លោក​កឹម សុខា​៖ មិន​អាច​មាន​ឯករាជ្យ​ជាតិ​ពិតប្រាកដ​បានទេ បើ​យើង​បាក់បែក​គ្នា​

09-11-2018 11:48 am 412
  ស្តាប់
ស្តាប់ជាសំឡេង

​លោក កឹម សុខា អតីត​មេដឹកនាំ​គណបក្សប្រឆាំង ដែល​កំពុង​ជាប់​ឃុំ​នៅក្នុង​ផ្ទះ បាន​ផ្ញើ​សារ​តាមរយៈ​លិខិត​មួយច្បាប់ ចូលរួម​អបអរសាទរ ខួប​លើក​ទី​៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃទី​៩ វិច្ឆិកា​។​

​ខ្លឹមសារ​លិខិត ដែល​ត្រូវ​បាន​បង្ហោះ តាមរយៈ​ហ្វេ​សប៊ុក​ផ្លូវការ កាលពី​ថ្ងៃ​ទី​០៨ វិច្ឆិកា លោក​កឹម សុខា សរសេរថា លោក​សូម​សម្ដែង​នូវ​អំណរគុណ ប្រកប​ដោយ​កតញ្ញូតាធម៌​ដ៏​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​បុព្វបុរស​ខ្មែរ ដែល​បាន​ធ្វើ​ពលិកម្ម ការលះបង់ នឹង​ការតស៊ូ ដើម្បី​ទាមទារ​នូវ​ឯករាជ្យ​ជាតិ​ជូន​ជាតិ​មាតុភូមិ​។​

​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ យល់ថា ការទាមទារ និង​ការថែរក្សា​ការពារ​ឯករាជ្យ​ជាតិ​ពិតប្រាកដ​ទៅបាន គឺ​អាស្រ័យ​លើ​ការរួបរួម​ជាតិ​។ លោក​បន្ថែមថា ជា​ការពិត​ណាស់ មិន​អាច​មាន​ឯករាជ្យ​ជាតិ​ពិតប្រាកដ​បានទេ បើ​យើង​បាក់បែក​គ្នា​។

​សូមបញ្ជាក់​ថា លិខិត​លោក កឹម សុខា​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ថ្លែងថា នឹង​មិន​មាន​ការដោះលែង អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ដូច​ការលើក​ឡើង​របស់​លោក​សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​បាន​សរសេរ​ក្នុង​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​នោះឡើយ​៕

ព័ត៌មានផ្សេងទៀត