គោលនយោបាយ​ម្រេច​នឹង​ធ្វើឱ្យ​ម្រេច​កម្ពុជា កាន់តែ​មាន​ទីផ្សារ​ច្រើន​

05-12-2018 5:19 pm
  ស្តាប់
ស្តាប់ជាសំឡេង

​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​កសិក​កម្ម ព្រមទាំង​ដៃគូរ​អភិវឌ្ឍន៍​មួយចំនួនទៀត នៃ​វិស័យ​ម្រេច​កម្ពុជា នា​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៨ បាន​រៀបចំ​កិច្ចពិភាក្សា​ពិគ្រោះ​យោបល់​លើ​គោលនយោបាយ​ម្រេច​ថ្នាក់ជាតិ ដោយ​គោលនយោបាយ​នេះ​បង្កើត​ឡើង ដើម្បី​ជំរុញ​ឱ្យ​ម្រេច​កម្ពុជា​ក្លាយទៅជា​ផលិតផល​ដែល​មាន​ទីផ្សារ សក្តានុពល តម្លៃ​ផលិតផល​កាន់តែ​ខ្ពស់ និង​បង្កើត​ឱកាស​កាន់តែ​ច្រើន​ដល់​កសិករ​ផងដែរ​។​

​លោ​ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់​ឱ្យដឹងថា នៅក្នុង​ពេល​បច្ចុប្បន្ន​នេះ កម្ពុជា​មាន​ទីផ្សារ​សំខាន់​តែ​ពីរ​ទេ គឺ​វៀតណាម និង​ថៃ  ហើយ​ប្រសិនបើ​ប្រទេស​ពីរ​នេះ មិន​ទិញ​ម្រេច​របស់​កម្ពុជា វា​នឹង​បង្កើត​ជា​បញ្ហា​ដល់​អ្នក​ដាំ​ដុះ​។​ក៏​ប៉ុន្តែ​បើ​កម្ពុជា មាន​គោ​យោ​បាយ​ម្រេច​ច្បាស់លាស់ យើង​នឹង​អាច​ចូល​ជា​សមាជិកសមាគម ម្រេច​អន្តរជាតិ ដែល​អាច​ធ្វើឱ្យ​យើង​រក​ទីផ្សារ​នៅ​ក្រៅប្រទេស​បាន​ច្រើន ព្រម​ទាំង​លើក​តម្លៃ ម្រេច​កម្ពុជា កាន់តែ​ខ្ពស់ មិន​បារម្ភ​តម្លៃ​ម្រេច​ធ្លាក់ចុះ​។​

​ក្នុងឱកាស​នោះ​ដែរ លោក​សុង សារ៉ន ប្រធាន​សហព័ន្ធ​ម្រេច​និង​គ្រឿងទេស​កម្ពុជា បាន​បន្ថែមថា ការនាំ​ចេញ​ម្រេច​សព្វថ្ងៃ កម្ពុជា​បាន​នាំចេញ ជាង​២​ម៉ឺន​តោន ដោយ​មាន​ទីផ្សារ​ត្រឹមតែ​ពីរ​ប្រទេស​ប៉ុណ្ណោះ គឺ​ថៃ និង​វៀតណាម​។​ដូច្នេះ​លោក សូម​អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល ពិចារណា​លើ​គោលនយោបាយ​ថ្នាក់ជាតិ​នេះ ដើម្បី​សម្រួល​ក្នុង​ការនាំ​ចេញ​ម្រេច​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។​ចំណែក​លោក​ងួន ឡាយ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត បាន​បង្ហាញ​ក្តីសង្ឃឹម ចំពោះ​ការរៀបចំ​គោលនយោបាយ​ម្រេច​នេះ​ឡើង ដែល​ធ្វើឱ្យ​ផលិតផល​ម្រេច​អាច​ពង្រីក​ទីផ្សារ ទៅ​កាន់​ទីផ្សារ​តំបន់​អាស៊ី​និង អ៊ឺរ៉ុប​កាន់តែច្រើន​ផងដែរ ។​

​សូមបញ្ជាក់​ថា ម្រេច​គឺជា​ដំណាំ​ដ៏​មាន​សក្តានុពល​របស់​កម្ពុជា ដែល​ត្រូវបាន​ក្រសួង​ពាណិជ្ជកម្ម ដាក់បញ្ចូល​នៅក្នុង​យុទ្ធសាស្ត្រ​សមាហរណកម្ម​ពាណិជ្ជកម្ម ដើម្បី​អភិវឌ្ឍន៍​សង្វាក់​តម្លៃ និង​ធ្វើ ពិពិធ​កម្ម ការនាំចេញ​។ បច្ចុប្បន្ន ម្រេច​ត្រូវបាន​ដាំ​ដុះ​នៅក្នុង​ខេត្ត​ចំនួន​១៩ លើ​ផ្ទៃដី​ប្រមាណ​៦,៦៧ ៨​ហិកតា ហើយ​ផ្តល់​ទិន្នផល​ប្រហែល​ជាង ២​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ​៕

ព័ត៌មានផ្សេងទៀត