បក្ស​មូលដ្ឋាន​ ចង់ឲ្យ​គ្រប់​គណបក្ស​ បើក​ទំព័រ​សករាជ​ថ្មី​ លុបបំបាត់​​ហិង្សា​នយោបាយ​​

05-12-2018 3:22 pm
  ស្តាប់
លោកយ៉េង វីរៈ ប្រធានគណបក្ស និងលោកយ៉ង សាំងកុមារ ប្រធានគណៈកម្មាធិការនាយក
ស្តាប់ជាសំឡេង

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន របស់​ក្រុម​អ្នកប្រជាធិបតេយ្យ ដឹកនាំ​ដោយ​លោក​យ៉េង វីរៈ ដែល​ធ្លាប់មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​នឹង​ក្រុម​លោក​កឹម សុខា បានចេញ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​មួយ​សាទរ ចំពោះ​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល ថា​ជា​សញ្ញា​វិជ្ជមាន ដោយ​បង្ហាញ​ពី​ចេតនា​សម្រួល​ស្ថានការណ៍ ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ សង្គម​ស៊ីវិល ដែល​បាន​បិទ នា​ពេលកន្លងមក អាច​បើក​ដំណើរការ​ឡើងវិញ​បាន​, បញ្ចប់រឿង​ក្តីក្តាំ​នៅ​តុលាការ របស់​មេដឹកនាំ​សហជីព និង​ពិភាក្សា​ផ្លូវច្បាប់ ដើម្បីឲ្យ​អ្នកនយោបាយ ដែល​ត្រូវបាន​បិទ​សិទ្ធិ​នយោបាយ ទាំង​១១៨​រូប អាចមាន​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​។​

​ប៉ុន្តែ​គណបក្ស​នេះ បានបង្ហាញ​នូវ​របកគំហើញ​របស់​ក្រុម​ខ្លួន ពី​របៀប​ធ្វើ​នយោបាយ​បច្ចុប្បន្ន ថា​ជា​នយោបាយ​ប្រកាន់យក​វប្បធម៌​ចាស់គំរឹល យកឈ្នះ​ចាញ់​គ្នា ដោយ​ការគំរាមកំហែង តាមរយៈ​ពាក្យសម្តី និង​ធ្វើ​ច្បាប់​រឹតត្បិត សេរីភាព​បញ្ចេញមតិ និង​សិទ្ធិ​ធ្វើ​នយោបាយ ដែល​បាន​ដើរ​ផ្ទុយ​ពី​ច្បាប់កំពូល គឺ​ច្បាប់រដ្ឋធម្មនុញ្ញ រួមទាំង​ច្បាប់​អន្តរជាតិ ផង​។​

​ការ​សាទរ​ស្រដៀង​គ្នា​នេះដែរ លោក​កឹម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ តាមរយៈ​លោក​មេធាវី​ចាន់ ចេ​ន បានប្រកាស​ជំហរ​គាំទ្រ​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា ដោយ​ចាត់ទុកថា ជាការ​បន្ធូរ​ស្ថានភាព និង​ធ្វើឡើង​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ចាន់ ចេ​ន មេធាវី​ការពារ​ក្តី​ជូន​លោក កឹម សុខា​។​

យ៉ាងណា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ជំរុញ​ដល់​ភាគី​នយោបាយ​ទាំងអស់ ត្រូវ​បើក​ទំព័រ​សករាជ​ថ្មី តាមរយៈ​វប្បធម៌​នយោបាយ​ថ្មី ដោយ​លុបបំបាត់​ហិង្សា​នយោបាយ ការរើសអើង​នយោបាយ ការជេរប្រមាថ និង​លាប​ពណ៌​គ្នា​គ្រប់​រូបភាព និង​ត្រូវ​លើកស្ទួយ​ការសន្ទនា​មតិ​ឡើងវិញ រវាង​គណបក្សនយោបាយ និង​គណបក្សនយោបាយ ដោយ​គោរព​សេរីភាព​នយោបាយ តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​នៅ​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត