លោក​ស ខេង លើកឡើង​អ្វីខ្លះ​ក្នុង​ជំនួប​ជាមួយ​លោកស្រី​រ៉ូ​ណា​ស្មី​ត​?

08-11-2018 10:07 am 701
  ស្តាប់
ស្តាប់ជាសំឡេង

​ក្នុង​ជំនួប​រវាង​លោក ស ខេង រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា បាន​ពិភាក្សា​លើ​ការងារ​ចំនួន​៣​ចំណុច​សំខាន់ ប៉ុន្តែ មិន​បាន​និយាយ​រឿង លោក​កឹម សុខា អតីត​ប្រធាន អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ។ នេះ​បើ​តាម​លោក ផាត សុ​ផានិត អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ ថ្លែង​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​បញ្ចប់...

​ចំណុច​ទាំង​បី​នោះ រួមមាន ៖ ទី​១. ពាក់ព័ន្ធ​នឹង​ការអនុវត្ត​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​២០១៦ និង​អង្គការ​សង្គម​ស៊ីវិល​, ទី​២. ពាក់ព័ន្ធ​នឹង​បញ្ហា​គណនីយភាព និង​ទី​៣. ពាក់ព័ន្ធ​នឹង​រឿង​ចង្អៀត​ណែន ក្នុង​ពន្ធនាគារ ។​

​ចំណុច​ទី​១. លោក ស ខេង បាន​ប្រាប់​លោក​ស្រី រ៉ូ​ណា ស្មី​ត​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ ក៏ដូចជា​ផ្សារភ្ជាប់​ភាព​ជា​ដៃគូ និង​ការធ្វើការ​ជាមួយ​គ្នា​ដើម្បី​សង្គម គឺ​រាជរដ្ឋាភិបាល បាន​បង្កើត​ក្រុមការងារ​មួយ ដើម្បី​ដោះស្រាយ​ការងារ​ផ្សេងៗ ដែល​ជា​ក្តីបារម្ភ ឬ​ជា​មតិ​លើកឡើង របស់​សង្គម​ស៊ីវិល ពាក់ព័ន្ធ​ការអនុវត្ត​សកម្មភាព​របស់​ពួកគាត់ ហើយ​នៅពេល​មាន​បញ្ហា​អ្វី អាច​ដាក់​ជា​សំណួរ និង​មតិ​ផ្សេងៗ ។​

​ចំណុច​ទី​២. លោក ស ខេង បានបញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​មហាផ្ទៃ​ជា​សេនាធិការ បាន​ខិតខំ​យកចិត្តទុកដាក់ ដើម្បី​លុបបំបាត់​នូវ​ចំណុច​អសកម្ម​ផ្សេងៗ ដែល​កម្ពុជា ខិតខំ​បង្កើត​ឱ្យមាន​យន្តការ​ច្រកចេញចូល​តែ​មួយ​នៅ​គ្រប់​រាជធានី​-​ខេត្ត ខណៈ​ដែល​ទិសដៅ​ធ្វើ​ឱ្យបាន​គ្រប់​ស្រុក ដើម្បី​ផ្តល់​សេវា​ឱ្យ​កាន់តែ​ជិត​ជាមួយ​ប្រជា​ពលរដ្ឋ​កាន់តែ​ឆាប់រហ័ស និង​មាន​តម្លាភាព ។​

​លោក ស ខេង បាន​សង្កត់ធ្ងន់ថា ការិយាល័យ​ច្រក​ចេញចូល​តែ​មួយ​នេះ ក៏​មាន​កន្លែង​ទទួល​ពាក្យបណ្តឹង​ប្រជាពលរដ្ឋ​ដើម្បី​ដោះស្រាយ អ្វី​ដែល​ជា​ចំណុច​អសកម្ម​នៅក្នុង​ការផ្តល់​សេវា ជូន​ប្រជាពលរដ្ឋ​នៅ​ថ្នាក់​មូលដ្ឋាន ។​

​និង​ចំណុច​ទី​៣. លោក ស ខេង បាន​ប្រាប់ថា សមត្ថកិច្ច​ចៀស​មិន​ផុត​ទេ អំពី​ការឃាត់ខ្លួន និង​ឃុំខ្លួន​ជនសង្ស័យ ដែល​នាំ​ឱ្យ​ជា​បញ្ហា​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ។ តែ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រាជរដ្ឋាភិបាល​និង​ក្រសួងមហាផ្ទៃ គឺ​បាន​ខិតខំ និង​កំពុង​សាងសង់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ពន្ធនាគារ​បន្ថែម នៅតាម​ខេត្ត ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​រំលែក ពន្ធនាគារ​នៅ​ភ្នំពេញ ក៏ដូចជា នៅ​ពន្ធនាគា​រណា​ដែល​មាន​ភាព​ចង្អៀត​ខ្លាំង ។​

​លោក ស ខេង ក៏​មាន​បំណង់​ចង់ឱ្យ​មាន​កិច្ចប្រជុំ​មួយ ដើម្បី​ធ្វើការ​រួមគ្នា​ដោះស្រាយ​បញ្ហា​ការឃុំខ្លួន មុន​កាត់សេចក្តី នៃ​អ្នក​ជាប់​ឃុំ​មួយចំនួន ខណៈ​ចំនួន​អ្នក​ឃុំខ្លួន​មុន​កាត់សេចក្តី​នេះ ក៏​ជា​ផ្នែក​មួយ​ដែល​ធ្វើឱ្យ​មាន​ការ​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ដែរ ។​

​ជា​ការឆ្លើយតប លោកស្រី រ៉ូ​ណា ស្មី​ត បាន​សម្តែង​នូវ​ការរីករាយ ចំពោះ​គំនិត​ផ្តួចផ្តើម​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការបង្កើន​ឱ្យមាន​ការផ្សារភ្ជាប់​ភាពជា​ដៃគូ​ជាមួយ​អង្គការ សង្គម​ស៊ីវិល និង​អង្គការក្រៅរដ្ឋាភិបាល តាមរយៈ​ការបង្កើត​នូវ​វេទិកា ។

​លោកស្រី ក៏​បាន​សម្តែង​នូវ​ការអបអរសាទរ​ផងដែរ ហើយក៏​បាន​លើកទឹកចិត្ត​ឱ្យ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួង​មហាផ្ទៃ បន្ត​ខិតខំ​ធ្វើយ៉ាងណា ពង្រឹង​បន្ថែម បង្កើត​បន្ថែម​នូវ​ការិយាល័យ​ច្រក​ចេញចូល​តែមួយ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ងាយស្រួល និង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ប្រជាពលរដ្ឋ ។​

​ជាមួយគ្នានេះ លោកស្រី ក៏​បាន​គាំទ្រ​ចំពោះ​អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​នា​ពេលកន្លងមក ពាក់ព័ន្ធ​នឹង​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ពន្ធនាគារ ហើយ​លោក​ស្រី​បញ្ជាក់ថា ប្រសិនបើ​មាន​កិច្ចប្រជុំ​រវាង​ក្រសួងមហាផ្ទៃ ឬ​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើយ៉ាងណា ខិតខំ​ដោះស្រាយ​ពន្លឿន​ការ​កាត់សេចក្តី ក៏ដូចជា​ដោះស្រាយ​ចំពោះ​អ្នក​ឃុំខ្លួន រង់ចាំ​ការ​កាត់សេចក្តី​នេះ​បាន​ជា​កត្តា​មួយ​ល្អ ៕

ព័ត៌មានផ្សេងទៀត