ថ្ងៃនេះ​៦៥​ឆ្នាំមុន ជា​ថ្ងៃដែល​កម្ពុជា​ទទួលបាន​ឯករាជ្យ​ពេញលេញ​ពី​បារាំង​

09-11-2018 10:04 am 334
  ស្តាប់
ស្តាប់ជាសំឡេង

​នៅ​ព្រឹក​ថ្ងៃទី​៩ វិច្ឆិកា​នេះ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ព្រះរាជធិបតីភាព ព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហ​មុនី រួម​នឹង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ តាម​បណ្តា​ក្រសួង ស្ថាប័ន​នានា បាន​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​៦៥(៩​វិច្ឆិកា ១៩៥៣-៩​វិច្ឆិកា ២០១៨) នៅ​វិមាន​ឯករាជ្យ​។​

​ប្រទេស​កម្ពុជា តែងតែ​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នេះ ដែល​មាន​ពិធី​ប្រទាន​ភ្លើង​ទៀនជ័យ រំឭក​គុណ​អ្នក ស្នេហា​ជាតិ ដែល​បាន​ពលី​ជីវិត​ដើម្បី​ឯករាជ្យ​ពី​ពួក​អាណានិគម​បារាំង ហើយ​ពិធី​បុណ្យ​ត្រូវបានធ្វើ ឡើង​ជា​រៀង រាល់​ឆ្នាំ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា និង​បញ្ចប់​នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា ជា​កំណត់​។ ថ្ងៃ​៩ វិច្ឆិកា​នេះ រាជរដ្ឋាភិបាល​កម្ពុជា បានអនុញ្ញាត​ឲ្យ សិស្សានុសិស្ស និស្សិត កម្មករ និយោជិត និង​មន្ត្រីរាជការ បាន​ឈប់សម្រាក​ផងដែរ ដើម្បី​ចូលរួម​អបអរសាទរ​។​

​គួរបញ្ជាក់​ថា ទិវា​បុណ្យ​ឯករាជ្យ​នេះ ត្រូវបាន​ប្រារព្វ​ឡើង​ស្របគ្នា​ទៅ​នឹង​ថ្ងៃកំណើត​លើក​ទី​៦៤​នៃ​កង​យោពល​ខេមរៈភូមិន្ទ​ផងដែរ​។ នេះ​ជា​ការចងចាំ​ជានិច្ច​នូវ​ឧបការគុណ​យុទ្ធជន យុទ្ធ​នារី បុព្វបុរស​ដែល​បាន​បូជាជីវិត​ដើម្បី​ជាតិ និង​ប្រជារាស្ត្រ​។

​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា ក៏​បាន​រំលឹក​ឲ្យឃើញ​ពី​ព្រះរាជ​បេសកកម្ម​ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ​របស់ ព្រះករុណា  សម្តេចព្រះ នរោត្តម សីហនុ ព្រះបិតា​ឯករាជ្យ​ជាតិ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយពល និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត ធ្វើ​ការតស៊ូ​ក្នុង​ក្របខ័ណ្ឌ​នៃ​ព្រះរាជ​បូ​ជនី​កិច្ច​ដើម្បី​ទាមទា​ឯករាជ្យ​ដ៏​ពិតប្រាកដ​នៅ​កម្ពុជា​ឲ្យ​រួច​ចាក​ផុត​ពី​អាណានិគមនិយម​បារាំង​។​

​ឆ្នាំ​១៩៥៣ គឺជា​ឆ្នាំ​ដែល​ប្រជាជាតិ​ខ្មែរ ក្រោម​ការដឹកនាំ​ដ៏​ឈ្លៀសវៃ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម ព្រះមហាវីរក្សត្រ​ព្រះ​បរម​រតនៈ​កោដ្ឋ ទទួលបាន​ជោគជ័យ​ផ្តាច់ព្រ័ត្រ​ធ្វើឲ្យ​ប្រទេស​បារាំង​ផ្ទេរអំណាច និង​សមត្ថកិច្ច​ទាំងស្រុង​មក​ជូន​ព្រះរាជាណាចក្រ​កម្ពុជា​ទាំង​រដ្ឋបាល​ស៊ីវិល តុលាការ នគរបាល ទា​ហ៊ាន ការទូត នយោបាយ​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស​មក​អោយ​ខ្មែរ​វិញ​៕

ព័ត៌មានផ្សេងទៀត