាល់ឃើញភាពវិជ្ជមាននេះ ភាគីឥណ្ឌនេស៊ី ឯកភាពបន្តលើកទឹកចិត្តអ្នកវិនិយោគ មកវិនិយោគនៅកម្ពុជា បន្ថែមទៀត។ កិច្ចប្រជុំក៏បានឯកភាពសម្រួលការធ្វើពាណិជ្ជកម្មបន្ថែមទៀតលើផលិតផលកសិកម្ម និងពន្លឿនកិច្ចពិភាក្សាលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម។
សេចក្ដីប្រកាសព័ត៌មាននេះ ក៏បានបញ្ជាក់ថា កិច្ចប្រជុំបានជំរុញឱ្យមានការបង្កើនការតភ្ជាប់ផ្លូវអាកាស និងលើកទឹកចិត្តប្រតិបត្តិករអាកាសចរណ៍ឱ្យធ្វើប្រតិបត្តិការហោះហើរត្រង់រវាងប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូនេស៊ី។ ជាមួយគ្នានោះភាគីទាំងពីរបានលើកទឹកចិត្តស្ថាប័នពាក់ព័ន្ធ ឱ្យពិនិត្យឡើងវិញលើអនុស្សរណៈយោគយល់គ្នាស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដែលបានចុះហត្ថលេខានៅឆ្នាំ១៩៩៩ និងបានស្វាគមន៍គំនិតផ្ដួចផ្ដើមពង្រីកកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីជម្រុញទិដ្ឋភាពវប្បធម៌រវាងកម្ពុជា និងឥណ្ឌូនេស៊ី ហើយក៏បានលើកទឹកចិត្តឱ្យមានការបន្តសុពលភាពអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការវប្បធម៌ ដែលនឹងត្រូវអស់សុពលភាពនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩៕