ក្រោយ​​កម្ពុជា​សន្យា​​ជប៉ុន​​ក៏​សន្យា​​នឹង​បន្ត​ជួយ​កម្ពុជា​​លើ​គ្រប់​វិស័យ​​

08-11-2018 2:45 pm 435
  ស្តាប់
ស្តាប់ជាសំឡេង

​ជប៉ុន​បាន​សន្យា​នឹង​បន្ត​ជួយ​កម្ពុជា​លើ​គ្រប់​វិស័យ ក្រោយ​កម្ពុជា សន្យា​បោះឆ្នោត​គាំទ្រ​ប្រទេស​ជប៉ុន ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិព័រណ៍​ពិភពលោក​ឆ្នាំ​២០២៥ ដែល​ការសន្យា​នេះ​ធ្វើឡើង​តាមរយៈ​លោក​ប៉ាន សូរ​ស័ក្កិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ និង​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ក្នុងជំនួប​ពិភាក្សា កាលពី​ថ្ងៃទី​៧ វិច្ឆិកា នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​។

​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម លោក​ប៉ាន សូរ​ស័ក្តិ បាន​សន្យា​បោះឆ្នោត​គាំទ្រ​ប្រទេស​ជប៉ុន ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិព័រណ៍​ពិភពលោក​ឆ្នាំ​២០២៥ នៅក្នុង​មហាសន្និបាត​លើក​ទី​១៦៤ នៃ​ការិយាល័យ​ពិព័រណ៍​អន្តរជាតិ (BIE) ដែល​គ្រោង​នឹង​រៀបចំឡើង នៅ​ទី​ក្រុងប៉ារីស នៃ​ប្រទេស​បារាំង នា​ថ្ងៃទី​២២​និង​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខ​។ លោក​ប៉ាន សូរ​ស័ក្តិ បាន​បញ្ជាក់ប្រាប់​ឯកអគ្គរាជទូត​ជប៉ុន អំពី​លទ្ធផល​នៃ​ការចូលរួម​របស់​កម្ពុ​ជា នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​នាំចូល​អន្តរជាតិ​ចិន នាទី​ក្រុង​សៀង​ហៃ និង​ជំហរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការគាំទ្រ​ទីក្រុង​អូ​សា​កា និង​ទី​ក្រុងកេន​សៃ នៃ​ប្រទេស​ជប៉ុន ធ្វើជា​ទីតាំង​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ពិភពលោក នៅក្នុង​ឆ្នាំ​២០២៥​។ 

​ជាមួយគ្នា​នោះ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​រូបនេះ ក៏​បានលើកឡើង​អំពី​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា និង​ជប៉ុន លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម និង​បាន​អរគុណ​ដល់​រាជរដ្ឋាភិបាល​ជប៉ុន ដែល​តែងតែ​ផ្តល់​ហិរញ្ញប្បទាន និង​ជំនួយឥតសំណង​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដល់​កម្ពុជា ក្នុង​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច នា​ពេលកន្លងមក​។ លោក​ប៉ាន សូរ​ស័ក្កិ ក៏​បានបញ្ជាក់​ទៅ​ឯកអគ្គរាជទូត​ជប៉ុន អំពី​ការប្តេជ្ញាចិត្ត​របស់​កម្ពុ​ជា ក្នុង​ការបន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហការ​ជាមួយ​ជប៉ុន លើ​វិស័យ​អទិភាព​សំខាន់ៗ រួមទាំង​ការគាំទ្រ​គ្នា​ទៅវិញទៅមក នៅ​គ្រប់​វេទិកា​អន្តរជាតិ​ផងដែរ​។​

​ជា​ការឆ្លើយតប លោក​ហូ​រី​នូ​ឈិ ហ៊ិ​ដេ​ហិ​សា បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​គាំទ្រ​ទីក្រុង​អូ​សា​កា និង​កេន​សៃ ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពិព័រណ៍​ពិភពលោក​ឆ្នាំ​២០២៥ ហើយ​លោក នឹង​ខិតខំ​កៀងគរ​វិនិយោគិន​ជប៉ុន ឱ្យ​ចូលមក​បណ្តាក់ទុន​កាន់តែច្រើន​ថែមទៀត​នៅ​កម្ពុជា ដើម្បី​ចូលរួម​ធ្វើ​ពិពិធ​កម្ម​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ ជាមួយ​រាជរដ្ឋាភិបាល​។ លោក​ក៏បាន​សន្យា​នឹង​បន្ត​ជួយ​ដល់​កម្ពុជា លើ​គ្រប់​វិស័យ​អទិភាព ជាពិសេស​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​ការកសាង​ធនធានមនុស្ស ដើម្បី​ទ្រទ្រង់​ដល់​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច ដោយសារ​ប្រទេស​ទាំងពីរ គឺជា​មិត្ត​ល្អ​នឹង​គ្នា ហើយ​ជានិច្ច​ជា​កាល មាន​ប្រវត្តិ​គាំទ្រ​គ្នា​ទៅវិញទៅមក​៕

ព័ត៌មានផ្សេងទៀត