លោក កឹម សុខា​៖​​ការការពារ​​ឯករាជ្យ​ជាតិ​​ពិតប្រាកដ​​អាស្រ័យ​​លើ​ការ​រួបរួម​​ជាតិ​​

08-11-2018 2:04 pm 1124

​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​គេហដ្ឋាន​របស់លោក​បាន​លើកឡើងថា​៖ «​ការទាមទារ និង ការថែរក្សា​ការពារ​ឯករាជ្យ​ជាតិ​ពិតប្រាកដ​ទៅបាន គឺ​អាស្រ័យ​លើ​ការរួបរួម​ជាតិ​។ ហើយ​ជាការ​ពិតណាស់ មិនអាច​មាន​ឯករាជ្យ​ជាតិ​ពិតប្រាកដ​ទេ បើ​យើង​បែកបាក់​គ្នា​»​។ នេះ​បើតាម​សារ​អបអរសាទរ​ខួប​លើក​ទី ៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ០៩ វិច្ឆិកា របស់លោក កឹម សុខា ចុះ​ថ្ងៃទី ០៨ វិច្ឆិកា នេះ​។​

​ការលើកឡើង​ដូច្នេះ ធ្វើឡើង​តែ​មួយថ្ងៃ​ប៉ុណ្ណោះ មុនពេល​ដែល​កម្ពុជា​ប្រារព្ធ​ខួប​លើក​ទី​៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ០៩ វិច្ឆិកា​។​ក្នុង​ឱ្យ​កាស​បុណ្យ​ឯករាជ្យ​ជាតិ ខួប​លើក​ទី​៦៥​នេះ លោក​ក៏បាន​សម្តែង​នូវ​អំណរគុណ​ចំពោះ​បុព្វបុរស​ខ្មែរ​ដែល​បានធ្វើ​ពលិកម្ម ការលៈ និង ការតស៊ូ ដើម្បី​ទាមទារ​នូវ​ឯករាជ្យ​ជូន​ជាតិ​មាតុភូមិ​ខ្មែរ​ផងដែរ​។​

​សូម​ជម្រាបជូន​ថា ថ្ងៃទី​៩ វិច្ឆិកា​១៩៥៣-៩ វិច្ឆិកា​២០១៨​នេះ គឺជា​ខួប​គម្រប់ ៦៥ ឆ្នាំ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ព្រះរាជ​បូនីយកិច្ច​របស់​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​។​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​ខួប​លើក​ទី​៦៥​នេះ រដ្ឋាភិបាល​កម្ពុជា​គ្រោង​រៀបចំ​យ៉ាង​អធិកអធម ជាង​បណ្តា​ឆ្នាំមុនៗ ហើយ​រំពឹងថា អាច​នឹងមាន​អ្នកចូលរួម​ជាង​២​ម៉ឺន​នាក់​៕

ព័ត៌មានផ្សេងទៀត