នគរបាល​ចាប់បាន​សាច់​គ្រួច​ខុសច្បាប់​ជាង​២​តោន​កន្លះ នាំចូល​ពី​វៀតណាម​

08-11-2018 10:35 am 337

​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​អគ្គស្នងការ​នគរបាល​ជាតិ សហការ​ជាមួយ​មន្ត្រី​កាំកុងត្រូល បាន​សហការ​រឹបអូស និង​ដុត​កម្ទេច​ចោល​នូវ សាច់សត្វ​គ្រួច​ខុសច្បាប់​ដែល​នាំចូល​មកពី​ប្រទេស​វៀតណាម​លក់​នៅ​កម្ពុជា ប្រមាណ​ជាង​២​តោន​កន្លះ កាលពី​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ។ នេះ​បើ​តាម​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ។​

​យោងតាម​របាយការណ៍​បានឱ្យដឹងថា សាច់សត្វ​គ្រួច​ខុស​ច្បាប់​អនុញ្ញាត​ទាំងនោះ ត្រូវបាន​ដឹក​ចូល​មក​តាម​រយៈ​រថយន្ត​កូរ៉េ​១​គ្រឿង ម៉ាក HYUNDIA ពាក់​ស្លាក​លេខ 3E-5868 ។

​សមត្ថកិច្ច​បាន​ឃាត់​បាន​រថយន្ត​នោះ នៅត្រង់​ចំណុច​ផ្លូវ​ជា​សុផារ៉ា សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៥:២០​នាទី​ទៀបភ្លឺ ថ្ងៃទី​៦ ខែវិច្ឆិកា ។​

​វត្ថុតាង​ទាំងអស់​ខាងលើ ព្រះរាជអាជ្ញារង​ខាំ សុ​ផា​រី បាន​សម្រេច​ដក​ហូត រក្សាទុក​ជា​បណ្តោះអាសន្ន និង​យក​សាច់សត្វ​គ្រួច​ទាំងនោះ ទៅ​ដុត​បំផ្លាញចោល​នៅ​ទីលាន​ចាក់សំរាម​បឹង​ជើងឯក និង​បាន​នាំខ្លួន​អ្នកបើកបរ​រថយន្ត​ចំនួន​១​នាក់ ទៅ​នាយកដ្ឋាន ដើម្បី​បន្ត​នីតិវិធី ៕

ព័ត៌មានផ្សេងទៀត