ជំនឿ «ទូកប្រណាំងខ្មែរ» រាប់បញ្ចូលទាំងព្រាយកាន់ ដាក់ភ្នែក សែនព្រេនជាដើម

16-11-2018 9:15 pm 3304
  ស្តាប់
ពិធីលើកទូកប្រណាំង ចុះទឹក ដើម្បីសាកកម្លាំង ស្ទង់ល្បឿន របស់ទូកឈ្មោះ សុវណ្ណមច្ឆាសង្វាមូលពេជ្រ កាលពីរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ។
ស្តាប់ជាសំឡេង

ទូកប្រណាំង ឬទូកង ក្នុងសង្គមខ្មែរតាំងពីបុរាណកាលមក ត្រូវបានដូនតាខ្មែរដាក់ជំនឿថា រាល់ទូកប្រណាំងទាំងអស់ តែងតែមានព្រាយភេទស្រីកាន់ក្បាលទូក ។ ព្រាយនេះ គឺជាអាទិទេពមួយសម្រាប់ថែរក្សាទូកផង ថែរក្សាអ្នកចំណុះទូកផង ពិសេសជួយជម្រុញឱ្យទូកមានល្បឿនលឿន ឈ្នះក្នុងការប្រកួតផងដែរ ។ ម្យ៉ាងទៀត ទូកទាំងអស់ ក៏មានបំពាក់ភ្នែកឱ្យរាល់ពេលដាក់ចុះទឹកប្រណាំងម្តងៗដែរ ក្នុងន័យនេះ គឺធ្វើឡើងដើម្បីធ្វើឱ្យទូកមានជីវិត បើកភ្នែក ជួយឱ្យទូកប្រណាំងរបស់គេទទួលបាននូវជ័យជម្នះ ក្នុងពេលប្រកួត ...

ជាទូទៅនៅក្នុងវត្តអារាម គេតែងមានរោងឈើមួយកន្លែងសម្រាប់តម្កល់ទូកប្រណាំង ដែលជាកម្មសិទ្ធិរបស់វត្ត ។ ជារៀងរាល់ឆ្នាំម្តង គេតែងលើកទូកប្រណាំងទម្លាក់ទឹក ដើម្បីប្រកួតជាមួយទូកមកពីវត្តផ្សេងៗទៀត ។

ត្រង់ចំណុចនេះ ខ្ញុំសូមលើកយកអំពីជំនឿផ្សេងៗ ដែលពាក់ព័ន្ធនឹងទូកប្រណាំងខ្មែរ ឬទូកង មកបង្ហាញ ជាគំនិតពិចារណា ជាចំណេះដឹង តាមរយៈជំនឿ និងកិច្ចប្រតិបត្តិ ទំនៀមទម្លាប់របស់ខ្មែរតាំងពីបុរាណកាលមក ដោយស្រង់ចេញពី និក្ខេបបទបញ្ចប់បរិញ្ញាប័ត្របុរាណវិទ្យា អំពីទូកប្រណាំងខ្មែរ បោះពុម្ពឆ្នាំ ១៩៩៥ ។

ការយល់ថា នៅលើទូកប្រណាំង មានព្រាយ ឬពពួកអមនុស្សកាន់ ៖

តាំងពីបុរាណកាលមកដល់បច្ចុប្បន្ន ប្រជាជនខ្មែរនៅតែជឿថា គ្រប់ទូកប្រណាំងតែងតែមានព្រាយកាន់ ឬគេហៅថា ជីនាងទូក ជាអ្នកថែរក្សា ផ្តល់សេចក្តីសុខសប្បាយដល់ប្រជាជន និងអ្នកចំណុះទូក ។ ម្យ៉ាងទៀត ជីនាងទូកក៏អាចផ្តល់នូវថាមពល ធ្វើឱ្យទូកមានល្បឿនលឿន ទទួលជ័យជម្នះនៅពេលប្រកួត ។ ក្រៅពីនេះ គេក៏មានជំនឿថា ព្រាយ អាចទាក់ទាញអារម្មណ៍មនុស្សឱ្យចូលចិត្តនឹងអ្វីមួយ ដូចជា ល្ខោន ការប្រគំភ្លេង ស្នេហ៍ ជាដើម ។

ព្រាយ ត្រូវបានគេសម្គាល់ជាពីរប្រភេទ មានព្រាយក្រមុំ និងព្រាយក្រឡាភ្លើង ដែលសំដៅដល់ស្រ្តីដែលបានប្រសូត្របុត្រស្លាប់ទាំងម្តាយ និងកូន ។

ព្រាយ ពេលខ្លះក៏មានគុណវិបត្តិម្តងម្កាលដែរ ហើយច្រើនតែធ្វើបាបទៅលើស្រ្តីភេទដូចគ្នា ។ តំណមចំពោះទូកប្រណាំង គឺ គេហាមស្រ្តីដែលមានផ្ទៃពោះ មិនឱ្យមកជិតទូកប្រណាំងទេ ព្រោះគេមានជំនឿថា បណ្តាលឱ្យមានគ្រោះថ្នាក់ផ្សេងៗ ដូចជារលូតកូន ឬអាចប៉ះពាល់ដល់អាយុជីវិតក៏មាន ។

មួយផ្សេងទៀត ទូកប្រណាំងខ្មែរ ភាគច្រើនត្រូវបានគេដាក់ឈ្មោះជាស្រី ព្រោះគេយល់ថា «ជីនាងទូក» ជាអមនុស្សស្រី ។ ឧទាហរណ៍ដូចជាឈ្មោះ ស្រីស្រាវ ស្រីស ស្រីខ្មៅ ស្រីស្រស់ ស្រីកែវឧត្តម្ភ នារីឧត្តម្ភ រស្មីនារី នារីរង្សី នារីរ័ត្នមានឫទ្ធិ ជាដើម ។

ក៏ប៉ុន្តែ ជួនកាល គេជ្រើសរើសឈ្មោះទូកប្រណាំងតាមលក្ខណៈផ្សេងទៀត ដូចជា យកតាមឈ្មោះវត្ត, ដាក់តាមឈ្មោះទូកចាស់តាំងពីបុរាណ, តាមនាមឈ្មោះវត្ថុស័ក្ដិសិទ្ធិ, ដាក់ឈ្មោះតាមអ្នកចូលរូប ឬដាក់ឈ្មោះតាមការសុបិន្តជាដើម ។

យ៉ាងណាក៏ដោយ បច្ចុប្បន្ន គេឃើញមានទូកប្រណាំងខ្លះ បានយកឈ្មោះអ្នកជួយឧបត្ថម្ភទូកមកដាក់តែម្តង ។ ការណ៍នេះ ធ្វើឡើងដើម្បីជាការអរគុណ និងដឹងគុណដល់អ្នកដែលបានផ្តល់ប្រាក់ដ៏ច្រើនមកធ្វើទូកប្រណាំង ជួនកាលគេសម្រេចយកឈ្មោះបុគ្គលនោះ ទៅដាក់ឈ្មោះទូកប្រណាំង ដោយលាយជាមួយឈ្មោះផ្សេងទៀត ដែលគេចង់បាន ។

លក្ខណៈទូកប្រណាំង ហាក់ដូចជាមានជីវិត ៖

តាមទម្លាប់របស់ប្រជារាស្រ្តទាំងឡាយ រាល់ពេលប្រណាំង គេតែងតែបំពាក់ភ្នែកឱ្យទូកប្រណាំងជានិច្ច ព្រោះគេយល់ថា ភ្នែកមានសារសំខាន់ណាស់ អាចបំភ្លឺផ្លូវឱ្យទៅរកសេចក្តីសុខសប្បាយ ។ ពិសេសគេជឿថា នៅលើទូកមានព្រាយកាន់ ហេតុដូច្នេះ បានជាមានពិធីមួយ ដើម្បីរៀបចំដង្វាយសម្រាប់ពិធីបំពាក់ភ្នែកឱ្យទូក ។ 

បន្ទាប់ពីរៀបដង្វាយសម្រាប់ពិធីបំពាក់ភ្នែកទូកហើយ ចាស់ព្រឹទ្ធាចារ្យជាច្រើន ចាប់ផ្តើមសូត្រជយន្តោ ប្រោះទឹកមន្ត ដើម្បីសូមសេចក្តីសុខពីបារមីនៃភ្នែកទូក ហើយបានយកខ្សែអំបោះឆៅទៅចងលើដៃមនុស្សទាំងឡាយ ឬទៅចងដៃអ្នកចំណុះទូក ។ ជំនឿបែបនេះ គឺដើម្បីទប់ស្កាត់នូវសត្រូវដែលប៉ុនប៉ងមកយារយី ។

តាមទម្លាប់កាលពីបុរាណកាល បើគេអុំ ឬចែវទូក ឆ្លងកាត់ក្រោមស្ពាន គេតែងតែឈប់ចត ដើម្បីដោះភ្នែកទូកចេញសិន លុះធ្វើដំណើរឆ្លងផុតហើយ ទើបគេបំពាក់ភ្នែកឱ្យទូកវិញ ជួនកាលគេបានបញ្ឈប់ការធ្វើចរាចររបស់ប្រជាជន ដែលត្រូវឆ្លងកាត់លើស្ពានមួយរយៈពេលយ៉ាងខ្លី លុះទូកឆ្លងផុតស្ពាន ទើបអនុញ្ញាតឱ្យធ្វើដំណើរជាប្រក្រតីវិញ ។ 

ការធ្វើបែបនេះ គឺជាការគោរពដល់អាទិទេពដ៏មានមហិទ្ធឫទ្ធិខ្លាំងពូកែ ដែលអាទិទេពនោះ សំដៅត្រង់ភ្នែកទូកនេះឯង ដែលអាចជួយថែរក្សា និងផ្តល់សេចក្តីសុខសប្បាយដល់ប្រជារាស្រ្តផងទាំងមូល ។ ពិសេសគេជឿថា ភ្នែកទូកនេះ បានជួយឱ្យទូកប្រណាំងរបស់គេទទួលបាននូវជ័យជម្នះ ក្នុងពេលប្រកួត ។ យ៉ាងណាក៏ដោយ បច្ចុប្បន្ន គេពុំសូវឃើញមានប្រពៃណីទំនៀមទម្លាប់ដូច្នេះទេ ។

ការរក្សាទូកនៅក្នុងរោង ៖

ក្រោយពីផុតរដូវប្រណាំងទូក គេបានលើកទូកដាក់នៅក្នុងរោង ដើម្បីការពារភ្លៀង ខ្យល់ ឬកម្តៅថ្ងៃ កុំឱ្យទូកពុកផុយបាន ។ តាមទំនៀមទម្លាប់របស់ខ្មែរកាលពីបុរាណ គេច្រើនតែសង់រោងទូកនៅទិសឦសាននៃវត្តអារាម ហើយក្បាលទូកដាក់បែរមុខទៅទិសខាងកើត កន្ទុយមកទិសខាងលិចជានិច្ច ចំណែកឯរោងទូក គឺត្រូវមានទ្វារធំមួយនៅផ្នែកក្បាលទូក ងាយស្រួលក្នុងការលើកចេញក្រៅ ឬលើកចូលក្នុងវិញ ។ មានរានទេវតាមួយ នៅជិតក្បាលទូក ដែលមានរៀបដង្វាយសម្រាប់អាទិទេពថែរក្សាទូក គេហៅថា ជីនាងទូក ។

តែនៅពេលបច្ចុប្បន្ន បានបាត់នូវទំនៀមទម្លាប់នេះខ្លះៗហើយ ព្រោះជួនកាល គេឃើញការសាងសង់រោងទូក មិននៅទិសឦសាននៃព្រះវិហារទេ ហើយនៅតាមវត្តខ្លះ គេយកទូកទៅទុកនៅក្រោមដើមឈើ ឬសង់រោងនៅជាប់នឹងមាត់ទន្លេតែម្តង ។ 

ការលើកទូកប្រណាំងចុះទឹក ៖

តាមទំនៀមទម្លាប់របស់ខ្មែរ ២ឬ៣ថ្ងៃមុនការប្រកួតមកដល់ គេតែងរៀបចំពិធីធំមួយ ដើម្បីលើកទូកដាក់ចុះទឹក ។ ជួនកាល ពិធីនេះធ្វើឡើងនៅពេលល្ងាច តែជួនកាល គេរៀបចំធ្វើនៅពេលព្រឹក អាស្រ័យទៅតាមកាលកំណត់ ។ នៅតាមតំបន់ខ្លះ គេរៀបចំដង្វាយសែនពេលល្ងាច លុះដល់ព្រឹកឡើង ទើបគេនាំគ្នាមកចូលរួមដង្ហែទូកប្រណាំងដាក់ចុះទឹក ។ ពិធីនេះ ក្រៅពីមានរៀបដង្វាយ គេក៏មានលេងភ្លេងថ្វាយផងដែរ ក្នុងនោះរួមមាន ភ្លេងខ្មែរ៣បទ ភ្លេងពិណពាទ្យ៣បទ និងឆៃយុំា៣បទ ។

បន្ទាប់ពីការប្រគំភ្លេងបញ្ចប់ ចាស់ព្រឹទ្ធាចារ្យម្នាក់ កាន់សំណុំស្លឹកចេកស្រស់មួយដុំ ដែលមានទឹកមួយផ្តិល សូត្រធម៌ រលាស់ទឹកនោះមកលើអ្នកចំណុះទូកទាំងអស់ ដែលអង្គុយជិតនោះ ដើម្បីការពារនូវគ្រោះថ្នាក់បម្រុងប៉ុនប៉ងយារយី ។

បន្ទាប់មក គាត់បានឡើងទៅលើទូក ដោយកាន់ដបទឹកអប់ ប្រោះព្រំទៅលើក្បាលទូក និងកន្សៃទូក ហើយនិយាយបួងសួងដល់អាទិទេពថែរក្សាទូក សុំសេចក្តីសុខសប្បាយដល់កូនចៅ និងសូមឱ្យប្រណាំងទទួលបានជ័យជម្នះ ។ ម្យ៉ាងទៀត គាត់ក៏បានផ្តល់ដំបូន្មានខ្លះៗដល់អ្នកចំណុះទូកទាំងឡាយ ពង្រឹងស្មារតី ខិតខំ ប្រឹងប្រែង យកចិត្តទុកដាក់ គោរពតាមបញ្ជាអ្នកបក់ក្បាលទូក ចៀសវាងប្រព្រឹត្តិប្រាសចាកពីដំបូន្មានគាត់ ។

ឯចំណុះទូកទាំងអស់ តម្រូវឱ្យអុចធូបម្នាក់៣សរសៃ និយាយសច្ចានៅចំពោះមុខពិធីរៀបដង្វាយនោះថា «បើសិនជាខ្លួនបានប្រព្រឹត្តិខុសអំពីដំបូន្មាន សូមឱ្យជីនាងទូកកាច់» បានន័យថា នឹងបណ្តាលឱ្យចុកពោះ ឬមានជំងឺដង្កាត់ផ្សេងៗកើតឡើងភ្លាម ។ ក្រោយមក គេបាននាំគ្នាចូលទៅក្នុងព្រះវិហារ ដើម្បីសូត្រធម៌ ជយន្តោ ហើយនិយាយបួងសួងដល់បារមីវត្ត ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមសេចក្តីសុខសប្បាយ កុំឱ្យមានគ្រោះថ្នាក់កើតមានដល់កូនចៅ ។

បន្ទាប់មកទៀត គេនាំគ្នាត្រឡប់មករោងទូកវិញ ដើម្បីរៀបចំសែងដង្ហែទូកចុះទឹក ពេលនោះ មានមនុស្សយ៉ាងច្រើនកុះករ ហើយមានភ្លេងឆៃយុំាលេងនៅពីមុខទូកផង ។ ខណៈនោះ ប្រធានទូកស្រែកបន្ទរបីដងថា «យក្ខអរ» មនុស្សទាំងអស់ ស្រែកឆ្លើយបន្ទរបីដងដែរថា «ហ្អេ» ។ ពួកគេក៏ចាប់ផ្តើមលើកទូកដង្ហែតែម្តង ដោយមានក្រុមឆៃយ៉ាំប្រគំនៅពីមុខក្បួន តែ ពេលនោះ គេមានតំណមមួយ គឺមិនឱ្យស្រ្តីដើរកាត់មុខពិធីដង្ហែឡើយ ។

លុះសែងដល់ទឹក អ្នកចំណុះទូកទាំងអស់ បានទៅកាន់ទីកន្លែងរៀងៗខ្លួន អ្នកនៅខាងក្បាល ពេលសង្កេតឃើញថាបានរៀបចំមានសណ្តាប់ធ្នាប់សព្វគ្រប់ គាត់ស្រែកលើកទី២ គឺស្រែក៣ដង «យក្ខអរ» ពេលនោះ អ្នកចំណុះទូកស្រែកឆ្លើយបន្ទរ៣ដងដែរ «ហ្អេ» ។ អ្នកនៅខាងក្បាលឱ្យសញ្ញា ហើយស្រែកថា យោមួយ មួយ មួយ តាមចង្វាក់ ទូកក៏បានរំកិលបន្តិចម្តងៗ ឃ្លាតចេញពីមាត់ច្រាំង ។

ក្រោយពីអុំ ឬចែវសាកល្បងស្ទង់ល្បឿនទូករួច គេយកទូកទៅទុកនៅមាត់ច្រាំង ដោយដោតឫស្សីពីរដើមយ៉ាងវែង បន្ទាប់មក គេយកទូកទៅចងភ្ជាប់ឫស្សីនៅខាងក្បាល និងភ្ជាប់ឫស្សីមួយទៀតនៅខាងកន្សៃ (កន្ទុយទូក) ។ ធ្វើដូច្នេះ ដើម្បីការពាររលកកប៉ាល់ធំៗ ខ្យល់ព្យុះ ភ្លៀង បោកបក់ទៅប៉ះនឹងច្រាំងបណ្តាលឱ្យបាក់បែក ឬខូចទ្រង់ទ្រាយ ។ ជួនកាលពេលផ្អាកអុំ ឬចែវ គេលើកទូកទៅតម្កល់នៅមាត់ច្រាំងតែម្តង លុះដល់ពេលព្រលឹមឡើង ទើបគេលើកដាក់ទឹកវិញ ។ នេះជាវិធីមួយដ៏ល្អសម្រាប់ទូកប្រណាំង ព្រោះទឹកមិនអាចជ្រាបចូលសាច់ឈើ ធ្វើឱ្យទូកធ្ងន់ ពិសេសការពាររលក ឬខ្យល់ព្យុះភ្លៀង ៕

ព័ត៌មានផ្សេងទៀត