កម្ពុជា​-​ឡាវ​ស្នើ​បារាំង​បញ្ចូន​ឯកសារ​ពាក់ព័ន្ឋ​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​

05-12-2018 4:53 pm
  ស្តាប់
ស្តាប់ជាសំឡេង

កម្ពុជា​-​ឡាវ​បានសម្រេច​ស្នើ​ដល់​រដ្ឋាភិបាល​បារាំង​ឲ្យ​បញ្ចូន​ឯកសា​រពាក់ព័​ន្ឋ​ទាំងអស់ ដែល​ផ្ដល់នូវ​ផលប្រយោជន៍​ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។​ការស្នើ​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​នៅ​ទីក្រុង​វៀង​ច័ន្ទ​រវាង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ឡាវ លោក​ថង លូន​ស៊ី​សូលី​ត​។ 

​ក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​នៅ​ទីក្រុង​វៀង​ច័ន្ទ នា​ប្រទេស​ឡាវ នៅ​ថ្ងៃទី​៥​ធ្នូ​នេះ នាយករដ្ឋមន្ត្រី​កម្ពុជា​-​ឡាវ បាន​ព្រមព្រៀងគ្នា​ស្នើ​ដល់ដ្ឋា​ភិបាល​បារាំង​ឲ្យ​បញ្ចូន​ឯកសា​រពាក់ព័​ន្ឋ​ទាំងអស់ ដែល​ផ្ដល់នូវ​ផលប្រយោជន៍​ក្នុង​ការដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​។

​លោក​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា បាន​អះអាងថា ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​ចាប់ពី​ថ្ងៃទី​៥-៦​ធ្នូ ភាគី​ទាំងពីរ​កម្ពុជា​-​ឡាវ នឹង​ពិភាក្សាគ្នា​បន្ត​លើ​បញ្ហា​ព្រំដែន ដើម្បី​ពង្រាង​ឯកសារ​ផ្ញើ​ទៅកាន់​ភាគី​បារាំង​ពាក់ព័ន្ធ​បញ្ហា​ព្រំដែន​។ ពោល​ការងារ​នេះ​កម្ពុជា​-​ឡាវ​បាន​ព្រមព្រៀងគ្នា​ដោយ​ទុកឲ្យ​រដ្ឋមន្ដ្រី​ក្រសួងការបរទេ​ស នៃ​ប្រទេស​ទាំងពីរ​ជា​អ្នកអនុវត្ត​។​

ក្នុងនោះ កម្ពុជា​-​ឡាវ បាន​ឯកភាពគ្នា​ដាក់​តំបន់​ព្រំដែន រវាង​ប្រទេស​ទាំងពីរ នៅ​ចំណុច​តំបន់​អូរ​តា​ង៉ាវ​ជា​តំបន់ មិនទាន់​ដោះស្រាយ​រួចរាល់ អមដោយ​លក្ខខណ្ឌ​៣​យ៉ាង គឺ​ទី​១.​គ្មាន​វត្តមាន​កងទ័ព​នៅ​តំបន់​នោះ​, ទី​២.​មិនមាន​ប្រជាជន ធ្វើ​អាជីវកម្ម​អ្វី​ទាំងអស់ និង​ទី​៣.​ត្រូវធ្វើ​ល្បាត​រួមគ្នា​ទាំង​លើគោក ផ្លូវទឹក និង​ផ្លូវអាកាស​។​

​លោក​នាយករដ្ឋមន្ដ្រី បាន​បញ្ជាក់ថា រដ្ឋមន្ដ្រី​ក្រសួងការបរទេស​ទាំងពីរ ត្រូវ​រៀបចំ​បែបបទ​បច្ចេកទេស​យ៉ាងណាឲ្យ​ភាគីបារាំង​ផ្ទេរ​ផែនទី ពី​ខ្នាត 1/100,000 មក​ផែនទី UTM ខ្នាត 1/50,000 ដែលជា​ចំណុច​ត្រូវធ្វើ​មុនគេ ហើយ​ចំណុច​ទី​២ បន្ដ​ស្នើសុំ​ទៅ​បារាំង​ផ្ដល់នូវ​ឯកសារ​នានា​ដែល​ទាក់ទង​ជាមួយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ឡាវ ជាពិសេស​គឺ​តំបន់​ចំនួន​១៦% ដែល​នៅ​សេសសល់​។​

​គួររំលឹកថា បញ្ហា​វិវាទ​ព្រំដែន​កម្ពុជា​-​ឡាវ បាន​ឡើង​កម្ដៅ​កាលពី​ខែសីហា ឆ្នាំ​២០១៧ ដោយសារ​កងទ័ព​ឡាវ បាន​ចូលមក​ឈរជើង នៅ​តំបន់​អូរ​អាឡៃ និង​អូរ​តា​ង៉ាវ ស្ថិតក្នុង​ស្រុក សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង​។ តែ​យ៉ាងណា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​-​ឡាវ បាន​ឯកភាពគ្នា​សរសេរ​លិខិត ទៅកាន់​ប្រធានាធិបតី​បារាំង ដើម្បី​ស្នើសុំ​បញ្ជូន អ្នកជំនាញការ​ព្រំដែន​បារាំង មកជួយ​វាស់វែង និង​ដោះស្រាយ​បញ្ហា​ជម្លោះ នៅតាម​ព្រំដែន​នេះ​ផងដែរ​៕​

ដោយ​៖ ប៉ា សុ​ខេង​

ព័ត៌មានផ្សេងទៀត