យន្តហោះ​UN ដឹក​ក្រុម​ឧទ្ទាម​មាន​របួសជម្លៀសចេញពី​ប្រទេស​យេមែន​

03-12-2018 10:32 am
  ស្តាប់
ស្តាប់ជាសំឡេង

យន្តហោះ​របស់​អង្គការសហប្រជាជាតិ ត្រូវ​ចុះចត​នៅក្នុង​ព្រលានយន្តហោះ​អន្តរជាតិ ប្រទេស​យេមែន​នៅថ្ងៃចន្ទ​នេះ ដើម្បី​ដឹក​យុទ្ធជន របស់​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​ទៅ​ព្យាបាល​របួស​។ នៅ​ក្នុងនោះ មាន​វេជ្ជបណ្ឌិត​យេមែន​៣​រូប និង​វេជ្ជបណ្ឌិត​របស់​អង្គការសហប្រជាជាតិ​មួយរូប អមដំណើរ​ក្រុម​ឧទ្ទាម ដែលមាន​របួស​ចំនួន​៥០​នាក់ ពី​ទីក្រុង​សា​ណា ទៅកាន់​ទីក្រុង Muscat​ប្រទេស​អូ​ម៉ង់​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រុមចម្រុះ ដឹកនាំ​ដោយ​អា​រ៉ាប៊ីសាអូឌីត​។​

​បេសកកម្ម​សង្គ្រោះ​នេះ ធ្វើតាម​សំណើ​បេសកជន​ពិសេស អង្គការសហប្រជាជាតិ សម្រាប់​ប្រទេស​យេមែន លោក Martin Griffiths ដើម្បី​កសាង​ទំនុកចិត្ត មុននឹង​ចាប់ផ្តើម​ការពិភាក្សា ស្វែងរក​សន្តិភាព​ក្នុងប្រទេស​យេមែន​។ កិច្ចចរចារ​ជាថ្មី​វាង​ក្រុម​ឧទ្ទាម​ហ៊ូ​ធី និង​តំណាង​រដ្ឋាភិបាល គាំទ្រ​ដោយ​អា​រ៉ាប៊ីសាអូឌីត ដែលមាន​ការជួយជ្រោមជ្រែង ពី​អង្គការសហប្រជាជាតិ ត្រូវគេ​រំពឹងថា នឹង​ចាប់ផ្តើម​នៅពេល​ឆាប់ៗ​ខាងមុខនេះ នៅក្នុង​ប្រទេស​ស្វីស​។​

​អង្គការសហប្រជាជាតិ បាន​ព្យាយាម​ធ្វើឲ្យមាន​កិច្ចចរចា​ឡើងវិញ រវាង​រដ្ឋាភិបាល​យេមែន​ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី​លោក Abdrabbuh Mansour និង​ក្រុម​ឧទ្ទាម​ហ៊ូ​ធី គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់ ដែល​គ្រប់គ្រង​តំបន់​ភាគច្រើន​នៅ​ខាងជើង​ប្រទេស​។ កិច្ចចរចា​ជុំ​មុន រៀបចំ​ធ្វើ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ប្រទេស​ស្វីស បាន​ដួលរ​លំនៅ​ខែ​កញ្ញា ដោយសារតែ​ក្រុម​ឧទ្ទាម​ហ៊ូ​ធី មិន​បង្ហាញខ្លួន​នៅក្នុង​កិច្ចប្រជុំ​។

​គួររម្លឹកថា យេមែន​បាន​រងនូវ​ការបំផ្លិ​ច​បំផ្លាញ ដោយសារតែ​ជម្លោះ​រវាង​ក្រុម​ឧទ្ទាម​និង​រដ្ឋាភិបាល រីក​រាលដាល​កាន់តែ​ធំ នៅ​អំឡុង​ដើមឆ្នាំ​២០១៥​។ នៅពេលនោះ ក្រុម​ឧទ្ទាម​បាន​រឹបអូស​យក​តំបន់​ជាច្រើន នៅ​ភាគ​ខាងលិច​ប្រទេស ហើយ​បង្ខំ​ឲ្យ​ប្រធានាធិបតីលោក Abdrabbuh Mansour Hadi និរទេស​ខ្លួន​ទៅ​ក្រៅប្រទេស​។ ដោយសារ​ស្ថានភាព​វឹកវរ មិនអាច​គ្រប់គ្រង​បាន ប្រធានាធិបតី​បានស្នើ​អា​រ៉ាប៊ីសាអូឌីត​ជួយ​អន្ត​រាគម​ន៍​។ អា​រ៉ាប៊ីសាអូឌីត​និង​អា​រ៉ាប់រួម បាន​បង្កើត​ក្រុមចម្រុះ​មួយ ដោយមាន​ការចូលរួម​ពី​បណ្តា​រដ្ឋ​អារ៉ាប់​ចំនួន​៧​ផ្សេងទៀត បើក​ការវាយប្រហារ ប្រឆាំង​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​គាំទ្រ​ដោយ​អ៊ីរ៉ង់ ដើម្បី​សង្គ្រោះ​រដ្ឋាភិបាល​យេ​មែន​។​

​ជម្លោះ​ប្រដាប់អាវុធ បណ្តាលឲ្យ​ជន​ស៊ីវិល​៦,៦៦០​នាក់​ស្លាប់​និង​១០,៥៦០​របួស​។ ក្រៅពីនោះ ជន​ស៊ីវិល​រាប់ពាន់នាក់​ផ្សេងទៀត​បាន​ស្លាប់ ដោយសារ​កង្វះ​អាហារូបត្ថម្ភ​និង​ជំងឺ ព្រោះ​សេវា​សុខភាព​ចុះ​អន់ថយ​។ នេះ​បើតាម​របាយការណ៍ ពី​អង្គការសហប្រជាជាតិ​។ អ្វីដែល​ជា​ក្តីព្រួយបារម្ភ​ដែរនោះ គឺ​ជោគវាសនា​ជន​ស៊ីវិល​រាប់ពាន់នាក់ ដែល​កំពុង​រស់នៅក្នុង​តំបន់ កាន់កាប់​ដោយ​ក្រុម​ឧទ្ទាន​នៅ ក្រុង​កំពង់ផែ​Hudaydah៕
​​

ព័ត៌មានផ្សេងទៀត