ចិន​ចេញមុខ​​ស្នើឲ្យ​​កាណាដា​​ដោះលែង​​ប្រធាន​​ផ្នែក​​ហិរញ្ញវត្ថុ​​ក្រុមហ៊ុន​​Huawei​​ជាបន្ទាន់​

06-12-2018 1:01 pm
  ស្តាប់
​អ្នកស្រី​Meng Wanzhou​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​ចិន​Huawei
ស្តាប់ជាសំឡេង

បន្ទាប់ពី​ទទួល​ព័ត៌មាន​ថា ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​ចិន​Huawei អ្នកស្រី​Meng Wanzhou ត្រូវបាន​អាជ្ញាធរ​ការ​ណា​ដា​ចាប់ឃុំខ្លួន ចិន​បាន​ប្រឆាំង​ភ្លាមៗ​ទៅនឹង​ការចាប់ខ្លួន​នេះ​។ ចិន​បាន​ចេញមុខ​ទទូច​ឲ្យមាន​ការដោះលែង​អ្នកស្រី​ជាប​ន្ទា​ន់ ខណៈ​អ្នកស្រី​កំពុង​ប្រឈម​នឹង​ការសុំ​ឲ្យធ្វើ​បត្យាប័ន​របស់​អាមេរិ​ក​។ 

​តាមរយៈ​សេចក្ដីថ្លែងការណ៍​ចេញ​ដោយ​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កាណាដា បានលើកឡើង​ដូច្នេះ​ថា “​តាម​សំណើ​របស់​អាមេរិក កាណាដា​បាន​ចាប់ខ្លួន​ប្រជាជន​ចិន ដែល​មិន​បានធ្វើ​អ្វី​រំលោភ​លើ​ច្បាប់​អាមេរិក ឬ​កាណាដា​ឡើយ​។ សម្រាប់​ចិន​សុំ​ប្រឆាំង​ដាច់ខាត​នឹង​ទង្វើ​នេះ ព្រោះ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សិទ្ធិមនុស្ស ដែលជា​ជនរងគ្រោះ​។ ចិន​សូម​ជំរុញ​ឲ្យ​អាមេរិកនិង​កាណាដា​កែតម្រូវ​កំហុស​ជាបន្ទាន់ និង​ត្រូវ​ផ្ដល់​សិទ្ធិសេរីភាព​ផ្ទាល់ខ្លួន​ដល់​អ្នកស្រី​Meng Wanzhou​វិញ​ផងដែរ​។​” 

​សេចក្ដីថ្លែងការណ៍​បន្ថែ​ម​ថា ស្ថានទូត​ចិន​ប្រចាំ​នៅ​កាណាដា នឹង​តាមដាន​ករណីនេះ​បន្ដទៀត ហើយនឹង​ចាត់វិធានការ​តាម​គ្រប់​រូបភាព​ទាំងអស់ ការពារ​សិទ្ធិសេរីភាព​និង​ផលប្រយោជន៍​ប្រជាជន​ចិន​។​

​អ្នកស្រី​Meng Wanzhou ត្រូវបាន​អាជ្ញាធរ​កាណាដា​ចាប់ខ្លួន​កាលពី​ថ្ងៃទី​០១​ធ្នូ នៅក្នុង​ទីក្រុង​Vancouver​ប្រទេស​កាណាដា​។ ពុំមាន​ការបញ្ជាក់​ពី​បទចោទប្រកាន់​លើ​អ្នកស្រី​ឡើយ អាជ្ញាធរ​គ្រាន់តែ​ថា​ការចាប់ខ្លួន ធ្វើឡើង​តាម​សំណើ​អាមេរិក និង​តាម​ដីកា​របស់​តុលាការ​។ ចំពោះ​ក្រុមហ៊ុន​Huawei​វិញ​បាន​និយាយថា បានទទួល​ព័ត៌មាន​តិចតួច​ប៉ុណ្ណោះ​ពី​ការចាប់ខ្លួន​អ្នកស្រី​Meng ហើយក៏​មិនដឹង​ពី​បទចោទប្រកាន់​ដែរ ព្រោះ​សុំ​ការអធិប្បាយ​ពី​អាជ្ញាធរ​កាណាដា​មិនបាន​។ 

​ប៉ុន្ដែ​បើតាម​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​មួយ​បានឲ្យដឹងថា ការចាប់ខ្លួន​អ្នកស្រី​មាន​ពាក់ព័ន្ធ​នឹង​ការរំលោភ​លើ​ទណ្ឌកម្ម​របស់​អាមេរិក​។ ប្រភព​ដដែល​បញ្ជាក់ថា អាជ្ញាធរ​អាមេរិក​បាន​បើក​ការស៊ើបអង្កេត​លើ​ក្រុមហ៊ុន​Huawei យ៉ាងហោចណាស់​ក៏​តាំងពី​ឆ្នាំ​២០១៦​ដែរ​។ ការស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​ទំនិញ​ដើម​អាមេរិក ទៅកាន់​ប្រទេស​អ៊ីរ៉ង់​និង​បណ្ដា​ប្រទេស​ផ្សេងទៀត រំលោភ​លើ​ច្បាប់​នាំចេញ និង​រំលោភ​លើ​ទណ្ឌកម្ម​ដែល​អាមេរិក​បានដាក់​។​

​គួរ​ជម្រាប​ជាថ្មី​ថា អ្នកស្រី​Meng Wanzhou ជា​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​និង​ជា​អនុប្រធាន​មួយរូប​របស់​ក្រុមហ៊ុន​Huawei ហើយ​អ្នកស្រី​ក៏​ជា​កូនស្រី​បង្កើត​លោក​Ren Zhengfei ស្ថាបនិក​ក្រុមហ៊ុន​Huawei៕

ព័ត៌មានផ្សេងទៀត