អាមេរិក​ទុក​ពេល​ឲ្យរុស្ស៊ី​៦០​ថ្ងៃ​​ធ្វើ​រឿង​មួយ​​បើ​មិន​ចង់​​បាត់បង់​​សន្ធិសញ្ញា​​នុយក្លេអ៊ែ​រ​

05-12-2018 9:01 am
  ស្តាប់
រដ្ឋមន្ដ្រីការបរទេសអាមេរិក​លោក​​Mike Pompeo
ស្តាប់ជាសំឡេង

​សហរដ្ឋអាមេរិក​បាន​ព្រមាន​ខ្លាំងៗ​ដល់​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃទី​០៤ធ្នូ តាមរយៈ​រដ្ឋមន្ដ្រីការបរទេស​លោក​Mike Pompeo​។ នៅក្នុង​កិច្ចពិភាក្សា​ជាមួយ​រដ្ឋមន្ដ្រីការបរទេស​ប្រទេស​សមាជិក​ណា​តូ លោក​Pompeo​បានប្រកា​សក្ដែងៗ​ថា ប្រសិនបើ​រុស្ស៊ី​ចង់​រក្សា​សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ គេ​មាន​ពេល​៦០​ថ្ងៃ​ដើម្បី​ធ្វើ​រឿង​មួយ​។ នោះ​គឺ​រុស្ស៊ី​ត្រូវ​រំលាយចោល​មី​ស៊ី​ល ដែល​អាមេរិក​ចាត់ទុកថា​រំលោភ​លើ​សន្ធិសញ្ញា​។ បើ​មិន​ដូច្នេះ​ទេ អាមេរិក​នឹង​ដើរ​ចេញពី​សន្ធិសញ្ញា ចុះ​ក្នុង​ឆ្នាំ​១៩៨៧​នេះ​ភ្លាម​។​​

​រុស្ស៊ី​មាន​ប្រព័ន្ធ​មី​ស៊ី​ល​មួយ​ឈ្មោះថា​9M729 ត្រូវបាន​គេ​ស្គាល់​ផងដែ​រថា​SSC-8 ជា​ប្រព័ន្ធ​មី​ស៊ី​ល​មាន​អានុភាព​ខ្លាំង​អាច​កម្ទេច​ទីក្រុង​មួយចំនួន​នៅ​អឺរ៉ុប​បាន ហើយ​ពិបាក​ចាប់​សញ្ញា​វាយប្រហារ​របស់​វា​ណាស់​។ នេះ​បើតាម​ការបញ្ជាក់​ពី​អង្គកា​រណា​តូ​។ ដូច្នេះហើយ​ទើប​អាមេរិក​ចាត់ទុកថា រុស្ស៊ី​បាន​រំលោភ​លើ​សន្ធិសញ្ញា​ហាមឃាត់​ការប្រើប្រាស់​មី​ស៊ី​ល​(INF) មាន​ចម្ងាយ​ចន្លោះ​ពី​៥០០​ទៅ​៥,៥០០​គីឡូម៉ែត្រ​។ 

​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​បញ្ជាក់បន្ថែម​ថា រុស្ស៊ី​បាន​រំលោភ​លើ​កាតព្វកិច្ច​ដែល​មានចែង​ក្នុង​សន្ធិសញ្ញា ដែល​ទង្វើ​នេះ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​ជាតិ​អាមេរិក រួមទាំង​សម្ព័ន្ធមិត្ដ​ជា​ដៃគូ​។ អ៊ីចឹង​ទេ​បើ​រុស្ស៊ី​មិន​ផ្លាស់ប្ដូរ​ឥរិយាបថ គ្មាន​ន័យ​ទៀត​ទេ​ដែល​អាមេរិក​ត្រូវ​បន្ដ​រក្សា​សន្ធិសញ្ញា​នុយក្លេអ៊ែរ​ជាមួយ​រុស្ស៊ី​។ អាមេរិក​ក៏​ទទួលបាន​ការគាំទ្រ​ពី​សមាជិក​ណា​តូ ឲ្យ​ដាក់​សម្ពាធ​លើ​រុស្ស៊ី​ពាក់ព័ន្ធ​នឹង​ការរំលោភបំពាន​នេះដែរ​។​

​សម្រាប់​អង្គកា​រណា​តូ អគ្គលេខាធិកា​រលោក​Jens Stoltenberg បាន​លើកឡើងថា ពេលនេះ​អាស្រ័យ​លើ​រុស្ស៊ី​ខ្លួនឯង​ផ្ទាល់ ហើយក៏​ជា​ឱកាស​ចុងក្រោយ​របស់​រុស្ស៊ី ដើម្បី​ស្រោចស្រង់​កិច្ចព្រមព្រៀង​ជិតផុតដង្ហើម​។ តែ​ទោះជា​រុស្ស៊ី​មានឱកាស​ចុងក្រោយ ក៏​ណា​តូ​និង​សម្ព័ន្ធមិត្ដ​ចាំបាច់​ត្រូវ​ចាប់ផ្ដើម​រៀបចំ​វិធានការ​ឆ្លើយតប​ដែរ​។ លោក​Stoltenberg​ថា​ពិតជា​ស្ដាយក្រោយ​ណាស់ ដែល​សន្ធិសញ្ញា​ទំនង​ត្រូវ​បាត់បង់​។ INF​ជា​សន្ធិសញ្ញា​គ្រប់គ្រង​អាវុធ​ដ៏​ល្អ​បំផុត ប្រសិនបើ​បាត់បង់​អាច​នឹង​បង្ក​គ្រោះថ្នាក់ ប៉ុន្ដែ​យ៉ាងណាក៏ដោយ គ្មាន​ជម្រើស​ផ្សេង​ក្រៅពី​ចំណាត់ការ​ដែល​ដាក់​នៅពេល​នេះឡើយ​៕

ព័ត៌មានផ្សេងទៀត