ក្រុម​កឹម សុខា​ និង​ក្រុម​សម រង្ស៊ី​ អាច​​ចែកចាន​ចែកឆ្នាំង​​គ្នា​ឬទេ​?​

04-12-2018 4:04 pm
  ស្តាប់
លោកសម រង្ស៊ី និងលោកកឹម សុខា
ស្តាប់ជាសំឡេង

​សញ្ញា​បែកបាក់​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ លេចចេញ​កាន់តែ​ច្បាស់ក្រឡែត​ហើយ បើទោះជា​ក្រុម​ស្និទ្ធ​នឹង​លោក​សម រង្ស៊ី​ខ្លះ ព្យាយាម​បិទបាំង និង​ព្យាយាម​មិន​តបត ក៏ដោយ ខណៈ​កូនស្រី​ទាំងពីរ​របស់ លោក​កឹម សុខា និង​មនុស្ស​ស្និទ្ធ​បំផុត​របស់លោក ចេញមុខ​តិះដៀល ចំអក​ដល់​លោក​សម រង្ស៊ី យ៉ាង​ចាស់ដៃ​។ 

តាមរយៈប្រព័ន្ធTwitter ​កូនស្រី​ច្បង​របស់លោក​កឹម សុខា គឺ​កញ្ញា​កឹម មនោ​វិទ្យា បាន​ចោទ​លោក​សម រង្ស៊ី ថា បាន​និយាយ​កុហ​កម្តង​ហើយ​ម្តងទៀត ប្រាប់​ដល់​សាធារណជន​ថា សារ​របស់លោក​កឹម សុខា ក្លែងក្លាយ ឬ​មិន​ត្រឹមត្រូវ ​បើទោះបីជា​មាន​ការបញ្ជាក់​ពី​មេធាវី និង​ក្រុមគ្រួសារ​ក៏ដោយ​។ កញ្ញាកឹម មនោ​វិទ្យា អះអាងថា ចាប់តាំងពី​លោក​កឹម សុខា ជាប់ពន្ធនាគារ​មក គឺ​លោក​សម រង្ស៊ី បាន​លាប​ពណ៌​ដល់​ក្រុម​លោក​កឹម សុខា ថា​ជា​ក្រុម​ស៊ើបការណ៍​សម្ងាត់ នៅក្នុង​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ឯ​កូនស្រី​ពៅ លោក​កឹម សុខា គឺ​កញ្ញា​កឹម សម្មាធីតា បាន​ចេញមក​ការពារ​មនសិការ​របស់​ឪពុក ដែល​សុខចិត្ត​ជាប់គុក ជាជាង​ការ​ភៀសខ្លួន​ចេញពី​ប្រទេស​កម្ពុជា​។ កញ្ញា​អះអាងថា ការបញ្ចេញ​មតិយោបល់​របស់​ឪពុក​ខ្លួន គឺ​ស្របច្បាប់ ហើយ​ថា ការមិន​អើពើ​នឹង​ការលើកឡើង របស់លោក​កឹម សុខា ពី​សំណាក់​លោក​សម រង្ស៊ី គឺជា​ការប្រមាថ​ដល់​សុចរិត​ភាព​របស់លោក​កឹម សុខា​។​

​ចំណែក​លោក​មុត ចន្ថា ជា​មនុស្ស​ស្និទ្ធ​បំផុត នឹង​លោក​កឹម សុខា និង​ជា​ប្រធាន​ខុទ្ទកាល័យ របស់លោក​កឹម សុខា ផង​នោះ បាន​ចំអក​ដល់​លោក​សម រង្ស៊ី ថា​ជា​មនុស្ស​មិនចេះ​អៀនខ្មាស ដែល​អះអាងថា ខ្លួន​ជា​អ្នកប្រជាធិបតេយ្យ និង​ជា​អ្នក​ផ្សព្វផ្សាយ​ច្បាប់ ប៉ុន្តែ​បែរជា​រំលោភច្បាប់​កំពូល​របស់​គណបក្ស​ ដើម្បីឱ្យ​ខ្លួន​ក្លាយជា​អ្នកដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ទាត់ចោល​លោក​កឹម សុខា បែបនេះ​ទៅវិញ​។ 

​ជា​ការកត់សម្គាល់ ការវាយប្រហារ​គ្នា​ដោយ​បើកចំហរ បែបនេះ ពី​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​មជ្ឈដ្ឋាន​ទូទៅ មើលឃើញថា ការបែកបាក់​ផ្ទៃក្នុង​របស់​គណបក្ស​នេះ មិនមាន​អ្វី​ជាការ​លាក់បាំង​ទៀត​ទេ ហើយ វា​ក៏​រឹត​តែ​ច្បាស់​ទៀតថា ក្រុម​នេះ នឹង​ចែកចានចែកឆ្នាំង​គ្នា នៅពេល​ឆាប់ៗ​ខាងមុខនេះ​មិន​ខាន​៕

ព័ត៌មានផ្សេងទៀត