Google​​ដាក់​រូប​​វិមានឯករាជ្យ​​កម្ពុជា​​នៅ​ទំព័រ​ដើម​​លើ​គេហទំព័រ​​ខ្លួន​​នា​ថ្ងៃបុណ្យ​​ឯករាជ្យ​ជាតិ​

09-11-2018 8:07 am 256
រូបភាពវិមានឯករាជ្យ​កម្ពុជា​នៅទំព័រដើមគេហទំព័រGoogle

​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក​Google នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បានដាក់​ផ្ទាំង​រូបភាព​វិមានឯករាជ្យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទំព័រ​ដើម​របស់ខ្លួន​តែម្ដង ដើម្បី​ជា​ការអបអរ​សម្រាប់​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ ដែល​កម្ពុជា​ទាមទារ​ឯករាជ្យ​បាន​ពី​បារាំង​វិញ ក្រោយ​ដាក់​នឹម​អាណានិគម​៩០​ឆ្នាំ​(១៨៦៣-១៩៥៣)​។ ក្រុមហ៊ុន​បាន​រចនា​ផ្ទាំង​រូបភាព​យ៉ាង​ស្រស់ស្អាត ដោយ​ក្នុង​ផ្ទាំង​រូបភាព​មាន​ដាក់​នូវ​រូប​វិមានឯករាជ្យ ហើយ​នៅ​ពីក្រោម​មាន​ពាក្យ​Google​របស់​ក្រុមហ៊ុន​។​

​សូមបញ្ជាក់ថា ពី​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ដល់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ គឺជា​ខួប​គម្រប់​៦៥​ឆ្នាំ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ ជា​ថ្ងៃ​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល បាន​នឹកឃើញ​ដល់​ស្នា​ព្រះ​ហ​ស្ថ​របស់​អតីតព្រះមហាក្សត្រ​កម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែល​ទ្រង់​បាន​ខិតខំ​ប្រឹងប្រែង​ទាមទារ​ឯករាជ្យ ពី​អាណានិគមនិយម​បារាំង ហើយ​នាំ​ឯករាជ្យភាព សន្តិភាព សម្រាប់​ប្រទេស​កម្ពុជា​។ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​តែងតែ​ប្រារព្ធ​ធ្វើជា​រៀងរាល់ឆ្នាំ​៕


ព័ត៌មានផ្សេងទៀត