លោក​ហ៊ុន​សែន​ប្តេជ្ញាចិត្ត​អ្វីខ្លះ​ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​?

09-11-2018 11:22 am 1035
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុង​ឱកាស​ចូលរួម​ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ នៅ​ព្រឹក​ថ្ងៃទី​៩ ខែវិច្ឆិកា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើង​ថា ក្នុង​ស្មារតី​ដឹងគុណ​ចំពោះ​ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បានទាមទារ​ឯករាជ្យ​ជូន​ជាតិ​មាតុភូមិ រហូត​ដល់​សព្វថ្ងៃ រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា បាន​ប្តេជ្ញាចិត្ត​សម្រេច​ឱ្យបាន​នូវ​គោលដៅ​ចម្បង​ជា​យុទ្ធសាស្ត្រ​ចំនួន​៤...

​ចំណុច​ទាំង​៤ ជា​គោលដៅ​យុទ្ធសាស្ត្រ​ចម្បង​ទាំងនោះ រួមមាន ៖

១. បន្ត​កសាង​ប្រទេសជាតិ​ឱ្យ​មាន​វឌ្ឍនភាព​លើ​គ្រប់​វិស័យ មាន​សាមគ្គី​ភាពរឹងមាំ សីលធម៌​សង្គម សេរីភាព និង​យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស ដើម្បី​ជីវភាព​សម្បូរ​សប្បាយរ​បស់​ប្រជាជន និង​ភាពសុខដុមរមនា​ទាំង​ក្នុង​គ្រួសារ​សហគមន៍ និង​សង្គមជាតិ​ទាំងមូល ។

២. ការពារ​ឯករាជ្យ​ជាតិ សន្តិភាព អធិបតេយ្យ និង​បូរណភាព​ទឹកដី ការពារ​សមិទ្ធផល​សង្គម​ជាតិ​លើក​កម្ពស់​កិត្យានុភាព​សង្គមជាតិ ទប់ស្កាត់​ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា និង​ប្រឆាំង​ជាដាច់ខាត​រាល់​សកម្មភាព​ដែល​ពាក់ព័ន្ធ​នឹង​បដិវត្តន៍​ពណ៌ ឬ​ការ​ញុះញង់​ណាមួយ ដែល​បង្ក​ឱ្យមាន​អស្ថិរភាព​នយោបាយ ឬ​ចលាចល​ក្នុង​សង្គម​កម្ពុជា ។

៣. បន្ត​ដោះស្រាយ​បញ្ហា​ព្រំដែន​គោក និង​ទឹក​ជាមួយ​ប្រទេស​ជិតខាង​ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​អន្តរជាតិ និង​ជំរុញ​អនុវត្ត​យុទ្ធសាស្ត្រ​របស់​ព្រំដែន ឱ្យទៅ​ជា​ព្រំដែន​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ និង​មិន​អនុញ្ញាត​ឱ្យ​បរទេស​ប្រើប្រាស់​ទឹកដី​កម្ពុជា​ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ជិតខាង ។​

៤. ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ​រួម​មាន​ហិរញ្ញប្បទាន​ភេរវកម្ម ទប់ស្កាត់​ការជួញដូរ​មនុស្ស អាជីវកម្ម​ផ្លូវភេទ ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ និង​បន្ត​ជំរុញ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ។

​គូសបញ្ជាក់ថា នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ដល់​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ដែល​កម្ពុជា តែង​ប្រារព្ធ​ឡើង ដើម្បី​រំឭក​ពី​ការទទួលបាន​ឯករាជ្យ​ពី​អាណានិគម​បារាំង ក្រោម​ព្រះរាជ​បូជនីយកិច្ច​របស់​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ៕

ព័ត៌មានផ្សេងទៀត