ការប៉ះទង្គិច​រវាង​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​​នៅ​ដែនសមុទ្រ​​ជា​ផែនការ​​រៀបចំ​ទុក​មុន​?

27-11-2018 4:27 pm 5118
ប្រធានាធិបតីអ៊ុយក្រែនលោក​Petro Poroshenko

​ភាព​តានតឹង​បាន​ផ្ទុះឡើង​ជាថ្មី​រវាង​អ៊ុយ​ក្រែ​ននិង​រុស្ស៊ី គឺ​រុស្ស៊ី​បាន​រឹបអូស​នាវា​កងទ័ពជើងទឹក​អ៊ុយ​ក្រែន​បី​គ្រឿងកាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដា​ហ៍មុន​។ មុន​ឈានដល់​ការ​ឃាត់ឃាំង​នាវា​អ៊ុយ​ក្រែន​ទាំង​បីគ្រឿង នាវា​រុស្ស៊ី​បាន​បើក​ការបាញ់ប្រហារ​របួស​ទា​ហាន​អ៊ុ​យក្រែន​៦​នាក់​ផងដែរ​។ ម្ខាងៗ​ចោទ​ដាក់គ្នា​ទៅវិញទៅមក​ជុំវិញ​ករណីនេះ រហូត​ប្រធានាធិបតី​អ៊ុយ​ក្រែន​ប្រកាស​ដាក់ចេញ​នូវ​ច្បាប់អាជ្ញាសឹក​ក្នុងប្រទេស​។ មាន​សំណួរ​ជាច្រើន​បាន​ចោទសួរ​ឡើង​ថា កាល​ផ្ទុះ​សង្គ្រាម​នៅ​តំបន់​ភាគ​ខាងកើត​អ៊ុ​យក្រែន កាលនោះ​អ៊ុយ​ក្រែន​ចោទថា​កងទ័ព​រុស្ស៊ី​រាប់ពាន់នាក់ និង​រថក្រោះ​រុស្ស៊ី​រាប់រយ​គ្រឿង​ឈ្លានពាន​ចូល​ទឹកដី ចុះ​ហេតុអ្វី​មិន​ប្រកាស​ច្បាប់​អាជ្ញាសឹក​? តែ​ការប៉ះទង្គិច​គ្នា​តិចតួច​នៅ​ដែនសមុទ្រ​ពេលនេះ ម៉េច​បានជា​ចេញ​ច្បាប់អាជ្ញាសឹក​ទៅវិញ​? ពិតជា​មានរឿង​អ្វី​នៅ​ពីក្រោយ​ឬ​យ៉ាងណា​?

​ជា​បន្ដ​សូម​ស្ដាប់​សេចក្ដីរាយការណ៍​ពី​ពេញ ផេង នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​ដូចតទៅ​៖

​សំឡេង​៖

​ឧបទ្ទវហេតុ​ផ្ទុះអាវុធ​និង​ការ​ឃាត់ឃាំង​នាវា​កងទ័ពជើងទឹក​អ៊ុយ​ក្រែន​បីគ្រឿង​ធ្វើ​ឡើងដោយ​រុស្ស៊ី កំពុង​ក្លាយជា​ប្រធានបទ​ក្ដៅ​ថ្មី​មួយទៀត​រវាង​ប្រទេស​ទាំងពីរ​។ កាលពី​ថ្ងៃទី​២៥​វិច្ឆិកា​នាវា​យោធា​អ៊ុយ​ក្រែន​បីគ្រឿង​បាន​ព្យាយាម​បើក​ឆ្លងកាត់​ដែ​ន​ទឹក​Kerch ជា​ដែន​ភ្ជាប់​សមុទ្រ​ខ្មៅ​ទៅនឹង​សមុទ្រ​អា​ហ្សូ​វ ហើយក៏​ជា​ដែន​ខណ្ឌ​ចែក​តំបន់​គ្រី​មេពី​ដែនដី​រុស្ស៊ី​។ រុស្ស៊ី​ថា​នាវា​យោធា​អ៊ុយ​ក្រែន​មិនបាន​ជូនដំណឹង​ពី​ចេតនា​នៃ​ការឆ្លងកាត់​ដែនទឹក​មួយ​នេះ​ទេ ដែល​ធ្វើ​ដូច្នេះ​រំលោភ​លើ​សន្ធិសញ្ញា​ចុះហត្ថលេខា​រួមគ្នា​កាលពី​ឆ្នាំ​២០០៣ ស្ដីពី​ការប្រើប្រាស់​ដែនទឹក​រួម​។ ប៉ុន្ដែ​អ៊ុយ​ក្រែន​បាន​បកស្រាយ​ថា កងកម្លាំង​រុស្ស៊ី​បាន​បើក​ការវាយប្រហារ​ដោយ​បំពាន​លើ​ពួកគេ​តែម្ដង​។​

​ក្រោយ​កើតហេតុ​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក​Petro Poroshenko បាន​ថ្កោលទោស​រុស្ស៊ី​និង​ប្រកាស​ចេញ​ច្បាប់អាជ្ញាសឹក​រយៈពេល​៦០​ថ្ងៃ ដើម្បី​ការពារ​ផលប្រយោជន៍ ការពារ​ប្រជាជន និង​ការពារ​ប្រទេសជាតិ​។ ប៉ុន្ដែ​ដោយសារ​ច្បាប់អាជ្ញាសឹក​រយៈពេល​៦០​ថ្ងៃ​ប្រឈម​នឹង​ការតវ៉ា​ជា​សាធារណៈ ពី​ផលប៉ះពាល់​ដែល​អាច​កើតមាន​ឡើងលើ​ការបោះឆ្នោត​នៅ​ខែមីនា​ឆ្នាំក្រោយ លោក​ប្រធានាធិបតី​ក៏​ស្នើឲ្យ​សមាជិកសភា​គាំទ្រ​ច្បាប់អាជ្ញាសឹក​រយៈពេល​៣០​ថ្ងៃ​វិញ​។ លោក​Poroshenko​ស្នើឲ្យ​អង្គកា​រណាតូ​និង​សហភាព​អឺរ៉ុប​ជួយ​អន្ដរាគមន៍​ផងដែរ និង​ចាត់ទុក​ហេតុការណ៍​ពេលនេះ​ជា​ការឈ្លានពាន​ដ៏​គ្រោះថ្នាក់​បំផុត​។ 

​ការប្រកាស​ច្បាប់អាជ្ញាសឹក​របស់លោក​ប្រធានាធិបតី​អ៊ុ​យក្រែន​Petro Poroshenko កំពុងមាន​សំណួរ​សំខាន់ៗ​ជាច្រើន​ត្រូវ​អ្នកវិភាគ​លើកឡើង ចោទសួរ​រក​មូលហេតុ​។ តាមពិត​ក្នុងអំឡុង​ឆ្នាំ​២០១៤-២០១៥ រុស្ស៊ី​និង​អ៊ុយ​ក្រែ​នក៏មាន​ការប៉ះទង្គិច​យ៉ាងធ្ងន់ធ្ងរ ដូចជា​រុស្ស៊ី​ក្ដោ​បក្ដាប់​យក​តំបន់​គ្រីមេ​របស់​អ៊ុ​យក្រែន សង្គ្រាម​នៅ​តំបន់​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែន​សម្លាប់​មនុស្ស​រាប់សិប​នាក់​។ កាលនោះ​ប្រធានាធិបតី​អ៊ុយ​ក្រែន​ចោទថា​កងទ័ព​រុស្ស៊ី​រាប់ពាន់នាក់ និង​រថក្រោះ​រុស្ស៊ី​រាប់រយ​គ្រឿង បាន​ឈ្លានពាន​ចូល​ទឹកដី​អ៊ុ​យក្រែន ចុះ​ហេតុដូចម្ដេច​បានជា​លោក​មិន​ប្រកាស​ចេញ​ច្បាប់អាជ្ញាសឹក បែរជា​ចេញ​នៅពេលនេះ​គ្រាន់តែ​ប៉ះទង្គិច​តិចតួច​ទៅវិញ​?

​មាន​ការបកស្រាយ​ផ្សេងៗ​គ្នា អ្នកខ្លះ​ថា​ភាព​តានតឹង​រវាង​រុស្ស៊ី​ជាមួយ​អ៊ុយ​ក្រែន​នៅ​ដែនសមុទ្រ ជា​ផែនការ​រៀបចំ​ទុកជាមុន ជា​វិធីសាស្ដ្រ​មួយ​មានបំណង​មិនឲ្យ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីនៅឆ្នាំ​ក្រោយ​អាច​ធ្វើទៅបាន ព្រោះ​លោក​ប្រធានាធិបតី​Petro Poroshenko​កំពុង​ធ្លាក់​ប្រជាប្រិយភាព​ខ្លាំង​។ បើតាម​ការស្ទង់មតិ​ឃើញថា​ការគាំទ្រ​លោក​ធ្លាក់ចុះ ហើយ​នៅ​ពីក្រោយ​បេក្ខជន​គណបក្សប្រឆាំង​។ ជា​ការពិត​ដែល​ត្រូវ​ដឹងថា​នៅពេល​ស្ថិតក្នុង​ស្ថានភាព​សង្គ្រាម នោះ​អាចជួយ​ដល់​ការក្ដោបក្ដាប់​អំណាច​របស់​មេដឹកនាំ ក្រោមលេស​ការពារ​ប្រទេសជាតិ​ពី​ភាពវឹកវរ​និង​ការគំរាមកំហែង​ពី​ខាងក្រៅ​។​

​ច្បាប់អាជ្ញាសឹក​ផ្ដល់​អំណាច​យ៉ាង​ធំធេង​ដល់​រដ្ឋាភិបាល​អ៊ុ​យក្រែន ក្នុង​ការកំណត់​សេរីភាព​ស៊ីវិល​រួមទាំង​សេរីភាព​សារព័ត៌មាន និង​សេរីភាព​នៃ​ការជួបជុំ​។ មានន័យថា​ការចេញផ្សាយ​ព័ត៌មាន​នានា មិន​ថា​កា​បោះពុម្ព​ឬ​តាម​ទូរទស្សន៍ អាច​ត្រូវ​បិទ​ប្រសិនបើ​រដ្ឋាភិបាល​គិតថា​ជា​ការគំរាមកំហែង​សន្ដិសុខ​ជាតិ​។ ច្បាប់អាជ្ញាសឹក​ក៏​អនុញ្ញាតឲ្យ​អាជ្ញាធរ​ហាមឃាត់​ការធ្វើ​បាតុកម្ម​អហិង្សា​និង​សកម្មភាព​ប្រមូលផ្ដុំ​ទ្រង់ទ្រាយ​ធំ​ផ្សេងៗ​ទៀត ដែល​គិតថា​ជា​ការគំរាមកំហែង​។ ទីក្រុង​គៀវ​អាចដាក់​កំហិត​លើ​ការធ្វើដំណើរ​របស់​ប្រជាជន និង​ហាមឃាត់​មិនឲ្យ​ពួកគេ​ចាក​ចេញទៅក្រៅ​ប្រទេសឡើយ​។​

​អ្នកខ្លះ​ទៀត​លើកឡើងថា លោក​ប្រធានាធិបតី​Petro Poroshenko កំពុង​ទាញ​ការចាប់អារម្មណ៍​ពី​ប្រទេស​លោកខាងលិច មុន​កិច្ចប្រជុំ​G20​ចាប់ផ្ដើម​ក្នុងប្រទេស​អា​ហ្សង់​ទីន​សប្ដាហ៍​នេះ ពិសេស​គឺ​មុន​កិច្ច​ជំនួប​កំពូល​រវាង​ប្រធានាធិបតី​អាមេរិក​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​។ ការចាត់វិធានការ​មុនពេល​បោះឆ្នោត​ដូច្នេះ អាចជា​សញ្ញា​ដែលថា​លោក​Poroshenko​ដឹង​ច្បាស់​ថា តំណែង​ប្រធានាធិបតី​របស់លោក​បាន​បរាជ័យ​។ រយៈពេល​៥​ឆ្នាំ​មកហើយ​ប្រជាជន​អ៊ុយ​ក្រែន​ឥលូវនេះ កំពុងស្ថិត​ក្នុងចំណោម​ប្រទេស​ក្រីក្រ​បំផុត​ក្នុង​ពិភពលោក ខណៈ​អំពើពុករលួយ​កំពុង​កើនឡើង​។ លោក​Poroshenko​ទំនងជា​ចង់​ក្ដោប​ក្ដាប់​អំណាច​ដោយ​ប្រើ​ល្បិចកល​គ្រប់យ៉ាង ហើយ​លោកខាងលិច​បិទ​ភ្នែក​ធ្វើ​មិនឃើញ​។  យុទ្ធនាការ​របស់លោក​Poroshenko ពឹងផ្អែក​ទាំងស្រុង​លើ​ការគាំទ្រ​ផ្នែក​យោធា​។ ពាក្យស្លោក​នៃ​យុទ្ធនាការ​របស់លោក​គឺ​កងទ័ព ភាសា និង​សាសនា​។ ដូច្នេះ​មិនមាន​អ្វី​ប្លែក​ទេ​ដែល​លោក​អាច​ប្រើប្រាស់​យោធា ដើម្បី​បង្កើន​ពិន្ទុ​នយោបាយ​៕

ព័ត៌មានផ្សេងទៀត