លោ​កឌិត ទីណា​៖ មន្ត្រី​ក្រសួង​រ៉ែ​មាន​គម្រោង​បរិច្ចាគ​ឈាម​ឲ្យបាន​១០០០​លីត្រ​

08-11-2018 3:52 pm 483
  ស្តាប់
ស្តាប់ជាសំឡេង

​ដោយ​មើលឃើញ​ថា តម្រូវការ​ឈាម​មាន​ជាប្រចាំ និង​កំពុង​មាន​ការកើនឡើង​ខ្ពស់​នាពេល​បច្ចុប្បន្ន មន្ត្រីរាជការ​កំពុង​បម្រើ​ការងារ​នៅ​ក្រសួង​រ៉ែ និង​ថាមពល នៅ​ព្រឹក​ថ្ងៃទី​០៨ ខែ​វិច្ឆិកា​នេះ បានរួម​គ្នា​បរិច្ចាគ​ឈាម ជូន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​។ នៅក្នុង​កម្មវិធី​បរិច្ចាគ​ឈាម ថ្នាក់ដឹកនាំ​ក្រសួង​រ៉ែ បាន​ជំរុញ​ឲ្យ​មន្ត្រីរាជការ ជា​ពិសេស​អ្នក​ដែល​មិន​ធ្លាប់បាន​ផ្តល់​ឈាម​សោះ ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត ដើម្បី​ជួយសង្គ្រោះ​ជីវិត​ជន​រងគ្រោះ​ដែល​កំពុង​ត្រូវការ​ឈាម​ជា​ចាំបាច់​។​

​ពិធី​បរិច្ចាគ​ឈាម​របស់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ក្រសួង​រ៉ែ និង​ថាមពល បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា​នេះ នៅ​ទីស្តីការក្រសួង ដោយ​មាន​អ្នកចូលរួម​ផ្តល់​ឈាម​ចំនួន ៣៦​នាក់ ក្នុងនោះ ស្រី​៨​នាក់​។
​លោក ឌិ​ត ទីណា រដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ដើម្បី​អភិវឌ្ឍ​យុវជន​ក្រសួង​រ៉ែ និង​ថាមពល ដែល​បាន​ចូលរួម​សំណេះសំណាល និង​បាន​បរិច្ចាគ​ឈាម​ដោយ​ផ្ទាល់ បាន​លើកឡើង​ថា នេះ​ជា​លើក​ទី​៣​ហើយ ដែល​ក្រសួង​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម រៀបចំ​កម្មវិធី​ផ្ដល់​ឈាម​នេះ​ឡើង ដើម្បី​ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់​។

​បើ​តាម​លោក ឌិ​ត ទីណា កម្មវិធី​បរិច្ចាគ​ឈាម​របស់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ក្រសួង​រ៉ែ និង​ថាមពល នាពេលនេះ ក៏​ដើម្បី​អបអរសាទរ​ខួប​ទី​៦៥ ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ០៩​វិច្ឆិកា​ផងដែរ​។ ទន្ទឹមនឹងនេះ ក្រសួង​នឹង​បន្ត​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​ជាប្រចាំ ដោយ​គ្រោង​នឹង​ផ្តល់ឲ្យបាន​១​ពាន់​លីត្រ​ឈាម ជូន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​។​

សំឡេង

​លោ​កឌិត ទីណា បញ្ជាក់ថា ក្នុងនាម​ជា​ប្រជាពលរដ្ឋ ក៏ដូចជា​មន្ត្រីរាជការ​មាន​កាតព្វកិច្ច​ចូលរួម​ការងារ​សង្គម ដូច​ជា​ការ​ផ្តល់​ឈាម ដែល​ជា​អំពើ​មនុស្សធម៌ និង​ឆ្លើយតប​តម្រូវការ​សង្គម​យ៉ាង​ពិតប្រាកដ​។​

​ដោយឡែក សម្រាប់​យុវជន​មន្ត្រីរាជការ​នៃ​ក្រសួង​រ៉ែ ដែល​បាន​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត បាន​លើកឡើង​ថា ការបរិច្ចាគ​ឈាម​មិនបាន​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​នោះទេ ខណៈ​ដែល​ពួកគេ​ធ្លាប់បាន​ផ្តល់​ឈាម​ជាច្រើន​ដង​មក​ហើយ​។​

​សូមបញ្ជាក់​ថា តម្រូវការ​ឈាម​បាន​កើនឡើង​ប្រមាណ ២០០​ប្លោក ក្នុង​១​ថ្ងៃ សម្រាប់​ផ្តល់ឲ្យ​ទៅគ្រប់​មន្ទីរពេទ្យ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ​។ យ៉ាងណាក៏ដោយ សប្បុរសជន​ផ្តល់​ឈាម​ស្ម័គ្រចិត្ត​នៅ​មាន​ចំនួន​តិចតួច​បំផុត បើ​ធៀប​នឹង​តម្រូវការ​ប្រចាំថ្ងៃ​។ នេះ​បើ​តាម​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​៕

ព័ត៌មានផ្សេងទៀត