រដ្ឋសភា​​​កំពុង​​សិក្សា​​​ដើម្បីឱ្យ​​មន្ត្រីអតីត​​បក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​នយោបាយ​ឡើងវិញ​

03-12-2018 3:15 pm
  ស្តាប់
ស្តាប់ជាសំឡេង

រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​០៣ ធ្នូ​នេះ បានឱ្យដឹងថា រដ្ឋសភា​កំពុង​សិក្សា​ដើម្បី​ដក​បម្រាម​ធ្វើ​នយោបាយ​របស់​អតីត​ថ្នាក់ដឹកនាំ​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ១១៨​នាក់ ឱ្យធ្វើ​នយោបាយ​ឡើងវិញ​។​នេះបើយោងតាម​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​។ ​ជាមួយគ្នានេះ ​រាជរដ្ឋាភិបាល ប្រកាស​បើកឱកាស​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ដូចជា វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) វិទ្យុ​អាស៊ីសេរី (RFA) បើក​ការិយាល័យ​នៅក្នុង​ប្រទេស​កម្ពុជា​ឡើងវិញ​ផង​។​

«​ដើម្បី​លើក​កំពល់​លទ្ធិប្រជាធិបតេយ្យ និង នីតិរដ្ឋ​បន្ថែមទៀត រដ្ឋសភាជាតិ​នៃ​កម្ពុជា កំពុងតែ​សិក្សា​ពិនិត្យ​បញ្ញាត្តិ​ច្បាប់ផ្សេងៗ ដើម្បី​អនុញ្ញាតអោយ​បុគ្គល​ដែល​ជាប់​បម្រាម​សកម្មភាព​នយោបាយ អាច​ចាប់ផ្តើម​សកម្មភាព​នយោបាយ​របស់ខ្លួន​ឡើងវិញ​»​។ នេះ​ជា​ការលើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃទី​០៣ ខែ​ធ្នូ​។​

ជា​សេចក្តីថ្លែងការណ៍ ដើម្បី​សម្រួល​ដល់​ស្ថានការណ៍​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​នៅ​កម្ពុជា អង្គការ​សង្គម​ស៊ីវិល និង​អ្នកនយោបាយ​ក្រុម​ប្រឆាំង ដែល​ត្រូវ​តុលាការ​ហាមឃាត់​សិទ្ធិ​ធ្វើ​នយោបាយ​កន្លងទៅ​។​ក្នុង​សេចក្តីថ្លែងការណ៍ រាជរដ្ឋាភិបាល បាន​គូសបញ្ជាក់ថា បច្ចុប្បន្ន​រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​យន្តការ​ពិគ្រោះ​យោបល់​ដែលមាន​លក្ខណៈ​ចូល​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​ប្រមូល​ធាតុ​ចូល​ពហុ​វិស័យ ជា​ប្រយោជន៍​ដល់​ការកសាង​ប្រទេស​កម្ពុជា​។​

​ជាមួយគ្នា​នោះ រដ្ឋាភិបាល​ក៏បាន​អំពាវនាវ​អោយ​អង្គ​តុលា​ដែលជា​ស្ថាប័ន​ឯករាជ្យ ពន្លឿង​នីតិវិធីសវនកា​ររ​បស់​បុគ្គល​ដែលជាប់​បណ្តឹង​នៅ​តុលាការ ឬ​ត្រូវបាន​គេ​ចោទប្រកាន់​ស្របតាម​នីតិវិធីតុលាកា​រ ដើម្បី​ការពារ​សិទ្ធិ​ពួកគាត់​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​។​

​ក្រៅពី​បើកភ្លើង​ខៀវ​ឱ្យ​ក្រុមប្រឆាំង​អាចធ្វើ​នយោបាយ​ឡើងវិញ រដ្ឋាភិបាល​ក៏បាន​បើកផ្លូវ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ដូចជា វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) វិទ្យុ​អាស៊ីសេរី (RFA) បើក​ការិយាល័យ​នៅក្នុង​ប្រទេស​កម្ពុជា​។ ដោយឡែក​សម្រាប់​កាសែត Cambodia Daily រាជរដ្ឋាភិបាល​ក៏​បានបង្ហាញ​ឆន្ទៈ​អនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ​ផងដែរ បើសិនជា​បង់ពន្ធ​ជូន​រដ្ឋ​រួចរាល់​។​

​ជា​ការកត់សម្គាល់ ក្រៅពី​ផ្តល់ឱកាស​ដល់​សារព័ត៌មាន​បរទេស​ដែល​បាន​បិទ រាជរដ្ឋាភិបាល​កម្ពុជា ក៏​សន្យា​បន្ត​ដោះស្រាយ​បញ្ហាដីធ្លី​ដែល​នៅ​សេសសល់ និង​សម្រួល​ដល់​សកម្មភាព​អង្គការ​សង្គម​ស៊ីវិល និង​សហជីព នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។ រដ្ឋាភិបាល​សង្ឃឹមថានឹង​មាន​ការជួយ​គាំទ្រ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​រួមចំណែក​ក្នុង​កិច្ចប្រឹងប្រែង​របស់​រដ្ឋាភិបាល និង​សំដៅ​ធានា​បង្កើត​សង្គម​មួយ​ប្រកបដោយ​សន្តិភាព និង គោរព​នីតិរដ្ឋ​៕

ព័ត៌មានផ្សេងទៀត