សម្តេច​​នរោត្តម​​សីហនុ​​«​បិតា​​ឯករាជ្យ​ជាតិ​»​​ជាទី​ពុំ​អាច​​បំភ្លេចបាន​​នៃ​កូន​​ខ្មែរ​​

08-11-2018 3:13 pm 555
  ស្តាប់
សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ។ រូបពី AFP
ស្តាប់ជាសំឡេង

​ថ្ងៃទី​៩ វិច្ឆិកា​១៩៥៣ ដល់ ៩ វិច្ឆិកា​២០១៨​នេះ គឺជា​ខួប​គម្រប់ ៦៥​ឆ្នាំ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ ជា​ទិវា​បុណ្យ​ដែល​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល បាន​នឹកឃើញ​ដល់​ស្នា​ព្រះ​ហស្ថរបស់​អតីតព្រះមហាក្សត្រ​កម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែល​ទ្រង់​បាន​ខិតខំ​ប្រឹងប្រែង ទាមទារ​ឯករាជ្យ ពី​អាណានិគមនិយម​បារាំង ហើយ​នាំ​ឯករាជ្យភាព សន្តិភាព សម្រាប់​ប្រទេស​កម្ពុជា​។ ដើម្បី​អបអរ​ទិវា​បុណ្យ​នេះ គួន សំបូរ សុំ​លើកឡើង​ពី​ប្រវត្តិ​ខ្លះ​នៃ​ការតស៊ូ​របស់​ព្រះ​អ​ង្គ​។

​សម្តេច​ព្រះបាទ នរោត្តម សីហនុ ព្រះវររាជបិតា​ទ្រង់​ប្រសូត្រ​នៅ​ថ្ងៃ​អង្គារ ១១​កើត ខែ​ក​ក្តិក ឆ្នាំច ចត្វា​ស័ក ព​.​ស​.២៤៥៦ ដែល​ត្រូវ​នឹង​ថ្ងៃទី​៣១ ខែតុលា ក្នុង​ឆ្នាំ​១៩២២​។ ព្រះអង្គ​ប្រសូត​នៅ​ព្រះបរមរាជវាំង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ព្រះបិតា​ព្រះអង្គ​ព្រះនាម ព្រះបាទ នរោត្តម សុរា​ម្រឹត រីឯ​ព្រះ​មាតា សម្តេចព្រះ​មហាក្សត្រិយានី ស៊ីសុវត្ថិ កុសុ​មៈ នារី​រដ្ឋ​។​

​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​១៩៤១ ព្រះអង្គ​បាន​ឡើង​គ្រង​រាជសម្បត្តិ​។ ក្នុងឋានៈ​ព្រះអង្គ​ជា​ព្រះមហាក្សត្រ ទ្រង់​បាន​បំពេញ​ព្រះរាជ​បូជនីយកិច្ច​ធំៗ​ជាច្រើន សម្រាប់​ជាតិ​មាតុភូមិ​កម្ពុជា​ដូចជា​៖ ជោគជ័យ​ក្នុង​ការទាមទារ​ឱ្យ​ប្រទេស​ថៃ សង​មក​ប្រទេស​កម្ពុជា​វិញ​នូវ ខេត្ត​បាត់ដំបង ខេត្តសៀមរាប ខេត្ត​កំពង់ធំ និង ខេត្ត​ស្ទឹងត្រែង ដែល​ប្រទេស​ថៃ​បាន​យកទៅ​នា​សម័យ​សង្គ្រាម​។ ព្រះអង្គ បាន​ឈ្នះក្តី​ប្រាសាទព្រះវិហារ​ជាមួយ​ប្រទេស​ថៃ នៅឯ​ទី​ក្រុងឡាអេ នៅ​ឆ្នាំ​១៩៦២ ហើយ​បានទាមទារ​ឯករាជភាព​នៃ​ប្រទេស​កម្ពុជា​ពីសារ​ណ​រដ្ឋ​បារាំង​បាន​ដោយ​ជោគជ័យ​នៅ​ឆ្នាំ​១៩៥៣​។​

​ការទាមទារ​ឯករាជ្យ​ពី​សាធារណរដ្ឋ​បារាំង​នៅពេលនោះ គឺ​មិន​ការ​បង្ហូរឈាម​នោះទេ ខណៈដែល​នៅ​ប្រទេសជិតខាង​កម្ពុជា ចម្បាំង​ជាមួយ​បារាំង ទម្រាំ​បាន​ឯករាជ្យ​។ ក្រោយ​ទទួលបាន​ឯករាជ្យ​ពី​បារាំង ក្រោម​ការដឹង​នាំ​របស់​សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​ប្រទេស​កម្ពុជា បាន​រីកចម្រើន​យ៉ាងខ្លាំង​លើ​គ្រប់​វិស័យ​រួមមាន​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និង វិស័យ​ឧស្សាហកម្ម​នានា​ជាដើម ហើយ​ត្រូវគេ​ប្រសិទ្ធ​នាម​ថា ប្រទេស​កម្ពុជា​ជា​កោះសន្តិភាព​។​

​យោងតាម​ឯកសារ​មួយចំនួន បានឱ្យដឹង​នា ស្ថានភាព​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ក្នុងសម័យ​នោះ មាន​សេចក្តីថ្លៃថ្នូរ សំបូរ​សប្បាយ ហើយ​រាជការ​គ្រប់​ឋានៈ​មាន​ប្រាក់បៀវត្សរ៍​គ្រប់គ្រាន់ សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​។​រីឯ​សេវាសាធារណៈ បាន​បម្រើ​ប្រជាពលរដ្ឋ គឺមាន​ភាព​សំបូរបែប ជាពិសេស វិស័យ​សុខាភិបាល និង វិស័យ​អប់រំ ដែល​គុណភាព​ខ្ពស់​។​

​បើទោះបីជា​ប្រទេស​កម្ពុជា​កំពុងតែ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​ប្រកបដោយ​សុខសន្តិភាព​នោះ សម្តេចព្រះ​នរោត្តម សីហនុ ត្រូវ​លោក​សេនាប្រមុខ លន់ នល់ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ព្រះអង្គ​ចេញពី​តំណែង​ជា​ព្រះប្រមុខរដ្ឋ នៅពេលដែល​ព្រះអង្គ​យាង​ចេញទៅ​បំពេញ​ព្រះ​ទស្សនកិច្ច​នៅឯ​ក្រៅប្រទេស​។​ក្រោយមក​កម្ពុជា បាន​ផ្លាស់ប្តូរ​របប​នយោបាយ ហើយ​បាន​ធ្លាក់​ចូលទៅក្នុង​សង្គ្រាម​សី​វិល​។​

​នៅ​កំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០ សម្តេចព្រះ​នរោត្តម សីហនុ ទ្រង់​ត្រូវបាន​គេ​ជ្រើសរើស​ជា​ដៃគូ​ពិភាក្សា​ដ៏​សំខាន់​មួយ​ដើម្បី​ឈានទៅរក​ការដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​។ នយោបាយ​ចរចា​បង្រួបបង្រួម​ជាតិ​ជាតិ​កម្ពុជា បាន​អូស​បណ្តា​យ​ជាច្រើន​ឆ្នាំ រហូត​បង្កើតឱ្យមាន​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស នៅ​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​១៩៩១​។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ ជំរុញ​ឱ្យ​ភាគី​វៀតណាម​ដក​កងទ័ព​ចេញពី​ប្រទេស​កម្ពុជា និង ធានា​ឯករាជ្យ អធិបតេយ្យ​កម្ពុជា​ជាថ្មី​។​

​ព្រះអង្គ​ជា​បាន​ប្រមូលផ្តុំ​ឱ្យ​អ្នកតស៊ូ និង អ្នកស្នេហាជាតិ​មាតុភូមិ​គ្រប់​និន្នាការ​នយោបាយ មក​រួបរួមគ្នា​ដើម្បី​កសាង​ប្រទេសជាតិ​ឡើងវិញ និង​បើក​ឱ្យមាន​ការបោះឆ្នោត​ជា​សកល​នៅ​ឆ្នាំ​១៩៩៣​។ ព្រះអង្គ​បាន​ដាក់រាជ្យ​វិញ​នៅ​ដើម​ខែតុលា ឆ្នាំ​២០០៤ ហើយ​ក្រោយមក​រដ្ឋសភា​នៃ​ប្រទេស​កម្ពុជា បាន​ថ្វាយ​ព្រះ​ឋានៈ​ព្រះអង្គ​ជា ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង ឯកភាព​ជាតិខ្មែរ​។

​ម្លោះ​ហើយ​បានជា នៅ​ថ្ងៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រារព្ធ​ធ្វើឡើង​យ៉ាង​មហោឡារិក ក្រោម​ព្រះរាជាធិបតីភាព​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយមាន​ពិធី​ប្រទាន​ភ្លើង​ជ័យ ពិធី​ដាក់​កម្រ​ផ្កា និង ការ​បង្ហោះ​សត្វ​ព្រាប​ពណ៌​ស រួមទាំង​ប៉េងប៉ោង​ព្រោងព្រាត​យ៉ាង​ស្រស់ស្អាត​ពេញ​អាកាស​វេហា​។ នៅ​ពេលយប់ ក៏ មាន​ការបាញ់​កាំជ្រួច​អបអរសាទរ ហើយ​ប្រជាពលរដ្ឋ សិស្ស​និស្សិត និង​មន្ត្រីរាជការ​ទាំងអស់ ត្រូវបាន​អនុញ្ញាតឱ្យ​ឈប់សម្រាក​មួយថ្ងៃ​ផងដែរ​៕


ព័ត៌មានផ្សេងទៀត