ទម្រង់​ល្ខោន​មួយបែប​ស្រដៀង​ល្ខោន​ខោល ហាក់​ពុំ​សូវ​មាន​អ្នក​ស្គាល់​

30-11-2018 5:54 pm
  ស្តាប់
រូបភាព Screenshot ពីវីដេអូ ការសម្តែងល្ខោនពោលស្រី រឿងជ័យជេត របស់ក្រុមនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ។
ស្តាប់ជាសំឡេង

«​ល្ខោនពោល​ស្រី​» ជា​ទម្រង់​ល្ខោន​មួយ​ប្រភេទ ដែល​មាន​ការសម្តែង​ស្រដៀង​គ្នា​ទៅ​នឹង​សិល្បៈ​ល្ខោន​ក្បាច់បុរាណ និង​ល្ខោនខោល​ដែរ តែ​ទាស់​ត្រង់​ថា រាល់​តួ​សម្តែង​ក្នុង​ល្ខោន​ប្រភេទ​នេះ គ្រប់​តួអង្គ​ទាំងអស់ គឺ​សុទ្ធតែ​ជា​ស្រី សូម្បី​តួអង្គ​ប្រុស​ក៏ដោយ ។ សិល្បការិនី អ្នក​សម្តែង​ទាំងអស់ សុទ្ធតែ​ត្រូវ​រាំច្រៀង ឬ​និយាយ​ខ្លួនឯង​ទាំងអស់ ដែល​ពាក្យ​បច្ចេកទេស​នៅ​ក្នុង​ទម្រង់​នេះ និយម​ហៅ​ថា «​ច្រៀង​ឯង រាំ​ឯង​» ។ ឯកសារ​បាន​បញ្ជាក់ថា ល្ខោនពោល​ស្រី គឺជា​កូនបង្កើត​របស់​ល្ខោន​ព្រះ​រាជទ្រព្យ ។ ទម្រង់​ល្ខោន​នេះ មាន​អ្នកគ្រូ​ម្នាក់ ឬ​តា​ម្នាក់​ជា​អ្នក​ពោល កាត់កង​ឆាក ។ ល្ខោន​នេះ ជា​ទម្រង់​ល្ខោន​បែ​បរាប់​រឿង មាន​ចរិត​លក្ខណៈ​ប្រពៃណី​ខ្មែរ​សុទ្ធសាធ ។ យ៉ាងណាក៏ដោយ ពុំ​មាន​ឯកសា​រណា​អាច​បញ្ជាក់​ច្បាស់​អំពី ប្រភព កាលបរិច្ឆេទ​កំណើត ឬ​ការ​វិវឌ្ឍន៍​នៃ​ទម្រង់​នេះឡើយ  ដោយ​អាចសន្និដ្ឋាន​ត្រឹម​ថា អាច​នឹង​កើត​ក្នុង​រជ្ជកាល​បួន​ផ្សេងគ្នា ...

​ល្ខោនពោល​ស្រី គឺជា​ទម្រង់​ល្ខោន​ច្រៀង​រាំ​បុរាណ​មួយ ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​សិល្បៈ​ល្ខោន​ក្បាច់បុរាណ និង​ល្ខោនខោល​ដែរ ទាំង​តន្ត្រី​ប្រគុំ​ជូន​ល្ខោន ទាំង​សំលៀកបំពាក់ សំពត់​អាវ​ស្បៃ មកុដ ក្បាំង ប្រដាប់​ដៃជើង និង​អ្នក​សម្តែង គឺ​សុទ្ធតែ​ស្រី​ទាំងអស់ សូម្បី​តែ​តួអង្គ​ប្រុស​ក៏ដោយ ។​

​ប៉ុន្តែ បើ​យើង​ពិនិត្យ​លើ​របៀប​សម្តែង​វិញ យើង​សង្កេតឃើញថា មាន​ភាពខុស​គ្នា​ឆ្ងាយ​ពី​ទម្រង់​ល្ខោន​បុរាណ ឬ​ល្ខោន​ព្រះរាជ​ទ្រព្យ​ខ្មែរ ព្រោះ​ល្ខោន​ក្បាច់បុរាណ​ខ្មែរ ដែល​មាន​តួ​សុទ្ធតែ​ស្រីៗ បញ្ចេញ​តែ​កាយវិការ​ដ៏​ទន់ភ្លន់ ប្រណីត​ទៅតាម​ទំនុក​ចម្រៀង​របស់​ក្រុម​អ្នក​ច្រៀង​ជា​ពួក មិន​មាន​និយាយ ឬ​ច្រៀង​ខ្លួនឯង​ឡើយ ។ 

​ផ្ទុយទៅវិញ នៅ​ក្នុង​ទម្រង់​ល្ខោនពោល​ស្រី ដែល​ក្បាច់​បាត​យកតាម​លំ​អាន ល្ខោន​ក្បាច់បុរាណ​ខ្មែរ ឬ​ល្ខោន​ព្រះរាជ​ទ្រព្យ​នោះ ក្រៅ​ពី​ពាក្យ​ពោល​ដែល​រៀបរាប់​សាច់រឿង ឬ​កាត់កង​ឆាក ដោយ​អ្នក​ពោល​ស្រី សិល្បការិនី អ្នក​សម្តែង ទាំង​តួអង្គ​ប្រុស សុទ្ធតែ​ត្រូវ​រាំច្រៀង ឬ​និយាយ​ខ្លួនឯង​ទាំងអស់ ដែល​ពាក្យ​បច្ចេកទេស​នៅ​ក្នុង​ទម្រង់​នេះ និយម​ហៅ​ថា «​ច្រៀង​ឯង​រាំ​ឯង​» ។ ឯ​តួអង្គ​ដែល​ពាក់​មុខ​ដូចជា​យក្ស ស្វា ឥ​សី ។​ល​។ ពេល​ត្រូវ​និយាយ គឺ​ត្រូវ​បង្ហើប​មុខ​រុញ​ឡើងលើ ហើយ​និយាយ ។ លក្ខណៈ​នេះ យើង​ឃើញ​មាន​ភាពដូចគ្នា​បេះបិទ និង​ទម្រង់​សិល្បៈ​យីកេ ដែល​សម្តែង​រឿងបុរាណៗ ដែល​មាន​តួយក្ស តួ​ស្វា តួ​គ្រុឌ​ជា​ដើម​នោះ ។ ឯ​សិល្បករ​ប្រុសៗ អាច​ដើរតួ​ជា​ឥសី​ត្លុក​កំប្លែង និង​តួអង្គ​សត្វ​ផ្សេងៗ​ដូចជា​សេះ​ជាដើម ។​

​យោង​តាម​សៀវភៅ​ទស្សនីយភាព​ខ្មែរ​បោះពុម្ព​ឆ្នាំ​២០០៣​បានបញ្ជាក់​ថា ពុំមាន​ប្រភព​ច្បាស់​ការណ៍​អាច​បញ្ជាក់​ពី ប្រភព កាលបរិច្ឆេទ​កំណើត និង​ការ​វិវឌ្ឍន៍​របស់​ទម្រង់​ល្ខោនពោល​ស្រី​នេះ​ទេ ប៉ុន្តែ បើ​តាម​ការសង្កេត​ឃើញថា ទម្រង់​នេះ មាន​តែ​នៅក្នុង​ស្រុក​ខ្លះៗ​នៃ​ខេត្ត​កណ្តាល ដូចជា​ស្រុក​កៀនស្វាយ និង​ស្រុក​ខ្សាច់​កណ្តាល​ប៉ុណ្ណោះ ហើយ​បើ​តាម​ព័ត៌មាន​ខ្លះៗ ដែល​ក្រុម​អ្នកស្រាវជ្រាវ​បាន​ទទួល យើង​អាចសន្និដ្ឋាន​បណ្តោះអាសន្ន​ថា ល្ខោនពោល​ស្រី​នេះ គឺជា​កូនបង្កើត​របស់​ល្ខោន​ព្រះ​រាជទ្រព្យ ។​

​ស្រប​តាម​ការសន្និដ្ឋាន ល្ខោនពោល​ស្រី អាច​នឹង​ចាប់កំណើត​នៅក្នុង​រជ្ជកាល​៤​ផ្សេងគ្នា ។ 

​ទី​១. អាច​កើតមានឡើង​ក្នុង​សម័យ​លង្វែក ពិសេស​ក្នុង​រជ្ជកាល​ព្រះ​បរម ខន្តិ​យាមហា​ច័ន្ទ​រាជា (១៥១៦-១៥៦៦) ព្រោះ​ឯកសារ​មួយចំនួន​បាន​ឱ្យដឹងថា ព្រះអង្គ​ជា​ព្រះមហាក្សត្រ​ប្រកប​ដោយ​កិត្យានុភាព និង​មាន​ព្រះ​កិត្តិយស​ក្រអូប​នៅក្នុង​ប្រវត្តិសាស្ត្រ​ជាតិ​កម្ពុជា ។ ព្រះអង្គ​ទ្រង់​រាជ្យ​ប្រកបដោយ​ទសពិធ​រាជធម៌ ព្រះអង្គ​ទ្រង់​បាន​ប្រមូល និង​សំរិតសំរាំង​អស់​អ្នកប្រាជ្ញ​រាជបណ្ឌិត ទាំង​ខាង​ផ្លូវ​លោក ទាំង​ខាង​ផ្លូវ​ធម៌ ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ ព្រមទាំង​គម្ពីរ ដីកា ក្រាំង សា​ស្ត្រា ឯកសារ​ទាំងអស់​ទុកជា​គ្រឹះ​ព្រះ​នគរ ហើយ​ទ្រង់​បាន​លើកតម្កើង​ការកសាង​វប្បធម៌​ជាតិ មាន​ចាត់​ឱ្យ​ហាត់​ល្ខោន​ប្រុស ល្ខោន​ស្រី ចម្រៀង តូរ្យតន្ត្រី​សព្វបែបយ៉ាង​សម្រាប់​ជា​ព្រះ​ឥស្សរិយយស​ជា​ដើម​ផង ។​

​ទី​២. ល្ខោនពោល​ស្រី អាច​កើតមាន​នៅក្នុង​រជ្ជកាល​ព្រះបាទ​ស្រី​សុរិយោ​ពណ៌ (១៦០៣-១៦១៨) ដែល​ទ្រង់​សោយរាជ្យ​នៅ​រាជវាំង​កោះស្លាកែត (​សព្វថ្ងៃ ហៅ​កោះនរា​) ស្រុក​ព្រៃ​ល្វា​ផ្អែម គឺ​ស្រុក​ល្វាឯម ដែល​ស្ថិត​មិន​ឆ្ងាយ​ប៉ុន្មាន ពី​ស្រុក​កៀនស្វាយ ក្នុង​ខេត្ត​កណ្តាល ដែល​មាន​ក្រុម​សិល្បៈ​ល្ខោនពោល​ស្រី​សព្វថ្ងៃ ។​

​ទី​៣. ទម្រង់​ល្ខោនពោល​ស្រី អាច​កើតមាន​នៅក្នុង​សម័យ ព្រះ​រាជសម្ភារ​ពញាតូ (១៦២៩-១៦៣៤) ដែល​ជា​ព្រះមហាក្សត្រ​មួយអង្គ ទ្រង់​ជក់​ព្រះទ័យ​ក្នុង​វិស័យ​អក្សរសាស្ត្រ​ណាស់ ហើយ​ដែល​ពីដំបូង ទ្រង់​គង់​នៅ​រាជធានី​ឧត្តុង្គ រួច​ព្រះអង្គ​ទ្រង់​យាង​ចេញពី​រាជធានី​ឧត្តុង្គ​នេះ ទៅ​គង់នៅ​វាំង​កោះ​ឃ្លោក (​សព្វថ្ងៃ ហៅ​កោះ​ឧកញ៉ា​តី ស្រុក​ខ្សាច់កណ្តាល​) ដើម្បី​និង​បំពេញ​កិច្ច​ខាង​អក្សរសាស្ត្រ ដែល​ប្រហែល​ជា ទ្រង់​នាំ​ទាំង​ក្រុម​សិល្បៈ​ល្ខោនពោល​ស្រី​នេះ មក​ជាមួយ​ផង ដោយ​ទុក​កិច្ចការ​ផែនដី​ថ្វាយ​ព្រះ​ឧទ័យ ជា​ព្រះ​បិតុលា គឺ​ឪពុកមា​ងារ​ជា​ឧបរាជ​ឱ្យ​គង់​នៅ​រាជធានី ឧត្តុង្គ​មើល​កិច្ចការ​ជំនួស ។ ហើយ​ប្រហែលជា​មាន​គ្រូ​ល្ខោនពោល​ស្រី​ដែល​សេសសល់​ពី​រាជវាំង​កោះ​ឃ្លោក​នោះមក ហើយ​ដែល​មក​បន្ត​បង្រៀន​ក្រុម​ល្ខោនពោល​ស្រី​នៅ​កៀនស្វាយ ដែល​យើង​ឃើញ​មាន​វត្តមាន​រហូតដល់​សព្វថ្ងៃនេះ ។​

​និង​ការសន្និដ្ឋាន​ទី​៤. ទម្រង់​ល្ខោនពោល​ស្រី​នេះ អាច​កើតមាន​នៅក្នុង​រាជ​ក្សត្រ​អង្គ​ម៉ី (១៨៣៣-១៨៤០) ដែល​គង់​នៅ​រាជវាំង កោះស្លាកែត ជិត​ស្រុក​កៀនស្វាយ ក្នុង​ខេត្ត​កណ្តាល​នេះឯង ។​

​បន្ថែម​ទៅលើ​នេះ បើ​យោង​តាម​សៀវភៅ​មួយ​និយាយ​អំពី​មរតក​វប្បធម៌​អ​រូបិយ របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បោះពុម្ព​ឆ្នាំ​២០១៧ ត្រង់​ទំព័រ​១២១ បានបញ្ជាក់​ថា ក្នុង​អំឡុង​ឆ្នាំ​១៨៧៨ មាន​សិល្បករ​ម្នាក់​ឈ្មោះ​ជិន ជា​គ្រូ​ល្ខោន​ធំ​មក​ពី​កោះ​ឧកញ៉ា​តី បាន​ទៅ​បង្ហាត់បង្រៀន​ក្បាច់​ល្ខោនពោល​ស្រី នៅ​វត្ត​កៀនស្វាយ​ក្រៅ ខេត្ត​កណ្តាល ។ 

​សព្វថ្ងៃនេះ សិស្ស​ជំនិត​របស់គាត់ គឺ​លោកយាយ​ជា មុត អាយុ​៧០​ឆ្នាំ ដែល​ជា​តួឯក​ល្ខោនពោល​ស្រី​កាលសម័យ​នោះ បាន​បង្រៀន​ល្ខោន​នេះ​ឡើង​វិញ នៅ​វត្ត​កៀនស្វាយ​ក្រៅ បន្ទាប់​ពី​ឈប់​សម្តែង​អស់​រយៈពេល​ជាង​៤០​ឆ្នាំ ។ ល្ខោនពោល​ស្រី​រឿង «​ជ័យ​សែន​» ក្រុម​វត្ត​កៀនស្វាយ​ក្រៅ បាន​សម្តែង​នៅ​សាលចតុម្មុខ​កាលពី​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​១៩៩៩ ក្រោម​ការឧបត្ថម្ភ​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ និង​អង្គការ​យូណេស្កូ ។​

​ល្ខោន​នេះ ត្រូវ​បាន​ធ្វើឱ្យ​រស់​ឡើង​វិញ ដោយសារ​ការជួយជ្រោមជ្រែង​របស់​សាស្ត្រាចារ្យ ពេជ្រ ទុំ​ក្រ​វ៉ិល​, សាស្ត្រាចារ្យ ហង្ស សុ​ត​, លោក ចិន្ត នាគ​, លោក សុខ សំអឿន​, អ្នកគ្រូ ប៉ែន សុខ​ជា​, អ្នកគ្រូ ហ៊ុល ភឿន​ណា​រី និង​លោក អ៊ាង គឹមអ៊រ ៕

ព័ត៌មានផ្សេងទៀត