អ៊ីរ៉ង់​បន្ត​អភិវឌ្ឍ​និង​ធ្វើតេស្ត​មី​ស៊ី​លទោះបី​អាមេរិក​ប្រឆាំង​

03-12-2018 2:54 pm
  ស្តាប់
ស្តាប់ជាសំឡេង

​កាលពី​ថ្ងៃអាទិត្យ អ្នកនាំពាក្យ​កងកម្លាំងប្រដាប់អាវុធ​អ៊ីរ៉ង់ លោក Abolfazl Shekarchi បានបញ្ជាក់​ជំហរ នៅតែ​រក្សា​ការអភិវឌ្ឍ​និង​ធ្វើតេស្ត​មី​ស៊ី​ល​របស់ខ្លួន ដោយ​មិនចាំបាច់ សុំ​ការអនុញ្ញាត​ពី​ប្រទេស​ណាមួយ​ឡើយ​។ ព្រោះ​អ៊ីរ៉ង់​ចាត់ទុកថា ការអភិវឌ្ឍ​និង​ធ្វើតេស្ត​មី​ស៊ី​ល​នេះ វា​ស្របទៅតាម​គន្លង​គោលនយោបាយ​ការពារ​ប្រទេស​អ៊ីរ៉ង់​។ អ៊ីរ៉ង់​ធានាថា ការបង្កើន​អំណាច​មី​ស៊ី​ល​របស់​សាធារណៈរដ្ឋ​អ៊ីស្លាម​មួយ​នេះ នឹងមិន​ធ្វើឲ្យមាន​ការប៉ះពាល់ ដល់​ប្រយោជន៍​ប្រទេស​ដទៃ​ណាមួយ​ឡើយ​។​

​លោក​Mike Pompeo​ប្រមុខ​ការទូត​អាមេរិក បាន​និយាយ​រារាំង​ថា ការ​ធ្វើតេស្ត​មី​ស៊ី​ល​ឆ្លង​ទ្វីប​របស់​អ៊ីរ៉ង់ រំលោភ​លើ​ដំណោះស្រាយ របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ លោក​ថា​អាមេរិក ថ្កោលទោស ចំពោះ​សកម្មភាព​ទាំងនេះ ហើយ​អំពាវនាវ​ឲ្យ​អ៊ីរ៉ង់ បញ្ឈប់​រាល់​សកម្មភាព​ទាំងអស់ ដែល​ទាក់ទង​នឹង​មី​ស៊ី​ល​ផ្លោង​។​

​ការលើកឡើង​របស់លោក​Pompeo ត្រូវបាន​រដ្ឋមន្ត្រីក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក Bahram Qasemi ចាត់ទុកថា ជា​សម្តី​គួរឲ្យ​អស់សំណើច និង​បញ្ជាក់ថា កម្មវិធី​មី​ស៊ី​ល​របស់​អ៊ីរ៉ង់​ជា​ផ្នែក​មួយ​នៃ​ការការពារ​សន្តិសុខ និង​ត្រូវបាន​រចនា​ឡើង ដោយ​ផ្អែកលើ​តម្រូវការ​របស់​ប្រទេស​។ លោក​បញ្ជាក់ទៀតថា គ្មាន​ដំណោះស្រាយ​ណាមួយ នៅឯ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​ហាមឃាត់​កម្មវិធី​មី​ស៊ី​ល ឬ​ការសាកល្បង​មី​ស៊ី​ល​របស់​អ៊ីរ៉ង់​នោះទេ​។ អ្នកនាំពាក្យ​អ៊ីរ៉ង់ នៅបាន​រិះគន់​អាមេរិក​ទៀតថា កាលពី​ខែឧសភា អាមេរិក​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ ដោយ​ឯកតោភាគី និង​បានដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​អ៊ីរ៉ង់ ព្រមទាំង​កៀគរ​ប្រទេស​ដ៏​ទៃ​ឲ្យធ្វើតាម​ខ្លួន ទាំង​ដែល​គេ​មិន​ចង់​។ 

​ប៉ុន្តែ​បើទោះបីជា​អ៊ីរ៉ង់​ស្ថិតក្រោម​សម្ពាធ តាមរយៈ​ការដាក់ទណ្ឌកម្ម​ពី​ប្រទេស​លោកខាងលិច រយៈពេល​៤០​ឆ្នាំ​ក្តី ក៏​អ៊ីរ៉ង់​នៅតែ​អាច​សម្រេចបាន​នូវ​សមិទ្ធផល ដ៏​គាប់ប្រសើរ នៅក្នុង​វិស័យ​ការពារជាតិ​របស់ខ្លួន​។ មន្ត្រី​អ៊ីរ៉ង់​អះអាងថា សព្វថ្ងៃនេះ​ប្រទេស​អ៊ីរ៉ង់ ស្ថិតក្នុង​ចំណោម​មហាអំណាច​កំពូល​របស់​ពិភពលោក ក្នុង​ការផលិត​មី​ស៊ី​ល អភិវឌ្ឍ​ប្រព័ន្ធ​រ៉ា​ដា​,​រថពាសដែក​និង​យាន​អាកាស​គ្មាន​មនុស្ស​បើក (UAVs)៕

ព័ត៌មានផ្សេងទៀត