មជ្ឈមណ្ឌល​CDC​អាមេរិក​​ឧបត្ថម្ភ​ទឹកប្រាក់​ជាង​២​លាន​ដុល្លារ​​ដល់​កម្ពុជា​ក្នុង​ឆ្នាំនេះ​​

06-12-2018 2:42 pm

​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក បានឱ្យដឹងថា លោក​វេជ្ជបណ្ឌិត Robert Redfield នាយក​មជ្ឈមណ្ឌល​គ្រប់គ្រង និង​ការពារ​ជំងឺឆ្លង មកពី​សហរដ្ឋអាមេរិក (CDC) បាន​ជួប​ជាមួយ​លោក​វេជ្ជបណ្ឌិត​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​កម្ពុជា នៅ​ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៨​។ ក្នង​ជំនួប​នេះ​លោក​វេជ្ជបណ្ឌិត Redfield បាន​ថ្លែងអំណរគុណ​ដល់​លោក​រដ្ឋមន្ត្រី ដែល​ក្នុង​រយៈពេល​ជាង ១៥​ឆ្នាំ​មកនេះ មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ ជាមួយ​ក្រសួងសុខាភិបាល ដោយ​រួមបញ្ចូល​ទាំង​ការកសាង​នូវ​ក្រុមការងារ​សុខភាព​សាធារណៈ​ដ៏​ខ្លាំង និង​ទទួលស្គាល់​នូវ មន្ទីរពិសោធន៍​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ​។ 

​ស្ថានទូត​អាមេរិក​បានឱ្យ​ដឹងផង​ដែរថា នៅក្នុង​ឆ្នាំនេះ​មជ្ឈមណ្ឌល CDC បានធ្វើ​ការឧបត្ថម្ភ​ក្នុង​គម្រោង​ទឹកប្រាក់​ជាង ២​លាន​ដុល្លារ ជូន​ដល់​ប្រទេស​កម្ពុជា​ផងដែរ​។ ជាមួយគ្នានេះ CDC និង​ក្រសួងសុខាភិបាល បាន​សម្រេចបាន​នូវ​ភាពជោគជ័យ​ដ៏​ធំធេង ក្នុង​ការប្រយុទ្ធប្រឆាំង​មេរោគ HIV និង​ជំងឺអេដស៍ ហើយក៏​កំពុង​ធ្វើឲ្យ​ប្រាកដថា លុបបំបាត់​នូវ​ជំងឺ​នេះ​ត្រឹម​ឆ្នាំ​២០២៥​។ លោក​វេជ្ជបណ្ឌិត Redfield បាន​ស្នើឲ្យ​រដ្ឋមន្ត្រី បន្តការងារ​ជាមួយ CDC ក្នុង​ការជួយ​បង្កើន​នូវ​លទ្ធភាព​ក្នុង​ការការពារ រកឲ្យឃើញ និង​ឆ្លើយតប​ចំពោះ​ជំងឺឆ្លង​ដែរ​៕

ព័ត៌មានផ្សេងទៀត