លោក​ដូណាល់ ត្រាំ​​បណ្ដេញ​​អគ្គ​រដ្ឋអាជ្ញា​​អាមេរិក​​ចេញពី​តំណែង​

08-11-2018 9:14 am 526
  ស្តាប់
អគ្គ​រដ្ឋអាជ្ញា​លោក​ជេ​ហ្វ សេ​សសិន​(Jeff Sessions)​
ស្តាប់ជាសំឡេង

​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​កាលពី​ថ្ងៃ​ពុធ បាន​បណ្ដេញ​អគ្គ​រដ្ឋអាជ្ញា​លោក​ជេ​ហ្វ សេ​សសិន​(Jeff Sessions)​ចេញពី​តំណែង​។ ការបណ្ដេញចេញ​ពី​តំណែង​នេះ ធ្វើឡើង​ក្រោយ​លោក​ជេ​ហ្វ សេស​សិន​រង​ការរិះគន់​ពី​លោក​ដូណាល់ ត្រាំ​ជាង​មួយឆ្នាំ រឿង​ដើរ​ចេញពី​ករណី​ស៊ើបអង្កេត​ថា​រុស្ស៊ី​មាន​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​នៅ​អាមេរិក​ក្នុង​ឆ្នាំ​២០១៦​ឬក៏​អត់​។ លោក​ដូណាល់ ត្រាំ​រំពឹងថា​លោក​សេ​សសិន​អាច​ជួយសង្គ្រោះ​លោក​ពី​ការចោទប្រកាន់​នេះ ប៉ុន្ដែ​គ្រប់យ៉ាង​បានធ្វើឲ្យ​លោក​ខកចិត្ដ​យ៉ាងខ្លាំង ហើយ​លោក​សេ​សសិន​បែរជា​សហការ​ជាមួយ​ប្រធាន​ក្រុមប្រឹក្សា​ពិសេស​លោក​រ៉ូបឺត មូល័រ​(Robert Mueller) ដែល​កំពុង​ស្វែងរក​ភស្ដុតាង​ចោទប្រកាន់​លោក​ទៅវិញ​។​

​លោក​ត្រាំ​ក៏បាន​ប្រកាស​ជា​សាធារណៈ​ថា លោក​សេ​សសិន​មិនបាន​ចាត់វិធានការ​តឹងរ៉ឹង​ប្រឆាំង​ជនអន្ដោប្រវេសន៍​ខុសច្បាប់​ទេ​។ បញ្ហា​ជនអន្ដោប្រវេសន៍​ខុសច្បាប់ គឺជា​បញ្ហា​ធំ​មួយដែ​លោកត្រាំ​កំពុង​ព្យាយាម​ដោះស្រាយ ដោយ​លោក​ចង់​ទប់ស្កាត់​មិន​ឲ្យមាន​ជនអន្ដោប្រវេស​ន៍​ខុសច្បាប់​ក្នុង​ទឹកដី​អាមេរិក​ឡើយ​។ លោក​ដូណាល់ ត្រាំ​ថ្មីៗ​នេះ​ក៏បាន​បញ្ជា​ឲ្យ​បញ្ជូន​កងទ័ព​រាប់ពាន់​នាក់ ទៅ​តំបន់​ព្រំដែន​ជាមួយ​ម៉ិក​ស៊ិក ដើម្បី​ទប់ស្កាត់​ជនអន្ដោប្រវេសន៍​រាប់ពាន់នាក់ កំពុង​សម្រុក​មកកាន់​តំបន់​ព្រំដែន​ក្នុង​គោលបំណង​ឆ្លង​ចូល​ទឹកដី​អាមេរិក​។​

​តាមរយៈ​សារ​នៅលើ​ប្រព័ន្ធ​ធ្វី​ត​ទ័​រលោក​ត្រាំ​បាន​និយាយថា លោក​សូម​អរគុណ​ដល់​លោក​សេ​សសិន សម្រាប់​ការបំពេញ​ការងារ​កន្ល​ង​មក និង​បាន​ជូនពរឲ្យ​លោក​សេស​សិន​ជួប​សំណាងល្អ​។ ចំពោះ​តំណែង​អគ្គ​រដ្ឋអាជ្ញា​នឹងត្រូវ​ជ្រើសរើស​នាពេល​ក្រោយ ប៉ុន្ដែ​ពេលនេះ​លោក​ម៉ា​ធូ វីថេក​ឃ័​រ​(Matthew Whitaker)​នឹង​ធ្វើជា​អគ្គ​រដ្ឋអាជ្ញា​ស្ដីទី​សិន​។ ឆ្លើយតប​នឹង​ការប្រកាស​របស់លោក​ត្រាំ លោក​សេ​សសិន​វិញ​បាន​និយាយថា លោក​នឹងដាក់​លិខិត​សុំ​ចុះ​ចេញពី​តំណែង តាម​ការស្នើសុំ​របស់លោក​ប្រធានាធិបតី ហើយ​លោក​ក៏​អរគុណ​ដល់​លោក​ដូណាល់ ត្រាំ ចំពោះ​ការតែងតាំង​លោក​កន្លងមក​។​

​សូមបញ្ជាក់ថា លោក​ជេ​ហ្វ សេស​សិន​មាន​អាយុ​៧១​ឆ្នាំ ត្រូវបានតែងតាំង​ជា​អគ្គ​រដ្ឋអាជ្ញា​អាមេរិក កាលពី​ថ្ងៃទី​០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៧​។ លោក​ក៏​ជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​មួយរូប​ផងដែរ ពី​ឆ្នាំ​១៩៩៧-២០១៧​។ លោក​គឺជា​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទីមួយ ដែល​គាំទ្រ​លោក​ត្រាំ​ជា​ប្រធានាធិបតី​ក្នុង​ការបោះឆ្នោត​ឆ្នាំ​២០១៦៕

ព័ត៌មានផ្សេងទៀត