លោក​គីម ជុង​អ៊ុន​នឹង​បំពេញ​ទស្សនកិច្ចនៅ​ក្រុង​សេ​អ៊ូ​ល​ជា​លើកដំបូង​

04-12-2018 10:32 am
លោកគីម ជុងអ៊ុននៅខាងឆ្វេងលោកមូន ជែអ៊ីនដើរកាន់ដៃគ្នាឆ្លងកាត់ព្រំដែនពីកូរ៉េខាងជើងមកកូរ៉េខាងត្បូងក្នុងជំនួបលើកដំបូងនៅខែមេសាឆ្នាំ២០១៨

​ប្រធានាធិបតី​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន នឹង​បំពេញ​ទស្សនកិច្ច នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េខាងត្បូង នៅពេល​ឆាប់ៗ​ខាងមុខនេះ​។ លោក​មូន ជែ​អ៊ីន​ប្រធានាធិបតី​កូរ៉េខាងត្បូ​ង បាន​ថ្លែងប្រាប់​អ្នកកាសែត អំឡុងពេល​ចូលរួម​សន្និសីទ​មួយ​នៅក្នុង​ទីក្រុង Auckland ប្រទេសញូវ​ហ្សា​លែន​ថា នេះ​គឺជា​លើកទីមួយ​ហើយ ដែល​មេដឹកនាំ​កូរ៉េខាងជើង នឹង​បំពេញ​ទស្សនកិច្ច​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​។ ប៉ុន្តែ​លោក​ថា មិនទាន់​ដឹង​ពេលវេលា​ជាក់លាក់ ដែល​លោក​គីម នឹង​ធ្វើដំណើរ​មកកាន់​ទីក្រុង​សេ​អ៊ូ​ល​នៅឡើយ​ទេ​។ លោក​មូន ជែ​អ៊ីន​និយាយទៀតថា ដំណើរ​ទស្សនកិច្ច​មួយ​នេះ​នឹង បង្កើនល្បឿន​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅក្នុង​ឧបទ្វីប​កូរ៉េ​។​

​គួរ​ជម្រាបជូន​ថា លោក​គីម ជុង​អ៊ុន​មិនដែល​ធ្វើដំណើរ​ទៅកាន់​ក្រុង​សេ​អ៊ូ​ល​ទេ គឺ​ធ្លាប់តែ​ធ្វើដំណើរ​ទៅកាន់​តំបន់​ព្រំដែន​នៃ​ប្រទេស​កូរ៉េខាងត្បូង ជាប់​ជាមួយ​កូរ៉េខាងជើង​ម្តង​។ ការឈាន​ជើង​ជាន់​ទឹកដី​កូរ៉េខាងត្បូង កាលពី​ខែមេសា​ឆ្នាំ​២០១៨​នោះ ដើម្បី​ចូលរួម​ជួបពិភាក្សា​ជា​ប្រវត្តិសាស្ត្រ ជាមួយ​លោក​មូន ជែអ៊ីន​។ដោយឡែក បើ​និយាយ​ពី​ជំនួប​រវាង​លោក​គីម ជុង​អ៊ុន និង​លោក​មូន ជែ​អ៊ីន​វិញ មេដឹកនាំ​ទាំងពីរ បាន​ជួបគ្នា​បី​លើក ដោយ​លើកទីមួយ​ធ្វើឡើង​នៅ​ខែមេសា​ឆ្នាំ​២០១៨ នៅ​ព្រំដែន​កូរ៉េខាងត្បូង លើក​ទី​ពីរ​នៅ​ខែ​ឧសភា នៅ​ព្រំដែន​ខាង​កូរ៉េខាងជើង និង​លើក​ទី​បី​នៅ​ខែកញ្ញា នៅក្នុង​ទីក្រុង​ព្យុងយ៉ាង ប្រទេស​កូរ៉េខាងជើង​៕​

ព័ត៌មានផ្សេងទៀត