លោកពូ​ទីន​​គំរាម​ថា បើ​អាមេរិក​​មាន​មី​ស៊ី​ល​​រឿង​អី​​ដែល​រុស្ស៊ី​​ផលិត​​មិនបាន​

06-12-2018 2:56 pm
  ស្តាប់
ប្រធានាធិបតី​រុស្ស៊ី​លោក​វា​ឌី​មៀ ពូ​ទីន
ស្តាប់ជាសំឡេង

​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​អាមេរិក​ដាក់​លក្ខខណ្ឌ​ឲ្យ​រុស្ស៊ី អនុវត្ដ​តាម​សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ រុស្ស៊ី​បាន​ឆ្លើយតប​វិញ​ភ្លាមៗ​។ ប្រធានាធិបតី​រុស្ស៊ី​លោក​វា​ឌី​មៀ ពូ​ទីន បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​របស់លោក នឹង​អភិវឌ្ឍ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម ប្រសិនបើ​អាមេរិក​ដកខ្លួម​ចេញពី​សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែ​រ ចុះ​ជាមួយ​រុស្ស៊ី​កាលពី​ឆ្នាំ​១៩៨៧​។ 

​លោកពូ​ទីន​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​ថា គ្មាន​ភស្ដុតាង​គាំទ្រ​ការចោទប្រកាន់​របស់​អា​មេរិក​ឡើយ ហើយ​រុស្ស៊ី​ក៏​មិនបាន​រំលោភ​លើ​សន្ធិសញ្ញា​នេះដែរ​។ រុស្ស៊ី​តែង​ជំទាស់​នឹង​ការបោះបង់ចោល​សន្ធិសញ្ញា ប៉ុន្ដែ​ប្រសិនបើ​អាមេរិក​ជា​អ្នកធ្វើ​មុន រុស្ស៊ី​នឹង​ឆ្លើយតប​វិញ​ភ្លាមៗ​។ រុស្ស៊ី​នឹង​ចាប់ផ្ដើម​ដំណើរការ​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម​។ លោក​សង្កត់ធ្ងន់ថា បច្ចុប្បន្ន​មាន​ប្រទេស​ជាច្រើន​កំពុង​ផលិត​មី​ស៊ី​ល​រយៈ​ចម្ងាយ​មធ្យម ដែល​ត្រូវបាន​ហាមឃាត់​ដោយ​សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​។ សម្រាប់​ប្រទេស​ជា​ដៃគូ​អាមេរិក​ជឿជាក់ថា ស្ថានភាព​មាន​ការផ្លាស់ប្ដូរ ហើយ​សូម្បី​អាមេរិក​ក៏មាន​អាវុធ​ប្រភេទ​នេះ​ដូចគ្នា​។ បើ​អាមេរិក​មាន រុស្ស៊ី​ក៏​ត្រូវមាន​វា​ដែរ រឿង​អី​ដែល​រុស្ស៊ី​ផលិត​មិនបាន​។ 

​សហរដ្ឋអាមេរិក​បាន​ព្រមាន​ខ្លាំងៗ​ដល់​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃទី​០៤​ធ្នូ តាមរយៈ​រដ្ឋមន្ដ្រីការបរទេស​លោក​ម៉ៃ ផុម​ភី​អូ​(Mike Pompeo)​។ នៅក្នុង​កិច្ចពិភាក្សា​ជាមួយ​រដ្ឋមន្ដ្រីការបរទេស​ប្រទេស​សមាជិក​ណា​តូ លោក​ផុម​ភី​អូបាន​ប្រកាស​ក្ដែ​ងៗ​ថា ប្រសិនបើ​រុស្ស៊ី​ចង់​រក្សា​សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ គេ​មាន​ពេល​៦០​ថ្ងៃ​ដើម្បី​ធ្វើ​រឿង​មួយ​។ នោះ​គឺ​រុស្ស៊ី​ត្រូវ​រំលាយចោល​មី​ស៊ី​ល ដែល​អាមេរិក​ចាត់ទុកថា​រំលោភ​លើ​សន្ធិសញ្ញា​។ បើ​មិន​ដូច្នេះ​ទេ អាមេរិក​នឹង​ដើរ​ចេញពី​សន្ធិសញ្ញា ចុះ​ក្នុង​ឆ្នាំ​១៩៨៧​នេះ​ភ្លាម​។​

​រុស្ស៊ី​មាន​ប្រព័ន្ធ​មី​ស៊ី​ល​មួយ​ឈ្មោះថា​9M729 ត្រូវបាន​គេ​ស្គាល់​ផងដែ​រថា​SSC-8 ជា​ប្រព័ន្ធ​មី​ស៊ី​ល​មាន​អានុភាព​ខ្លាំង​អាច​កម្ទេច​ទីក្រុង​មួយចំនួន​នៅ​អឺរ៉ុប​បាន ហើយ​ពិបាក​ចាប់​សញ្ញា​វាយប្រហារ​របស់​វា​ណាស់​។ នេះ​បើតាម​ការបញ្ជាក់​ពី​អង្គកា​រណា​តូ​។ ដូច្នេះហើយ​ទើប​អាមេរិក​ចាត់ទុកថា រុស្ស៊ី​បាន​រំលោភ​លើ​សន្ធិសញ្ញា​ហាមឃាត់​ការប្រើប្រាស់​មី​ស៊ី​ល​(INF) មាន​ចម្ងាយ​ចន្លោះ​ពី​៥០០​ទៅ​៥,៥០០​គីឡូម៉ែត្រ​។ 

រដ្ឋមន្ដ្រីការបរទេស​អាមេរិក​បញ្ជាក់បន្ថែម​ថា រុស្ស៊ី​បាន​រំលោភ​លើ​កាតព្វកិច្ច​ដែល​មានចែង​ក្នុង​សន្ធិសញ្ញា ដែល​ទង្វើ​នេះ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​ជាតិ​អាមេរិក រួមទាំង​សម្ព័ន្ធមិត្ដ​ជា​ដៃគូ​។ អ៊ីចឹង​ទេ​បើ​រុស្ស៊ី​មិន​ផ្លាស់ប្ដូរ​ឥរិយាបថ គ្មាន​ន័យ​ទៀត​ទេ​ដែល​អាមេរិក​ត្រូវ​បន្ដ​រក្សា​សន្ធិសញ្ញា​នុយក្លេអ៊ែរ​ជាមួយ​រុស្ស៊ី​។ អាមេរិក​ក៏​ទទួលបាន​ការគាំទ្រ​ពី​សមាជិក​ណា​តូ ឲ្យ​ដាក់​សម្ពាធ​លើ​រុស្ស៊ី​ពាក់ព័ន្ធ​នឹង​ការរំលោភបំពាន​នេះដែរ​៕

ព័ត៌មានផ្សេងទៀត