លោក​ម៉ា​ក្រុងណែនាំ​ឲ្យ​នាយករដ្ឋមន្ត្រីរៀបចំ​កិច្ចប្រជុំ​ជាមួយ​តំណាង​អ្នក​តវ៉ា​

03-12-2018 9:33 am
លោក​អេ ម៉ា​ណូអែល ម៉ា​ក្រុង​នៅកណ្តាលខាងឆ្វេងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោកChristophe Castanerព្រមទាំងក្រុមការងារអំឡុងពេលពិនិត្យនៅកន្លែងតវ៉ា

​ត្រឡប់​ពី​ចូលរួម​កិច្ចប្រជុំ​G20 នៅ​ប្រទេស​អា​ហ្សង់​ទីន មកដល់​ប្រទេស​បារាំង​ភ្លាម លោក​អេ ម៉ា​ណូអែល ម៉ា​ក្រុង​ប្រធានាធិបតី​បារាំង ប្រញាប់ប្រញាល់ ធ្វើដំណើរ​ទៅ​ពិនិត្យមើល​នៅ Arc de Triomphe កន្លែង​ដែលមាន​អំពើហិង្សា​កើតឡើង រវាង​ក្រុមបាតុករ​និង​ប៉ូលិស​បង្ក្រាប​កុប្បកម្ម​។ ក្រោយមក​លោក​ម៉ា​ក្រុង នៅ​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០១៨ បាន​បើក​កិច្ចប្រជុំ​បន្ទាន់ ជាមួយ​សមាជិក​រដ្ឋាភិបាល​របស់លោក​។  លោក​ម៉ា​ក្រុង​បាន​ស្នើឲ្យ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រៀបចំ​កងកម្លាំង​សន្តិសុខសម្រាប់​ការពារ នៅពេល​មាន​ការតវ៉ា​ជាថ្មី​នៅ​ថ្ងៃ​ខាងមុខ​។ ទន្ទឹមនឹងនោះ លោក​បាន​ចាត់វិធានការ​ដោះស្រាយ​បញ្ហា​នេះ ដោយ​ឲ្យ​នាយករដ្ឋមន្ត្រី រៀបចំ​កិច្ចប្រជុំ​ពិភាក្សា ជាមួយ​មេដឹកនាំ​គណបក្សនយោបាយ និង​តំណាង​អ្នក​តវ៉ា​។​

​គួរ​ជម្រាបជូន​ថា នៅ​ថ្ងៃ​សៅរ៍​ទី​១​ខែធ្នូ​ឆ្នាំ​២០១៨ ក្រុមបាតុក​អាវកាក់​ពណ៌​លឿង បាន​បន្តប្រមូលផ្តុំ​គ្នា​តវ៉ា​ប្រឆាំងនឹង​តម្លៃ​ប្រេងឥន្ធនៈ​ឡើងថ្លៃ​។ ប៉ុន្តែ​ការតវ៉ា​បាន​ក្លាយជា​អំពើហិង្សា ដុត​អាគារ ដុត​រថយន្ត បិទផ្លូវ និង​គប់​វត្ថុ​រឹង​ដាក់​ប៉ូលិស​បង្ក្រាប​កុប្បកម្ម ខណៈ​ប៉ូលិស​ចាត់វិធានការ​បង្ក្រាប ដោយ​បាញ់​ទឹក បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក និង​គប់​គ្រាប់​បែកផ្សែង ដាក់​លើ​ក្រុមបាតុករ ដើម្បី​បំបែក​ការប្រមូលផ្តុំ​នេះ​។ នៅក្នុង​ហេតុការណ៍​នេះ បណ្តា​លឲ្យមនុស្ស​១៣៣​នាក់​របួស និង​មនុស្ស​ជាង​៤០០​នាក់​ផ្សេងទៀត ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលិស​៕

ព័ត៌មានផ្សេងទៀត