ចិន​បង្កើត​​កម្មវិធី​ថ្មី​​ជ្រើសរើស​​សិស្សសាលា​​ខ្លាំងៗ​​ចូលរៀន​​ជំនាញ​​អភិវឌ្ឍ​សព្វាវុធ​

09-11-2018 11:40 am 191
  ស្តាប់
នេះជាកម្មវិធីថ្មីដំបូងគេនៅក្នុងលោក ដែលចិនបានបង្កើត
ស្តាប់ជាសំឡេង

​វិទ្យាស្ថាន​ស្រាវជ្រាវ​មួយ​របស់​ចិន​ដែល​ស្ថិតក្រោម​ការ​ផ្ដល់ជំនួយ​ពី​រដ្ឋាភិបាល បានប្រកាស​ជ្រើសរើស​សិស្ស​វិទ្យាល័យ​ឲ្យចូល​រួម​ក្នុង​វិស័យ​បច្ចេកវិទ្យា​វៃ​ឆ្លាត ដើម្បី​អភិវឌ្ឍ​សព្វាវុធ​ដែល​គ្រប់គ្រង​ដោយ​បច្ចេកវិទ្យា​វៃឆ្លាត​សិប្បនិម្មិត​។ កម្មវិធី​ថ្មី​នេះ ជា​ជំហាន​មួយ​របស់​ចិន​ក្នុងការ​ប្រណាំងប្រជែង​ជាមួយ​អាមេរិក​។ វិទ្យាស្ថាន​បច្ចេក​វិទ្យាក្រុ​ង​ប៉េកាំង ជា​វិទ្យាស្ថាន​ដឹកនាំ​ដោយ​រដ្ឋាភិបាល បានជ្រើសរើស​ក្មេង​ជំទង់​ដែលមាន​សមត្ថភាព​ខ្លាំង​បំផុត​នៅ​ក្នុងប្រទេស ឲ្យចូល​រួម​ក្នុង​កម្មវិធី​កែច្នៃ​អាវុធ​ប្រើ​បច្ចេកវិទ្យា​វៃឆ្លាត​សិប្បនិម្មិត ក្នុង​គោលបំណង​ធ្វើឲ្យ​ប្រទេ​ស​ចិន​ក្លាយជា​ប្រទេស​កំពូល​មួយ​នៃ​សង្គ្រាម​សម័យ​ទំនើប​។​

​យោងតាម​ការបញ្ជាក់​នៅ​លើ​គេហទំព័រ​របស់​វិទ្យាស្ថាន មាន​ក្មេងប្រុស​២៧​នាក់​និង​ក្មេងស្រី​៤​នាក់ នឹងត្រូវ​ណែនាំ​ឲ្យក្លាយ​ជា​អ្នក​កែច្នៃ​អាវុធ​វ័យក្មេង​បំផុត​ក្នុង​លោក​។ សាស្ដ្រាចារ្យ​ម្នាក់​បាន​និយាយថា អ្នក​ដែល​ត្រូវបាន​ជ្រើសរើស​ទាំងអស់​នេះ គឺ​រើស​ចេញពី​បញ្ជី​ឈ្មោះ​បេក្ខជន​៥​ពាន់​នាក់ មាន​អាយុ​ក្រោម​១៨​ឆ្នាំ​និង​ជា​អ្នកស្នេហាជាតិ​។​

​ទាក់ទង​នឹង​កម្មវិធី​អភិវឌ្ឍ​អាវុធ​វិញ ក្មេង​ជំទង់​ដែល​ត្រូវបាន​ជ្រើសរើស​នឹងត្រូវ​ដឹកនាំ​ដោយ​អ្នកវិទ្យាសាស្ដ្រ​ជំនាញ បង្ហាត់បង្រៀន​ឲ្យ​ពួកគេ​ទទួលបាន​បទពិសោធន៍​ជាក់ស្ដែង និង​ត្រូវ​ធ្វើការ​ដោយផ្ទាល់​ក្នុង​មន្ទីរពិសោធន៍​។ កម្មវិធីសិក្សា​នេះ​មាន​រយៈពេល​៤​ឆ្នាំ ហើយ​ពេល​បញ្ចប់​ការសិក្សា​សិស្ស​ទាំងអស់​នឹងត្រូវ​បន្ដ​ជំនាញ​ពួកគេ រហូតដល់​ថ្នាក់​Ph.D.​បន្ថែមទៀត​។​

​វា​ហាក់ជា​រឿង​ភ្ញាក់ផ្អើល​មួយ​ដែរ ដែល​ចិន​ជា​ប្រទេស​ដំបូង​គេ​ស្នើឲ្យ​អង្គការសហប្រជាជាតិ ហាមឃាត់​រាល់​ការប្រើប្រាស់​អាវុធ​អាច​បង្ក​គ្រោះមហន្ដរាយ​ធ្ងន់ធ្ងរ ប៉ុន្ដែ​ពេលនេះ​ចិន​បែរជា​បង្កើន​ការអភិវឌ្ឍ​អាវុធ​ទំនើបៗ​ទៅវិញ​។ មន្ដ្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ កំពុង​បង្ហាញ​ការព្រួយបារម្ភ​ជាខ្លាំង​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​ចិន​។ ព្រួយបារម្ភ​ដោយសារ​នេះ​គឺជា​កម្មវិធីសិក្សា​ដំបូងបង្អស់​នៅក្នុង​ពិភពលោក ដែលមាន​ការជ្រើសរើស​ក្មេង​ជំទង់​ចូល​សិក្សា​ដោយផ្ទាល់​ជាមួយ​អ្នកជំនាញ ទាក់ទង​នឹង​ការផលិត​អាវុធ​ប្រើ​បច្ចេកវិទ្យា​វៃឆ្លាត​សិប្បនិម្មិត​៕

ព័ត៌មានផ្សេងទៀត