តិក​និក​កាត់បន្ថយ​ការបំផ្លាញ​ដំណាំ​ស្រូវ​របស់​សត្វល្អិត ដោយ​ម្សៅ​ស្តៅ​

06-12-2018 10:56 am

​គ្រាប់​ស្តៅ ត្រូវបាន​យក​ទៅ​ប្រើប្រាស់​លើ​ដំណាំ​ស្រូវ ដើម្បី​កម្ចាត់​សត្វល្អិត​មួយចំនួន ដូចជា មមាច​ខៀវ ដង្កូវ​ស៊ី​រូង​ដើម ទ្រី​ប​ជញ្ជក់​ស្លឹក ដង្កូវ​ហ្វូង​ពណ៌​ត្នោត ស្រឹង ទ្រី​ប​មូល​ស្លឹក ។​ល​។​

​វិធី​ធ្វើ​ម្សៅ​ស្តៅ ៖
- ត្រូវ​ប្រមូល​ផ្លែ​ស្តៅ​ដែល​ទុំ​ជ្រុះ​នៅលើ​ដី យក​ទៅ​ហាល​នៅ​កន្លែង​ម្លប់ ដែល​មាន​ខ្យល់​ចេញចូល ។​
- ពេល​ស្ងួត ត្រូវ​យក​គ្រាប់ស្តៅម​កកិន ឬ​បុក​ឱ្យ​ម៉ដ្ឋ ក្លាយ​ជា​ម្សៅ​ទើប​យក​ទៅ​ប្រើ​បាន ។​
- ការប្រើ​ម្សៅ​ស្តៅតិច ហើយ​ថ្មីៗ មាន​ប្រសិទ្ធភាព​ខ្លាំង តែបើ​ចង់ទុក​ម្សៅ​ប្រើ​ឱ្យ​បាន​យូរ ត្រូវ​ហាល​ម្សៅ​នោះ ក្នុង​ម្លប់​ឱ្យ​ស្ងួត និង​ហាល​ឱ្យ​យូរ បើ​ហាល​មិន​ស្ងួត អាច​ដុះ​ផ្សិត ឬ​ខូច ។​
- ក្រោយ​ពី​ហា​លហើយ ត្រូវ​ទុក​ក្នុង​ថង់ប្លាស្ទិក ឬ​ដប​បិទ​ឱ្យ​ជិត កុំឱ្យ​ខ្យល់​ចូល និង​រក្សាទុក​នៅ​កន្លែ​ងងឹត និង​ត្រជាក់ ទើប​ប្រើ​បានយូរ ។​
- បើ​ចង់បាន​ម្សៅ​ល្អ គួរ​យក​តែ​គ្រាប់ស្តៅ​សុទ្ធ ដោយ​លាង​ច្របាច់​យក​សាច់​ផ្លែ​ចេញ ឬ​ប្រើ​ខ្សាច់​ម៉ដ្ឋ​ច្របាច់​យក​សាច់​ចេញ រួច​លាង​ហាល​ឱ្យ​ស្ងួត ។​

​វិធី​ប្រើ​ក្នុងដំណាក់កាល​ត្រាំ​គ្រាប់ពូជ ៖
​វិធី​ទី​១៖ យក​ម្សៅ​ស្តៅ​១​គីឡូក្រាម ទៅ​លាយ​ជាមួយ​ទឹក​ក្នុង​បរិមាណ​មួយ​ដែល​សមស្រប​ល្មម អាច​ត្រាំ​គ្រាប់​ពូជស្រូវ​១៦​គីឡូក្រាម​ឱ្យ​លិច ។ យក​គ្រាប់​ពូជ ច្រក​ក្នុង​បាវ​ក្រចៅ ហើយ​ត្រាំ​ក្នុង​ទឹក​ស្តៅ​នេះ រយៈពេល​៤៥​ម៉ោង រួច​ស្រង់​ផ្អាប់​ទុក​មួយ​យប់ ។ ក្នុង​រយៈពេល​នេះ ទឹក​ស្តៅ​ជ្រាប​ចូលក្នុង​គ្រាប់ពូជ ។​

​វិធី​ទី​២៖ កសិករ​ខ្លះ មាន​ដី​ច្រើន ត្រូវការ​គ្រាប់ពូជ​ច្រើន ដើម្បី​សាប ។ ដូច្នេះ គាត់​មិន​អាច​ត្រាំ​គ្រាប់​នៅ​ក្នុង​ពាង ឬ​ធុង​តូចៗ​បានទេ  ហើយ​តម្រូវ​ឱ្យ​ត្រាំ​ក្នុង​ទឹក​ត្រពាំង ឬ​អូរ ។ ក្នុងករណីនេះ គេ​អាច​ប្រើ​ម្សៅ​ស្តៅ​រោយ​លើ​ថ្នាលសំណាប​មុន ឬ​ក្រោយ​ពេល​សាប​គ្រាប់​រួច ។ នៅពេលនោះ គ្រាប់​ដែល​ចាប់ផ្តើម​ដុះ​ថ្មី នឹង​ស្រូប​យក​សារធាតុ​សកម្ម​កម្ចាត់​សត្វល្អិត​តែម្តង ។​

​វិធី​ប្រើ​នៅ​ដំណាក់កាល​ស្ទូង​ហើយ ៖
​នៅ​ដំណាក់កាល​ស្ទូង​ហើយ​បាន​៧​ថ្ងៃ អាច​ប្រើ​ទឹក​ស្តៅ​លាយ​បាញ់​បានដែរ ។ តែ​ការប្រើ​ក្នុងដំណាក់កាល​នេះ អស់​បរិមាណ​ស្តៅ​ច្រើន​ពី​៤០ ទៅ​៥០​គីឡូក្រាម ក្នុង​មួយ​ហិកតា ។ ការ​លាយ​ទឹក​ស្តៅ​បាញ់ប្រើ​បរិមាណ​ម្សៅ​១​គីឡូក្រាម លាយ​ទឹក​២០​លីត្រ ទុក​រយៈពេល​ពី​១​ទៅ​២​យប់ ឬ​រក្សាទុក​នៅ​កន្លែង​ងងឹត ហើយ​ត្រជាក់ ឱ្យ​បាន​តិច​ជាង​៧​ថ្ងៃ ។ ក្នុង​ការបាញ់ ត្រូវ​យក​ទឹក​ស្តៅ​ដែល​បានលាយ​ខាងលើ មក​បាញ់ ដោយ​លាយ​ជាមួយ​ទឹក​ធម្មតា​ក្នុង​កម្រិត​ស្មើគ្នា ហើយ​បាញ់​នៅ​ពេល​មេឃ​ស្រទុំ ឬ​ពេល​ល្ងាច​ពី​ម៉ោង​៤​ដល់​ម៉ោង​៦ ។​

​ដកស្រង់​ចេញពី​សៀវភៅ មេរៀន​កសិករ របស់​អង្គការ​សេ​ដាក ៕

ព័ត៌មានផ្សេងទៀត