អាជ្ញាធរ​កោះហៅ​ម្ចាស់​ទីតាំង​ក្លឹប​កម្សាន្ត​ចំនួន​ជាង​២០​ធ្វើ​កិច្ច​សន្សា​លុបបំបាត់​គ្រឿងញៀន​

09-11-2018 10:50 am 395
  ស្តាប់
អាជ្ញាធរចុះឃាត់ នូវទីតាំងក្លឹបកម្សាន្តមួយកន្លែង នៅខេត្តបន្ទាយមានជ័យ នាពេលកន្លងមក ។
ស្តាប់ជាសំឡេង

​អាជ្ញាធរ​ខណ្ឌ​មានជ័យ កាលពី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា បាន​កោះហៅ​ម្ចាស់​ទីតាំង​ខារ៉ាអូខេ ក្លឹប​កម្សាន្ត​សប្បាយៗ ក្លឹប​ឌី​ស្កូ និង​ម្ចាស់​ផ្ទះសំណាក់ សរុប​ជាង​២០​ទីតាំង មក​ធ្វើ​កិច្ច​សន្សា​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​លុបបំបាត់​ការប្រើប្រាស់​គ្រឿងញៀន​នៅក្នុង​ទីតាំង​របស់​ខ្លួន ។ នេះ​បើ​តាម​គេហទំព័រ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៅ​ល្ងាច​ថ្ងៃ​ដដែល ​...​

​លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ​មានជ័យ​បាន​មានប្រសាសន៍ថា អាជ្ញាធរ​បាន​កោះហៅ​អាជីវកម្ម​ខ្នាត​ធំ មក​ធ្វើ​កិច្ចសន្យា​លុបបំបាត់​គ្រឿងញៀន និង​គ្មាន​ការប្រើប្រាស់​តែម្តង​នៅក្នុង​ទីតាំង​របស់​ខ្លួន ធ្វើ​ដូចនេះ គឺ​ក្នុង​គោលបំណង​ឱ្យ​ម្ចាស់​ទីតាំង ត្រូវតែ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ និង​រាជរដ្ឋាភិបាល​ក្នុងការ​បំបាត់​ឱ្យ​អស់​គ្រឿងញៀន ។​

​លោក​បន្តថា ការកោះហៅ​នេះ គឺ​ធ្វើឡើង​ស្រប​តាម​ប្រកាស​ផ្សព្វផ្សាយ​សារាច​រណ៍​ណែនាំ​របស់​អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ដែល​បាន​ចេញ​កាលពី​ថ្ងៃ​ទី​៧ ខែតុលា ឆ្នាំ​២០១៧ ។

​លោក​អភិបាលរង​ខណ្ឌ​មានជ័យ​បន្ថែមថា ម្ចាស់​ទីតាំង​ក្លឹប​កម្សាន្ត ក្លឹប​ខារ៉ាអូខេ និង​ម្ចាស់​ផ្ទះសំណាក់​ជាង​២០​ទីតាំង​បានមក​ចូលរួម​ធ្វើ​កិច្ចសន្យា ដោយឡែក​អវត្តមាន​ម្ចាស់​ទីតាំង ចំនួន​១៤​ផ្សេងទៀត មិនបាន​ចូលរួម ។ យ៉ាងនេះក្តី អាជ្ញាធរ បាន​បង្កើត​ក្រុមការងារ ដើម្បី​យក​ក្រដាស​កិច្ចសន្យា​សហការ​នេះ ទៅដល់​ទីតាំង​របស់​គេ ដើម្បី​បំពេញ​ជា​លាយ​លក្ខ​អក្សរ ក្នុង​កិច្ចសន្យា​ផងដែរ ។​

​យ៉ាងណាម៉ិញ លោក ពេជ្រ ចំរើន តំណាង​មន្ទីរ​ទេសចរណ៍​រាជធានី​បាន​លើកឡើង​ថា ភ្ញៀវ​ទេសចរណ៍​ខ្លះ ពួកគាត់​មក​ស្រុក​ខ្មែរ ចូល​ក្លឹប​សប្បាយ គឺ​សំដៅ​ថ្នាំញៀន ហេតុដូច្នេះ ទើប​អាជ្ញាធរ​ចេញ​ច្បាប់​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ឱ្យ​អាជ្ញាធរ​រាជធានី​ខេត្ត រហូតដល់​ថ្នាក់​ក្រោម រួម​សហការ​គ្នា​លុបបំបាត់​គ្រឿងញៀន នៅ​តាម​ក្លឹប​ខារ៉ាអូខេ ក្លឹប​ឌី​ស្កូ និង​ផ្ទះសំណាក់ ។​

​ជាមួយគ្នានេះ មន្ត្រី​ដដែល​ក៏​បាន​ស្នើ​ឱ្យ​ម្ចាស់​អាជីវកម្ម​នានា ត្រូវ​ពង្រឹង រឹតបន្តឹង​បុគ្គលិក​របស់​ខ្លួន​ឱ្យបាន​តឹងរ៉ឹង ចៀសវាង​ការ​លួចលាក់​យក​ចូល​គ្រឿងញៀន​ទុក​លក់​ឱ្យ​ភ្ញៀវ ដែល​នេះ​អាច​ជា​បញ្ហា​សម្រាប់​ម្ចាស់​ទីតាំង ឬ​ថៅកែ​ក្លឹប​ផងដែរ ៕

ព័ត៌មានផ្សេងទៀត