កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះកិច្ចប្រជុំសភា​អាស៊ី​-​ប៉ាស៊ីហ្វិកដែលមាន​១៧​ប្រទេស​ចូលរួម​

06-12-2018 3:05 pm
កិច្ចប្រជុំ​លើក​ទី​២៦នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិកដែលរៀបចំធ្វើនៅប្រទេសវៀតណាមកាលពីខែមករាឆ្នាំ២០១៨

​រដ្ឋសភា​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​លើក​ទី​២៧ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក « The Asia Pacific Parliamentary Forum »  នៅក្នុង​ខេត្តសៀមរាប នៅ​ខែមករា​ខាងមុខនេះ​។ កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧ នៃ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​នេះ នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សុខា​សៀមរាប ក្រោម​ប្រធានបទ «​ពង្រឹង​ភាព ជា​ដៃគូ​សភា ដើម្បី​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។ លោក​ឡេង ប៉េងឡុង​អគ្គលេខាធិការដ្ឋាន​រដ្ឋ​សភា បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ពិភាក្សា ស្តីពី ការរៀបចំ និង​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​២៧ នៃ​វេទិកាសភា​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក នៅ​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋសភា​ថា កិច្ចប្រជុំ​នេះ​នឹងមាន​ប្រទេស​ចំនួន​១៧​ចូលរួម​។​

​គួរ​ជម្រាបជូន​ថា វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក បាន​បង្កើតឡើង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ក្នុង​ឆ្នាំ​១៩៩៣​។ សភា​កម្ពុជា បាន​ចូល​ជា​សមាជិក​ពេញសិទ្ធិ នៃ​វេទិកាសភា​នេះ កាលពី​ឆ្នាំ​១៩៩៥​។ បច្ចុប្បន្ន វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក មាន​សមាជិក​ពេញសិទ្ធិ​ចំនួន​២៧​ប្រទេស​៕

ព័ត៌មានផ្សេងទៀត