ចុងខែ​វិច្ឆិកា​និង​ដើមខែ​ធ្នូ​នេះ​​មាន​ការកើនឡើង​​ជំងឺគ្រុនឈាម​​លើ​កុមារនិង​មនុស្ស​ធំ​​

06-12-2018 11:23 am
  ស្តាប់
ស្តាប់ជាសំឡេង

​នៅ​ចុង​ខែវិច្ឆិកា និង​ដើម​ខែធ្នូ​នេះ មាន​ការកើនឡើង​នៃ​ករណី​ជំងឺគ្រុនឈាម​លើ​កុមារ និង​មនុស្ស​ធំ​។ នេះ​បើតាម​ការបញ្ជាក់​ពី​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង (CDC)​។ ក៏ប៉ុន្តែ CDC មិន​បានបញ្ជាក់​ចំនួន​នៃ​ការ​កើន​នេះ​ទេ​។ (​សេង បារាំង​)

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល បានឱ្យដឹងថា នៅ​ចុង​ខែវិច្ឆិកា និង​ដើម​ខែធ្នូ​នេះ មាន​ការកើនឡើង​នៃ​ករណី​ជំងឺគ្រុនឈាម​លើ​កុមារ និង​មនុស្ស​ធំ (​ព្រោះ​ជា​ខួប​កើនឡើង​នៃ​ជំងឺគ្រុនឈាម​រៀងរាល់ ៤ ទៅ ៥​ឆ្នាំ​ម្តង​)​។ CDC បន្តថា កម្មវិធី​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​ក្រសួងសុខាភិបាល និង​បណ្តារ​មន្ទីរ​សុខាភិបាល ខេត្ត រាជធានី​បានន​ចាត់​វិធាន​បាញ់ថ្នាំ​សំលាប់​មូស​ខ្លា និង​បើក​យុទ្ធនាការ​ដាក់​ថ្នាំ​អា​បែ​ត​បន្ថែម និង​អប់រំ​សុខភាព​។​

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បានបង្ហាញ​ពី​រៀប​បង្ការ​កុំឲ្យ​ផ្ទុះ​ជំងឺគ្រុនឈាម​ក្នុង​តំបន់​ដែល​ប្រជាពលរដ្ឋ​រស់នៅ ក្នុងនោះ​មានដូចជា​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​លុបបំបាត់​ជំរក​ដង្កូវទឹក ក្នុងផ្ទះ ជុំវិញ​ផ្ទះ ទីសាធារណៈ​នានា និង​ក្នុង​អាង​ស្តុកទឹក​នៅក្នុង​វត្តអារា​ម ការពារ​កូន​កុំឲ្យ​មូស​ខាំ​ដោយ​ពាក់​ខោអាវ​គ្រប​ជិត​ខ្លួន​កូន ពាក់​ស្រោមជើង គេង​ក្នុង​មុង​ជានិច្ច​ទាំង​ពេល​ថ្ងៃ និង​ពេលយប់​។ CDC បាន​ជំរុញ​ឱ្យទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ បើ​ឃើញ​កូន​ក្តៅខ្លួន​ខ្លាំង​ផ្តល់​ថ្នាំ​មិន​ចុះ​កំដៅ ឬ​សង្ស័យថា​មាន​ជំងឺគ្រុនឈាម​។ 

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​គូសបញ្ជាក់ថា រោគសញ្ញា​ជំងឺគ្រុនឈាម​រួមមាន គ្រុ​នក្តៅខ្លាំង ឈឺក្បាល ឈឺ​ក្រោយ​រង្វង់​ភ្នែក ឈឺ​ពោះ ក្អួត និង​ករណីខ្លះ​មាន​កន្ទួល​ក្រហម​លើ​ស្បែក ឬ​សញ្ញា​ហូរឈាម ហើយ​បើ​ឃើញ​ជំងឺ​គ្រុនក្តៅ​ច្រើន​ខុសធម្មតា​ក្នុងភូមិ ក្នុង​មូលដ្ឋាន​រស់នៅ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ឱ្យ​ផ្តល់​ពត៌មាន​ទៅ​មន្ត្រី​សុខាភិបាល​នៅ​ជិត​បំផុត​ជាបន្ទាន់ ឫ​រាយ​ការណ៏តាម​លេខ​ទូរស័ព្ទ 115 ដោយ​មិន​គិតថ្លៃ​ពី​គ្រប់​ប្រព័ន្ធ ដើម្បីឲ្យ​មន្ត្រី​ជំនាញ​ចុះ​ឆ្លើយតប​ជាបន្ទាន់​។​

​សូមបញ្ជាក់ថា បើតាម​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជមងឺគ្រុនចាញ់ ប៉ារ៉ាស៊ីត​សាស្ដ្រ និង​បាណក​សាស្ដ្រ នៃ​ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុង​ឆ្នាំ​២០១៧ កុមារ​កើត​ជំងឺគ្រុនឈាម​បាន​ថយចុះ​គួរឲ្យកត់សម្គាល់ រហូតដល់​ជិត ១៣០​ភាគរយ បើ​ធៀប​ទៅ​និង​ឆ្នាំ​២០១៦​។ ជំងឺគ្រុនឈាម គឺជា​ជំងឺ​ដែលមាន​គ្រោះថ្នាក់​បំផុត​ចំពោះ​កុមារ​តូចៗ តាំងពី​កើត​រហូតដល់​អាយុ​ក្រោម ១៥​ឆ្នាំ​។ ជំងឺ​នេះ​ត្រូវ​ចម្លង​ដោយ​ពពួកសត្វ​មូស​ខ្លា​។ តែ​យ៉ាងណា ជំងឺ​នេះ​ក៏មាន​កើត​ផងដែរ​ទៅលើ​មនុស្ស​គ្រប់​វ័យ ប្រសិនបើ​ពួកគេ​ត្រូវបាន​មូស​ខ្លា ដែលជា​ភ្នាក់ងារ​ចម្លង​ជំងឺគ្រុនឈាម​ខាំ​៕

ព័ត៌មានផ្សេងទៀត