លោក​អ៊ិត​សំហេង​ស្នើ​អ្នកពាក់ព័ន្ធ​ជួយ​រៀបចំ​ផ្ទះ​ស្នាក់​បណ្តោះអាសន្ន​សម្រាប់​ព​លករ​ទៅ​ថៃ​

08-11-2018 9:14 am 371
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​មួយ រវាង​សមាគម​ចំនួន​បី កាលពី​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ។ ជាមួយគ្នានេះ លោក​ក៏​បាន​ស្នើ​ដល់​សមាគម​ទាំងបី បង្កើន​ការសហការ​គ្នា ធ្វើ​យ៉ាងណា​ផ្តល់​នូវ​ការការពារ​សុវត្ថិភាព សុខមាលភាព​សង្គម ដល់​ពលករ​កម្ពុជា...

​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ស្នើ​ឱ្យ​សមាគម​ពាក់ព័ន្ធ​នានា ដែល​ធ្វើ​ការងា​រលើ​ការបញ្ជូន និង​ទទួល​ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ជួយ​រៀបចំផ្ទះ​ស្នាក់នៅ​បណ្តោះអាសន្ន សម្រាប់​ពលករ​កម្ពុជា នៅតាម​តំបន់​សំខាន់ៗ ដែល​អាច​ពួកគេ​អាច​ស្នាក់នៅ​បណ្តោះអាសន្ន ក្នុង​អំឡុង​ពេល​ប្តូរ ការងារ ឬ​រង់ចាំ​ការដោះស្រាយ​វិវាទ​ជា​មួយ​និយោជក ។​

​ការលើក​ឡើង​ជា​សំណើ​នេះ ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​លោក​រដ្ឋមន្ត្រី អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​ការពា​រ និង​គ្រប់គ្រង​ពលករ​កម្ពុជា​ធ្វើការ​នៅ​ប្រទេស​ថៃ រវាង​សមាគម​ទីភ្នាក់ងារ​ហត្ថ​ពលកម្ម​កម្ពុជា​, សមាគម​ជ្រើសរើស​ពលករ​កម្ពុជា និង​សមាគម​ទំនាក់ទំនង​កម្ពុជា​-​ថៃ នៅ​សណ្ឋាគារដឹ​ក្រេដ​ឌូ​ក រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ។​

​យ៉ាងណាម៉ិញ ពាក់ព័ន្ធ​នឹង​ការចុះហត្ថលេខា លើ​អនុស្សរណៈ​ខាងលើ លោក អ៊ិត សំហេង បាន​លើកឡើង​ថា មុន​ឈានដល់​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ គឺ​សមាគម​ទីភ្នាក់ងារ​ហត្ថ​ពលកម្ម​កម្ពុជា (MAC), សមាគម​ជ្រើសរើស​ពលករ​កម្ពុជា (ACRA) និង​សមាគម​ទំនាក់ទំនង​កម្ពុជា​-​ថៃ (TCRA) បាន​ខិតខំ​សហការគ្នា ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ។​

​លោក​បន្តថា អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ គឺជា​វឌ្ឍនភាព និង​យន្តការ​បន្ថែម​ថ្មី​មួយទៀត ក្នុង​ការការពារ​ដល់​ពលករ​កម្ពុជា ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​បន្ថែម​លើ​កិច្ច​ការពារ​ដែល​មាន​នាពេល​បច្ចុប្បន្ន ព្រមទាំង​ចូលរួម​ចំណែក​ពី​ប្រទេស​ថៃ ឱ្យមាន​ភាព​កាន់តែ​ប្រសើរ​ឡើង​ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់ ។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី​ក៏​បាន​ស្នើ​ដល់​សមាគម​ទាំងបី បង្កើន​ការសហការ​គ្នា ធ្វើ​យ៉ាងណា​ផ្តល់​នូវ​ការការពារ​សុវត្ថិភាព សុខមាលភាព​សង្គម ដល់​ពលករ​កម្ពុជា ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ ឱ្យបាន​ជា​អតិបរមា និង​គាំទ្រ​នូវ​គម្រោង​របស់​សមាគម​ទាំងបី ដែល​នឹង​រៀបចំ​ផ្តល់​ជូន​សេវាកម្ម​ធានារ៉ាប់រង​ដល់​ពលករ​កម្ពុជា លើ​ការធានា​គ្រោះថ្នាក់​ការងារ និង​អាយុជីវិត ដែល​ស្រប​តាម​អនុសាសន៍​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផង​ដែរ ៕

ព័ត៌មានផ្សេងទៀត