ក្រុមហ៊ុន​​ប៊ូ​អ៊ីង​​នឹង​ជូនដំណឹង​​ឲ្យ​ប្រុងប្រយ័ត្ន​​ចំពោះ​​ការប្រើប្រាស់​​យន្ដហោះ​​ប៊ូ​អ៊ីង​​ស៊េរី​ថ្មី​

08-11-2018 10:39 am 768
  ស្តាប់
រូបភាពយន្ដហោះស៊េរីប៊ូ​អ៊ីង 737 MAX
ស្តាប់ជាសំឡេង

​បន្ទាប់ពី​ហេតុការណ៍​ធ្លាក់​យន្ដហោះ​ដឹក​អ្នកដំណើរ ប៊ូ​អ៊ីង 737 MAX 8​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ក្រុមហ៊ុន​ប៊ូ​អ៊ីង​កំពុង​រៀបចំ​ការប្រកាស​អាសន្ន​មួយ​ដល់​ក្រុមហ៊ុន​នានា ដែល​ទិញ​យន្ដហោះ​សេរី​ថ្មី​របស់ខ្លួន​យកទៅ​ប្រើប្រាស់​សម្រាប់​ដឹកជញ្ជូន​។ ក្រុមហ៊ុន​ប៊ូ​អ៊ីង​នឹង​ប្រកាសអាសន្ន​ទាក់ទង​នឹង​បញ្ហា​ដែល​យន្ដហោះ​អាច​ធ្លាក់ចុះ​យ៉ាង​ឆាប់រហ័ស​ខណៈ​កំពុង​ហោះហើរ​។ ភ្នាក់ងារ​ព័ត៌មាន​របស់​ក្រុមហ៊ុន​ប៊ូ​អ៊ីង​នឹង​ប្រកាសថា ដោយសារតែ​បញ្ហា​បច្ចេកទេស​លើ​ប្រព័ន្ធ​ត្រួតពិនិត្យ​តាម​ជើងហោះហើរ​របស់​យន្ដហោះ អាច​នឹង​បណ្ដាលឲ្យ​យន្ដហោះ​ធ្លាក់ចុះ​ភ្លាមៗ​ដោយ​ចៃដន្យ​។

​យោងទៅតាម​របាយការណ៍ ការប្រកាស​ព្រមាន​របស់​ក្រុមហ៊ុន​ប៊ូ​អ៊ីង​ដូច្នេះ ផ្អែកលើ​ការស៊ើបអង្កេត​យន្ដហោះ​ប៊ូ​អ៊ីង​737 MAX 8 ជើងហោះហើរ​JT610​របស់​ក្រុមហ៊ុន​Lion Air​ឥណ្ឌូនេស៊ី ដែល​ទើប​ធ្លាក់​ក្នុង​សមុទ្រ​ជ្វា​កាលពី​ថ្ងៃទី​២៩​តុលា សម្លាប់​មនុស្ស​ទាំង​១៨៩​នាក់​នៅលើ​យន្ដហោះ​។ ទិន្ឋន័យ​ទទួលបាន​ពី​ការស៊ើបអង្កេត​លើ​យន្ដ​ហោះ​នេះ បង្ហាញថា​វា​មាន​បញ្ហា​ជាមួយនឹង​ការបញ្ជាក់​ល្បឿន​ហោះហើរ ក្នុងពេល​ហោះហើរ​បួន​ជើង​ចុងក្រោយ​។

​យន្ដហោះ​ប្រភេទ​ប៊ូ​អ៊ីង​737 MAX គឺជា​យន្ដហោះ​ទើប​ផលិត​ថ្មី​និង​ទំនើប​បំផុត​របស់​ក្រុមហ៊ុន​ប៊ូ​អ៊ីង ក៏ដូចជា​លក់ដាច់​បំផុត​ផងដែរ​។ យន្ដហោះ​នេះ​មាន​តម្រូវការ​ខ្ពស់ និង​មានកេរ្ដិ៍ឈ្មោះ​ល្អជា​យន្ដហោះ​ដឹកជញ្ជូន​មាន​សុវត្ថិភាព​អាច​ទុកចិត្ដបាន​។ ប៉ុន្ដែ​យ៉ាងណាក៏ដោយ​ក្រោយ​ជួប​បញ្ហា​លើ​យន្ដហោះ​ប៊ូ​អ៊ីង​737 MAX 8​របស់​ក្រុមហ៊ុន​Lion Air ក្រុមហ៊ុន​ប៊ូ​អ៊ីង​នឹង​ផ្ដល់ដំណឹង​ទៅ​ក្រុមហ៊ុន​អាកាសចរណ៍ ដែល​កំពុង​ចរាចរ​យន្ដហោះ​ប៊ូ​អ៊ីង​ប្រភេទ​ថ្មី ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ហើយ​ត្រូវ​ត្រួតពិនិត្យ​ឲ្យបាន​ហ្មត់ចត់​មុន​ហោះហើរ​។​

​គួរ​ជម្រាបជូន​ថា ពេលនេះ​ក្រុម​ជួយសង្គ្រោះ​ឥណ្ឌូនេស៊ី កំពុង​បន្ដ​ស្វែងរក​សាកសព​មនុស្ស​បាត់​ខ្លួន ក្រោយ​ធ្លាក់​យន្ដហោះ​ប៊ូ​អ៊ីង​737 MAX 8​។ ក្រៅពី​រកឃើញ​សាកសព​ខ្លះ ក្រុម​ស្វែងរក​ក៏​រកឃើញ​បំណែក​យន្ដហោះ និង​ប្រអប់​ខ្មៅ​យន្ដហោះ​មួយ​ផងដែរ​។ ចំពោះ​លទ្ធផល​បឋម​នៃ​ការស៊ើបអង្កេត រំពឹង​អាច​នឹង​ប្រកាស​ជា​សាធារណៈ​នៅ​ចុងខែ​វិច្ឆិកា​នេះ​៕

ព័ត៌មានផ្សេងទៀត