លោក​ប៉ាន សូរ​ស័ក្តិ ស្នើឡាវ ​ជួយ​សម្រួល​​ការធ្វើ​ពាណិជ្ជកម្ម​ និង​វិនិយោគ​​ឆ្លងកាត់​ព្រំដែន​​

06-12-2018 3:08 pm
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុង​វេទិកា​ធុរកិច្ច​ឡាវ​-​កម្ពុជា ដែល​រៀបចំឡើង​នៅក្នុង​រាជធានី​វៀង​ចន្ទ កាលពី​ថ្ងៃទី​០៥ ធ្នូ រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​កម្ពុជា លោក​ប៉ាន សូរ​ស័ក្ដិ បានបង្ហាញ​នូវ​គោលនយោបាយ​បើកចំហ និង​គោលនយោបាយ​គាំពារ វិនិយោគ របស់​កម្ពុជា ដល់​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ឡាវ និង​វិស័យ​ឯកជន​នៃ​ប្រទេស​ឡាវ ដែល​លោក​ប្រាប​សម ភាគី​ឡាវ​ថា កម្ពុជា មាន​អំណោយផល​ខ្ពស់ សម្រាប់​ការវិនិយោគ​ផ្ទាល់​ពី​បរទេស អាចជួយ​អ្នក​វិនិយោគិន​បង្កើត​ប្រាក់ចំណេញ​ក្នុង​រយៈពេល​យូរអង្វែង ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​កំណើនសេដ្ឋកិច្ច​កម្ពុជា​។​

​បន្ថែម​លើ​នេះ លោក​ប៉ាន សូរ​ស័ក្តិ ក៏​បានស្នើ​ភាគី​ឡាវ ជួយ​សម្រួល​ការធ្វើ​ពាណិជ្ជកម្ម និង​វិនិយោគ​ឆ្លងកាត់​ព្រំដែន ព្រមទាំង​បាន​ជំរុញ​វិស័យ​ឯកជន​ប្រទេស​ទាំងពីរ បង្កើន​កិច្ចសហការ​ទ្វេដង ដើម្បី​ទាញយក​អត្ថប្រយោជន៍ អតិបរមា ពី​ការធ្វើសមាហរណកម្ម​ក្នុង​តំបន់ ខណៈដែល​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ឡាវ នៅមានកម្រិត​នៅឡើយ គឺ​បាន​កើនឡើង​តិចតួច ពី​ទឹកប្រាក់ ២៥,៦២​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៥ ដល់ ២៧,២៥​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៧​។​

​លោកស្រី ខែម​ម៉ា​នី ភូ​ល​សេនា (Khemmani Pholsena) រដ្ឋមន្ត្រី​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ឡាវ បាន​គាំទ្រ និង​ឯកភាព សំណើ​របស់​ភាគី​កម្ពុជា និង​បាន​សុំឲ្យ​ភាគី​កម្ពុជា ជាពិសេស​វិស័យ​ឯកជន បន្ត​ជំរុញ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ នៅក្នុង​ប្រទេស​ឡាវ ផងដែរ​។​

​សូមជម្រាបថា វេទិកា​ធុរកិច្ច​ឡាវ​-​កម្ពុជា គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ រយៈពេល​ពីរ​ថ្ងៃ របស់លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅលើ​ទឹកដី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ សន្តិសុខ​តាម​ព្រំដែន និង​វិស័យ​ដទៃទៀត ដែល​ភាគី​ទាំងពីរ​ធ្លាប់​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា នា​ពេលកន្លងមក ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​៕

ព័ត៌មានផ្សេងទៀត