ចិន​​បង្ហាញ​​ជំហរ​​អនុវត្ដ​​តាម​កិច្ចព្រមព្រៀង​​បញ្ចប់​ជម្លោះ​​ពាណិជ្ជកម្ម​​ជាមួយ​អាមេរិក​

05-12-2018 3:06 pm
  ស្តាប់
ប្រធានាធិបតី​អាមេរិក​(ឆ្វេង)​ចាប់​ដៃ​ប្រធានាធិបតី​ចិន
ស្តាប់ជាសំឡេង

​បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​ធ្វើឡើង​រវាង​ប្រធានាធិបតី​ចិន និង​ប្រធានាធិបតី​អាមេរិក​នៅក្រៅ​កិច្ចប្រជុំ G20 ក្នុងប្រទេស​អា​ហ្សង់​ទីនកា​លពី​សប្ដា​ហ៍មុន ប្រទេស​ចិន​នៅ​ថ្ងៃទី​០៥​ធ្នូ​នេះ បានបង្ហាញ​ការប្ដេជ្ញាចិត្ដ ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​។ ចិន​នឹង​ជំរុញ​លើ​ការចរចា​បញ្ហា​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ឲ្យបាន​ឆាប់​បំផុត ក្នុង​រយៈពេល​កំណត់​ដើម្បី​អនុវត្ដ​តាម​ចំណុច​បាន​ព្រមព្រៀងគ្នា​។​

​នៅក្នុង​សេចក្ដីថ្លែងការណ៍ ក្រសួងពាណិជ្ជកម្ម​ចិន​បាន​និយាយថា កិច្ចពិភាក្សា​រវាង​លោក​ប្រធានាធិបតី​ស៊ី ជីន​ពីង និង​លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ​កាលពី​ចុង​សប្ដាហ៍​មុន ពិតជា​ទទួលបាន​ជោគជ័យ ហើយ​ជឿជាក់ថា​នឹង​មានការ​អនុវត្ដ​លើ​កិច្ចព្រមព្រៀង​ទាំងអស់គ្នា​។ សេចក្ដីថ្លែងការណ៍​បន្ដ​ថា ក្រុមការងារ​ទទួលបន្ទុក​ផ្នែក​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​ប្រទេស​ទាំងពីរ នឹង​ជំរុញ​ការចរចា​ទៅមុខ​ក្នុង​រយៈពេល​៩០​ថ្ងៃ អនុលោម​តាម​ផែនការ​និង​ផែនទី​កំណត់​ក្នុង​កិច្ចព្រមព្រៀង​។ ប្រទេស​ចិន​នឹង​ចាប់ផ្ដើម​អនុវត្ដ​លើ​បញ្ហា​ជាក់លាក់ ដែល​ភាគី​ទាំងពីរ​អាច​ទទួលយក​បាន​ទាំងសងខាង ដើម្បី​ឲ្យមាន​ភាពប្រសើរ​ឡើង​កាន់​តែ​ឆាប់​។​

​លោក​ដូណាល់ ត្រាំ​និង​លោក​ស៊ី ជីន​ពីង បាន​ព្រមព្រៀង​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយគ្នា ដោយ​បញ្ឈប់​រាល់​ការដំឡើង​ពន្ធ​ថ្មី​លើ​ទំនិញ​នាំចូល​ទៅវិញទៅមក ហើយ​ទុកពេល​៩០​ថ្ងៃ​សម្រាប់​ក្រុម​ដឹកនាំ​ការចរចា សម្រេច​ឲ្យបាន​តាម​កិច្ចព្រមព្រៀង​។ ចំពោះ​សេចក្ដីថ្លែងការណ៍​ក្រសួងពាណិជ្ជកម្ម​ចិន​ទើបនឹង​ចេញ​នេះ ជា​លើកដំបូង​ហើយ​ដែល​ចិន​ទទួលស្គាល់​ជា​សាធារណៈ ការ​ប្រតិ​ប​ត្ដិ​តាម​កិច្ចព្រមព្រៀង​។ 

​សេត​វិមាន​វិញ​បានឲ្យដឹង​ដែរថា ចិន​បាន​យល់ព្រម​ទិញ​ផលិតផល​កសិកម្ម ថាមពល ឧស្សាហកម្ម និង​ផលិតផល​ផ្សេងទៀត​ពីរ​អាមេរិក ដើម្បី​កាត់បន្ថយ​គម្លាត​ពាណិជ្ជ​កម្ម​។ ចិន​ក៏​ចាប់ផ្ដើម​ទិញ​ផលិតផល​ពី​កសិករ​អាមេរិក​ភ្លាមៗ​ដែរ​។ យោងតាម​ការបញ្ជាក់​ពី​សេត​វិមាន ភាគី​ទាំងពីរ​នឹង​ពិភាក្សា​ពី​បញ្ហា​កម្មសិទ្ធិបញ្ញា ការរំលោភបំពាន​ឬ​លួច​ទិន្នន័យ​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេត  ការផ្លាស់ប្ដូរ​ផ្នែក​បច្ចេកវិទ្យា និង​បញ្ហា​កសិកម្ម​ជាដើម​៕

ព័ត៌មានផ្សេងទៀត