២ធ្នូ១៩៧៨ - ២ធ្នូ ២០១៨ ជាខួបទី៤០ឆ្នាំ នៃចលនាផ្តួលរំលំ របបដឹកនាំសម្លាប់រង្គាល របស់ពួកខ្មែរក្រហម។ រណសិរ្សរំដោះជាតិដែលគាំទ្រ ដោយកងទ័ពវៀតណាម បានទទួលជ័យជម្នះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ៤០ឆ្នាំ បានកន្លងផុតទៅ ២ធ្នូ គឺជាសារមួយ រម្លឹកអំពីចលនារំដោះជាតិ ប្រឆាំងនឹងមេដឹកនាំ ដែលកាច់ចង្កូតប្រទេស ទៅរកក្តីវិនាសអន្តរាយ។
យ៉ាងណាក៏ដោយអ្នកនយោបាយ ដែលមាននិន្នាការខុសគ្នា បានផ្តល់តម្លៃទៅលើថ្ងៃប្រវត្តិសាស្ត្រផ្សេងៗគ្នាដែរ។ សម្រាប់គណបក្សប្រជាជន បើគ្មានថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ ក៏គ្មានថ្ងៃ៧មករា ឆ្នាំ១៩៧៩ ហើយក៏គ្មានជំនួបរវាងសម្តេចសីហនុ - លោកហ៊ុន សែន ឆ្នាំ១៩៨៧ ហើយក៏គ្មាន២៣តុលា ១៩៩១ដែរ។
ការឲ្យតម្លៃនេះផ្ទុយពីគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន ដែលទទួលស្គាល់តែថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ថាជាថ្ងៃនាំសន្តិភាព ដល់កម្ពុជា។
បើយើងរំលឹកទៅអតីតកាល ថ្ងៃនេះកាលពីឆ្នាំ១៩៧៨ ចលនាតស៊ូឈ្មោះ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បានកើតឡើងនៅឯស្រុកស្នួល ខេត្តក្រចេះ។ គោលដៅនៃរណសិរ្សនេះ គឺផ្តួលរំលំរបបខ្មែរក្រហម ដែលបានប្រែទឹកដីសុវណ្ណភូមិដ៏រុងរឿងមួយ ទៅជាវាលពិឃាត ពោរពេញដោយការកាប់សម្លាប់ និងឈាមពាសពេញដី ចន្លោះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
នៅពេលប្រទេសកម្ពុជា ស្ថិតក្នុងចំណុចសូន្យ ដែលជាគ្រោះមហន្តរាយធ្ងន់ធ្ងរជាងគេ ក្នុងប្រវត្តិសាស្ត្រ។ ការកកើតឡើង នៃរណសិរ្ស២ធ្នូ ពិតណាស់គឺដើម្បីរើបម្រះនឹងការជិះជាន់ តាមរយៈការងើបតស៊ូ ដើម្បីផ្តួលរំលំ។
មិនអត់ឡើយចលនាតស៊ូ ក្រោយថ្ងៃ២ធ្នូ ក៏ប៉ុន្តែចលនា២ធ្នូ គឺជាចំណុចផ្តើមមួយ។
ទីបំផុតវប្បធម៌ប្រជាធិបតេយ្យ ចាប់ផ្តើមដុះពន្លក លើទឹកដី ដែលធ្លាប់តែប្រយុទ្ធគ្នាដោយអាវុធ ប្តូរទៅជាទីលានប្រកួតប្រជែង ដោយការបោះឆ្នោត តាមបែបប្រជាធិបតេយ្យ នៅឆ្នាំ១៩៩៣។
មកដល់ថ្ងៃនេះ ទស្សនៈ២ បានលេចឡើងលើថ្ងៃ២ធ្នូ។ ក៏ប៉ុន្តែតើយើងគួរតែជជែក រកឈ្នះចាញ់ នឹងប្រវត្តិសាស្ត្រដែលកន្លងទៅ រឺគួរតែថែរក្សាអ្វី ដែលកំពុងកើតមាន?
ចង់មិនចង់ថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ បានបញ្ឈប់ការបង្ហូរឈាម។ សួរថាអ្វីទៅជាភាពប្រសើរ? យ៉ាងហោចណាស់ រយៈពេល៣៩ឆ្នាំមកនេះ ពលរដ្ឋខ្មែរមានសិទ្ធសេរីភាព គ្មានឡើយការនិរាស ព្រាត់ប្រាស់ គ្មានការគៀងគរប្រជាជនទៅសម្លាប់ ដូចសត្វធាតុ ហើយវត្តមានសង្គ្រាមស៊ីវិល ក៏លែងមានទៀតដែរ។
បដិសេធមិនបានថា កម្ពុជានៅមានផ្លូវវែងឆ្ងាយ តទៅទៀត ដើម្បីលុបបំបាត់ភាពអសកម្ម លើប្រព័ន្ធយុត្តិធម៌ អំពើពុករលួយ បញ្ហាដីធ្លី -ល-។ ក៏ប៉ុន្តែពលរដ្ឋខ្មែររូបណា ចង់ឲ្យប្រទេសខ្លួន ត្រឡប់ទៅរកភាពវឹកវរ ពោរពេញដោយស្នាមឈាម យ៉ាងជូរចត់ដូចគ្រាមុន?
ដើម្បីគោលដៅនេះ មានច្រើនកត្តាក្នុងការធ្វើឲ្យប្រទេសមួយមានសន្តិភាព។ សន្តិភាពដែលមួយភាគ គឺពឹងលើអ្នកនយោបាយ និងមួយភាគទៀតពឹងលើប្រជាជន។
មិនបាច់មើលទៅណាឆ្ងាយ វិនាសកម្ម នៅបណ្តាប្រទេស មួយចំនួនដូចជា ក្នុងពិភពអារ៉ាប់បានកើតឡើង ក្រោយការប្រឆាំងបំផុសបំផុល អំពីការផ្លាស់ប្តូរអ្នកដឹកនាំប្រទេស តាមរយៈចលនាបះបោរទម្លាក់មេដឹកនាំជាដើម។
ភាពល្ងង់ខ្លៅរបស់អ្នកនយោបាយ នយោបាយ ដែលមិនចេញពីឆន្ទៈនឹងនាំប្រទេសឲ្យលិចលង់។
រូបភាពទាំងនេះ ធ្វើឲ្យពលរដ្ឋខ្មែរខ្លាចរអា នូវការលេចឡើងចលនាណាមួយ ដែលនឹងប្រែប្រទេសនេះ ក្លាយជាផេះផង់សារជាថ្មី។ ចុងក្រោយ អ្នករងគ្រោះគឺជាប្រជាជន ។
ដូច្នេះហើយតាមរយៈបទពិសោធ ពីអតីតកាល គួបផ្សំមេរៀន ពីប្រទេសមួយចំនួន អ្នកនយោបាយខ្មែរ គប្បីកុំឲ្យរឿងចាស់ កើតលើទឹកដីថ្មី។
អ្នកនយោបាយ គួរជៀសវាងយុទ្ធសាស្ត្រនយោបាយណាមួយ នាំទៅរកការបែកបាក់ រវាងខ្មែរ និងខ្មែរ ក្រោមរូបភាពលាបពណ៌ ញុះញង់ ក្តិចត្រួយ រឺជាន់ពន្លិច។
ទង្វើដ៏ប្រសើរ និងជាការចង់បាន របស់ប្រជាជន គឺអ្នកនយោបាយដែលយកសន្តិភាពជាធំ គិតគូរផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនជាធំ មិនមែនអំណាចរឺការចង់ឈ្នះ ដោយមិនគិតពីលទ្ធផល ដោយមិនគិតពីទុក្ខសោក របស់ប្រជាជនឡើយ៕
ដោយ៖ យ៉ាន់ លីណា