ធ្លាក់​យន្ដហោះ​​យោធា​​អាមេរិក​​ពីរ​គ្រឿង​​បាត់​ខ្លួន​​ទាហាន​៦​នាក់​

06-12-2018 10:26 am
រូបភាព​​​​​ប្រភេទ​យន្ដហោះ​ដែលជួប​គ្រោះថ្នាក់

​ទាហាន​ម៉ា​រី​ន​អាមេរិក​៦​នាក់​បាន​បាត់​ខ្លួន បន្ទាប់ពី​យន្ដហោះ​យោធា​អាមេរិក​ពី​រគ្រឿង ធ្លាក់​កាលពី​ព្រឹក​ថ្ងៃទី​០៦​ធ្នូ​នេះ ក្នុងអំឡុងពេល​ចាក់​ប្រេង​នៅលើ​អាកាស​។ យន្ដហោះ​ទាំងពី​រគ្រឿង​ដែល​ជួប​គ្រោះថ្នាក់​មាន យន្ដហោះ​ចម្បាំង​ប្រភេទ​F-18​ផ្ទុក​មនុស្ស​២​នាក់ និង​យន្ដហោះ​ចាក់​ប្រេង​C-130​ផ្ទុក​មនុស្ស​៥​នាក់​។ យន្ដហោះ​ហោះ​ចេញពី​មូលដ្ឋាន​ទ័ពអាកាស ស្ថិតក្នុង​ទីក្រុង​Iwakuni ខេត្ដ​Yamaguchi ប្រទេស​ជប៉ុន ដែល​ពេល​ជួប​គ្រោះថ្នាក់​នោះ កំពុងតែ​ធ្វើ​លំ​ហាត់​សមយុទ្ធ​តាម​ទម្លាប់​។ 

​ក្រោយ​កើតហេតុ​ទាហាន​ម្នាក់​ត្រូវបាន​ជួយសង្គ្រោះ​នៅ​មានជីវិត ខណៈពេល​នេះ​ក្រុម​ជួយសង្គ្រោះ​កំពុង​ស្វែងរក​ទាហាន​បាត់​ខ្លួន​៦​នាក់​ទៀត​។ យ៉ាងណាមិញ​ចំពោះ​មូលហេតុ​ដែល​បណ្ដាលឲ្យ​យន្ដហោះ​ទាំងពីរ​គ្រឿងធ្លាក់ នៅ​មិនទាន់មាន​ការបញ្ជាក់​ច្បាស់លាស់​ទេ ដោយ​ក្រុម​ជំនាញ​កំពុង​ស៊ើបអង្កេត​។ សូមបញ្ជាក់ថា អាមេរិក​បានដាក់​កង​ទ័ព​ក្នុងប្រទេស​ជប៉ុន​ប្រមាណ​៥​ម៉ឺន​នាក់ ហើយ​គ្រោះថ្នាក់​កើតឡើង​បែបនេះ មិនមែនជា​រឿង​ថ្មី​ទេ​៕​

ព័ត៌មានផ្សេងទៀត