វិមានឯករាជ្យ ទីកន្លែង​ប្រារព្ធ​ថ្ងៃ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា មាន​ប្រវត្តិ​បែបណា​?

09-11-2018 11:52 am 920
  ស្តាប់
ស្តាប់ជាសំឡេង

​នៅ​រៀងរាល់​ថ្ងៃ​ទី​៩ ខែវិច្ឆិកា កម្ពុជា​តែង​ប្រារព្ធ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ នៅ​វិមាន​ឯករាជ្យ ក្រោម​ព្រះរាជាធិបតីភាព ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ​ខ្មែរ ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​កំពូល នៃ​ស្ថាប័ន​ព្រឹទ្ធសភា រដ្ឋសភា និង​រាជរដ្ឋាភិបាល​មក​ពី​ក្រសួង​នានា​ផងដែរ ។ ត្រង់​ចំណុច​នេះ វិទ្យុ​វាយោ​សូម​លើក​បង្ហាញ​ពី​ប្រវត្តិ​នៃ​វិមានឯករាជ្យ ដែល​ដកស្រង់ និង​រៀបរាប់​ជូន​ដោយ គង់ ឧត្តម ...

​ក្រោយ​ទាមទារ​បាន​ឯករាជ្យ​ទាំងស្រុង ពី​អាណានិគម​បារាំង នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ វិមានឯករាជ្យ ក៏​ត្រូវបាន​ចាប់​កសាងឡើង និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ នៅ​ឆ្នាំ​១៩៥៨ ក្នុង​រាជ្យ​ព្រះបាទ នរោត្តម សុរាម្រិត (១៩៥៥-១៩៦០) ព្រះរាជ​បិតា ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ។​

​វិមានឯករាជ្យ សាងសង់ឡើង ដើម្បី​ជា​និមិត្តរូប​បញ្ជាក់ថា ប្រទេស​កម្ពុជា បាន​ទទួលឯករាជ្យ​ពី​ប្រទេស​បារាំង នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ និង​សម្រាប់​ជា​ស្តូប​គោរព​វិញ្ញាណក្ខន្ធ អ្នកស្លាប់ ដើម្បី​បុព្វហេតុ​ជាតិ និង​ដើម្បី​ប្រារព្ធ​នូវ​សេរីភាព និង​ឯករាជ្យ​រួច​ពី​ការគ្រប់គ្រង​របស់​បរ​ទេស ។​

​កាលដើមឡើយ វិមានឯករាជ្យ ត្រូវបាន​គេ​ហៅថា អនុស្សាវរីយ៍​វិមានឯករាជ្យ ឈរ​យ៉ាង​ខ្ពស់ត្រដែត នៅ​ទីតាំង​ស្ថិត​ចំ​កណ្តាល​រង្វង់​មូល​ចរាចរ រវាង​មហាវិថី​ព្រះ​នរោត្តម និង​រុក្ខវិថី​ព្រះសីហនុ ចំ​កណ្តាល​រាជធានី​ភ្នំពេញ ។​

​វិមានឯករាជ្យ រចនា​ប្លង់​ដោយ​ស្ថាបត្យករ​ខ្មែរ​ដ៏​ល្បីល្បាញ គឺ​លោក វណ្ណ មូលី​វណ្ណ ចំណែក​អ្នក​កសាង​វិមានឯករាជ្យ តាម​ប្លង់​របស់​លោក វណ្ណ មូលី​វណ្ណ គឺ​លោក តឹង វឿត ជា​ស្ថាបត្យករ​ដ៏​ល្បីល្បាញ​។​

​វិមាន​ឯករាជ្យ​មាន​កម្ពស់​២០​ម៉ែត្រ មាន​៥​ជាន់ ដោយ​យក​លំនាំ​តាម​រាង​ផ្កាឈូក​ក្រពុំ តាម​គំរូ​រចនាបថ​អង្គរ លម្អ​ដោយ​ក្បាល​ពស់នាគរាជ​ចំនួន​១០០ ដោយ​១​ជាន់​ចំនួន​២០ និង​១​ជ្រុង​មាន​ចំនួន​៥ រំ​លេចចេញ​យ៉ាង​ច្បាស់​នូវ​រចនាបថ របស់​ប្រាង្គ​ប្រាសាទអង្គរវត្ត ។

​ចំពោះ​ក្បាល​ពស់នាគរាជ​ចំនួន ១០០​នេះ មាន​ឯកសារ​ខ្លះ បាន​ពន្យល់ថា យក​តាម​ចំនួន​ឆ្នាំ ដែល​ប្រទេស​កម្ពុជា ស្ថិតនៅក្រោម​អាណានិគមនិយម​បារាំង ជិត​មួយ​សតវត្សរ៍ គឺ​៩០​ឆ្នាំ ចាប់ពី​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​១៨៦៣ - ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ។​

​នៅ​ចុងឆ្នាំ​២០០៧ សាលា​រាជធានី​ភ្នំពេញ បាន​ចំណាយ​ថវិកា​អស់​ប្រមាណ ៥០០​លាន​រៀល ដើម្បី​ស្ថាបនា កែលម្អ វិមានឯករាជ្យ ដោយ​ដាក់​ភ្លើងពណ៌​ចម្រុះ​បំភ្លឺ​នៅ​ពេលយប់ និង​សួន​បាញ់​ទឹក​ប្តូរ​ពណ៌​នៅ​ជុំវិញ​ខឿន​ជាដើម ។​

​នៅ​ឆ្នាំ​២០១២ រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​សម្រេច​ជួសជុល និង​កែលម្អ​ជា​លើក​ទី​២ ដោយ​ចំណាយ​ប្រាក់​អស់​៨០​ម៉ឺន​ដុល្លារ​អាមេរិក រហូតដល់​ជាង​មួយ​លាន​ដុល្លារ​អាមេរិក ដែល​ការជួសជុល​នេះ បាន​ធ្វើ​រួចរាល់​មុន​ពេល​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩ វិច្ឆិកា ២០១២ ៕

ព័ត៌មានផ្សេងទៀត