ពិធីចុះអនុស្សរណៈយោគយល់គ្នា រវាងអាជ្ញាធរជាតិអប្សរា និងភ្នាក់ងារសហប្រតិបត្តិការអន្តជាតិកូរ៉េ (KOICA) នេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី៥ ខែធ្នូ នៅក្នុងទីក្រុងអង្គរ ក្នុងកិច្ចប្រជុំពេញអង្គលើកទី២៥ របស់អាយស៊ីស៊ី-អង្គរ ។
ខ្លឹមសារនៃអនុស្សរណៈនេះ គឺមានគម្រោងជួសជុលក្រុមប្រាសាទព្រះពិធូរ និងលានជល់ដំរី មានរយៈពេល៥ឆ្នាំ ដោយអនុវត្ត ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ដោយប្រើប្រាស់ថវិកាសរុបចំនួន៧លានដុល្លារអាមេរិក ។
កិច្ចសហប្រតិបត្តិការនេះ គឺអភិរក្សជួសជុលប្រាសាទជាំ, សិក្សាពីចំណុចហានិភ័យខ្ពស់នៅតាមប្រាសាទ ក្នុងក្រុមប្រាសាទព្រះពិធូរ, ជួសជុលផ្នែកខ្លះនៃលានជល់ដំរី រួមទាំងផ្តល់សម្ភារៈក្នុងដំណើរការជួសជុលក្នុងគម្រោង ព្រមទាំងបណ្តុះបណ្តាលធនធានមនុស្ស លើផ្នែកអភិរក្សបេតិកភណ្ឌវប្បធម៌ ដល់អ្នកជំនាញអាជ្ញាធរជាតិអប្សរា ៕