អង់គ្លេស​ចង់​អភិវឌ្ឍ​វិស័យ​សំខាន់​៤ ដើម្បី​ចូលរួម​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​

08-11-2018 2:40 pm 317
  ស្តាប់
ស្តាប់ជាសំឡេង

​មន្ត្រី​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​ពាណិជ្ជកម្ម​នៃ​ចក្រភព​អង់គ្លេស លោក គ្រីស ផូក (Chris Pook) បានបង្ហាញ​ចំណាប់អារម្មណ៍ ចង់​ចូលរួម​អភិវឌ្ឍ​វិស័យ​សំខាន់ៗ​ចំនួន​៤ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក៏ដូចជា ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង់​អង់គ្លេស និង​កម្ពុជា ។ ចំណាប់​អារម្មណ៍​នេះ ត្រូវ​បាន​បង្ហាញឡើង​នៅក្នុង​ជំនួប​រវាង​លោក និង​លោក​ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម នា​ទីស្តីការក្រសួង នៅ​រសៀល​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ...

​លោក គ្រីស ផូក មន្ត្រី​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​ពាណិជ្ជកម្ម​នៃ​ចក្រភព​អង់គ្លេស ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ បានបញ្ជាក់​ថា ចក្រភព​អង់គ្លេស មានបំណង​ផ្តល់នូវ​ជំនួយ​ហិរញ្ញប្បទាន ដើម្បី​គាំទ្រ​ការអនុវត្ត​គម្រោង​សំខាន់ៗ​នៅ​កម្ពុជា ដូចជា ហេដ្ឋារចនាសម្ព័ន្ធ​, ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​, ការលើកកម្ពស់​សុខមាលភាព​សាធារណៈ និង​ការធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា ។​

​មន្ត្រី​រូប​នេះ បាន​បន្ថែមថា ក្រៅ​ពី​វិស័យ​អាទិភាព​ខាងលើ អង់គ្លេស​ក៏​មាន​បំណង​ចូលរួម​អភិវឌ្ឍ​ទីក្រុង​វ័យឆ្លាត (Smart City) នៅ​កម្ពុជា និង​នៅ​តាម​រដ្ឋ​ជា​សមាជិក​អាស៊ាន​ដែរ ខណៈ​បច្ចុប្បន្ន មាន​វិនិយោគិន​អង់គ្លេស​ជា​ច្រើន កំពុង​ស្វែងរក​ឱកាស​ពង្រីក​ធុរកិច្ច និង​វិនិយោគ​មក​កាន់​កម្ពុជា និង​តំបន់​អាស៊ាន ប៉ុន្តែ ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធានមនុស្ស ដើម្បី​គាំទ្រ​ការ​ធ្វើ​ប្រតិបត្តិការ ។​

​យ៉ាងណាម៉ិញ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បានស្នើ​អង់គ្លេស ពិចារណា​ចូលរួម​ជាមួយ​គម្រោង​ផ្លូវ និង​ខ្សែក្រវ៉ាត់ របស់​ប្រទេស​ចិន និង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ជាមួយ​កម្ពុជា ដើម្បី​ធានាបាន​នូវ​កិច្ចសហប្រតិបត្តិការ​ស៊ីជម្រៅ លើ​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ។​

​លោក​ក៏​បាន​អំពាវនាវ​ដល់​វិនិយោគិន​អង់គ្លេស ធ្វើ​ការបណ្តាក់ទុន​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ធនធានមនុស្ស ឧស្សាហកម្ម​កែច្នៃ វិទ្យាសាស្ត្រ កសិកម្ម និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ព្រោះ​វិស័យ​ទាំងនេះ គឺជា​កត្តា​អាទិភាព ដើម្បី​ទ្រទ្រង់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ។​

​គូសបញ្ជាក់ថា ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ចក្រភព​អង់គ្លេស បាន​កើនឡើង​ពី​ទឹកប្រាក់ ៧៥២​លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ​២០១៤ ដល់​ទឹកប្រាក់ ១.០១៤ លាន​ដុល្លារ​អាមេរិក នៅក្នុង​ឆ្នាំ​២០១៧ ។

​ទន្ទឹមនឹងនេះ ទឹកប្រាក់​វិនិយោគ​ពី​បរទេស (FDI) របស់​អង់គ្លេស​មក​កម្ពុជា កាលពី​ឆ្នាំ​២០១៧ មាន​ចំនួន​៥៥​លាន​ដុល្លារ​អាមេរិក ដែល​ធ្វើឱ្យ​អង់គ្លេស​ស្ថិត​នៅ​តែ​ជា​ប្រទេស​មួយ​ក្នុងចំណោម​ប្រទេស​ចំនួន​១០ ដែល​បាន​វិនិយោគ​ច្រើន​ជាង​គេ​នៅ​កម្ពុជា ៕

ព័ត៌មានផ្សេងទៀត