លោក​ត្រាំ​ចង់​ពិភាក្សា​រួមគ្នាជាមួយ​លោកពូ​ទីន​និង​លោក​ស៊ី ពី​រឿង​រត់ប្រណាំង​សព្វាវុធ​

04-12-2018 3:15 pm
  ស្តាប់
លោកដូណាល់ ត្រាំនៅខាងឆ្វេងលោកវ្លា ឌីមៀពូទីននិងលោកស៊ី ជីនពីង
ស្តាប់ជាសំឡេង

​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បាន​សរសេរ​សារ​បង្ហោះ​តាម​ប្រព័ន្ធ tweet ដោយ​បង្ហាញ​បំណង​ចង់​ជួប​លោក​ស៊ី ជី​ង​ពី​ន​ប្រធានាធិបតី​ចិន និង​លោក​វ្លា​ឌី​មៀ ពូ​ទីន​ប្រធានាធិបតី​រុស្ស៊ី​។ គោលបំណង ដើម្បី​ពិភាក្សា​រួមគ្នា ពី​ការបញ្ឈប់​ការ​ប្រណាំងប្រជែង​សព្វាវុធ ដែល​មិនអាច​គ្រប់គ្រង​បាន​។ ភ្លាមៗ មិនទាន់មាន​ការឆ្លើយ​តប​បែបណា ពី​ប្រធានាធិបតី​ទាំង​ពីររូប គឺ​លោក​ស៊ី​និង​លោក​ពូន​ទីន​នៅឡើយ​ទេ​។​

​ការបង្ហាញ​ជំហរ​ចង់​ជួបចរចា ជាមួយ​មេដឹកនាំ​ទាំងពីរ ធ្វើឡើង​ក្រោយ​ជាង​មួយខែ ដែល​លោក​ត្រាំ​ប្រកាសថា នឹង​ដកខ្លួន​ចេញពី​សន្ធិសញ្ញា ចុះ​កាលពី​ឆ្នាំ​១៩៧០ ស្តីពី អាវុធ​នុយក្លេអ៊ែរ រយៈ​ចម្ងាយ​មធ្យម Intermadiate Nuclear Froces (INF) Treaty ជាមួយ​រុស្ស៊ី​។ បើ​អាមេរិក​ដកខ្លួន​ចេញ​មែន នឹង​បើកផ្លូវ​ឲ្យមាន​ការប្រកួតប្រជែង​សព្វា​វុ​ធ រវាង​អាមេរិក​និង​រុស្ស៊ី​កាន់តែខ្លាំង​។ មិន​ត្រឹមតែ​ប្រណាំងប្រជែង​ជាមួយ​រុស្ស៊ី​ទេ គឺ​ចិន​មួយទៀត ព្រោះ​ពេលនេះ ចិន​កំពុង​ស្វែងរក​ការដាក់​មូលដ្ឋាន​យោធា​នៅ​ក្រៅប្រទេស​ដែរ​។ 

ចិន​និង​រុស្ស៊ី បន្ត​អភិវឌ្ឍ​វិស័យ​យោធា ដោយមាន​សព្វាវុធ​ទំនើបៗ ដែល​ហាក់​ធ្វើឲ្យ​លោកត្រាំ​ហត់នឿយ នៅក្នុង​ការរត់​ដេញតាម​ប្រទេស​មហាអំណាច​ទាំងពីរ​នេះ​។ ជាពិសេស លោក​ត្រាំ​មិនសូវ​សប្បាយចិត្ត នៅក្នុង​ការ​ចំណាយលុយ​រាប់ពាន់​លាន​ដុល្លារ នៅក្នុង​វិស័យ​ការពារជាតិ​ឡើយ​។ នៅ​ក្នុងឆ្នាំនេះ អាមេរិក​ត្រូវ​ចាយលុយ​ចំនួន​៧១៦​ពាន់​លាន​ដុល្លារ ក្នុង​វិស័យ​ការពារជាតិ ហើយ​បើ​ការ​ប្រណាំងប្រជែង​សព្វាវុធ​នៅតែ​បន្ត អាមេរិក​នឹងត្រូវ​បង្ខំចិត្ត បង្កើន​កញ្ចប់​ថវិកាជាតិ​បន្ថែមទៀត​។ នេះ​ក៏​អាចជា​មូលហេតុ ធ្វើឲ្យ​លោកត្រាំ ចង់​ជួបពិភាក្សា ពី​ការបញ្ឈប់​ប្រណាំងប្រជែង​សព្វាវុធ ជាមួយ​ចិន​និង​រុស្ស៊ី​។​

​លោក​ត្រាំ​និង​លោក​ស៊ី​បាន​ជួបពិភាក្សា​គ្នា​កាលពី​សប្តាហ៍​មុន នៅ​ខាងក្រៅ​កិច្ចប្រជុំ​G20​ក្នុងប្រទេស​អា​ហ្សង់​ទីន​។ ក្រៅពី​បញ្ហា​ពណិជ្ជកម្ម មិនដឹងថា មេដឹកនាំ​ទាំងពីរ បាន​និយាយ​គ្នា​មុន​អ្វីខ្លះហើយឬនៅ ពី​កិច្ចប្រជុំ​ត្រីភាគី​នាពេលខាងមុខ ខណៈ​ជាមួយ​លោកពូ​ទីន លោក​ត្រាំ​បាន​ជជែក​នៅ​ក្រៅផ្លូវការ​ប៉ុណ្ណោះ​៕

ព័ត៌មានផ្សេងទៀត